ព័ត៌មានជាតិ
សម្តេច ស ខេង បញ្ជាក់បន្ថែមពីការដកតួនាទីអធិការស្រុកកំរៀង
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអះអាងថា ការដកតួនាទី និងបញ្ចប់អធិការស្រុកកំរៀងខេត្តបាត់ដំបងចេញពីក្របខណ្ឌនគរបាល គឺដោយសារតែអតីតអធិការនគរបាលរូបនេះធ្វើអ្វីមិនគោរពទៅតាមឋានានុក្រម វិជ្ជាជីវៈ និងប្រើសិទ្ធិអំណាចតាមតែចិត្តខ្លួនឯង។

ថ្លែងនៅក្នុងពិធីប្រគល់រថយន្តចំនួន៥០គ្រឿងជូនដល់ស្នងការនគរបាលខេត្តចំនួន១៩ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ “ករណីអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានបទពិសោធន៍មិនល្អ ប្រៀបបានជាកញ្ចក់សម្រាប់ថ្នាក់ដឹកនាំនគរបាលផ្សេងទៀត ដើម្បីបញ្ចៀសកំហុសឆ្គងក្នុងវិជ្ជាជីវៈ ជាហេតុនាំឱ្យទទួលការពិន័យ ឬទណ្ឌកម្ម ដកសក្ដិ និងបណ្ដេញចេញជាដើម”។
សម្តេចក្រឡាហោមបានណែនាំដល់មន្រ្តីនគរបាលទាំងអស់ មិនត្រូវធ្វើអ្វីដោយមិនមានការសម្រេចពីថ្នាក់លើនោះឡើយ។ សម្ដេចបន្តថា ការគោរពនូវវិជ្ជាជីវៈរបស់ខ្លួនគឺជាការចាំបាច់បំផុត ខណៈការកែទម្រង់ក្នុងជួរកងកម្លាំងនគរបាលនៅតែបន្ត ដើម្បីឲ្យស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដាំផ្ញើដល់មន្រ្តីនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវមានការទទួលខុសត្រូវលើវិជ្ជាជីវៈរបស់ខ្លួន ស្មោះត្រង់នឹងការងារ ហើយការផ្តល់សេវាសាធារណៈត្រូវតែផ្តល់ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អ និងត្រូវដោះស្រាយឲ្យបានទូលំទូលាយ កុំឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋបន្តទៀត។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលម្សិលមិញបានចេញអនុក្រឹត្យស្តីពីការអនុវត្តន៍វិន័យមន្ត្រីនគរបាលជាតិកម្ពុជា ដោយបានសម្រេច ដកឋានន្តរស័ក្ត និងបណ្តេញចេញពីក្របខណ្ឌ័មន្ត្រីនគរបាលជាតិកម្ពុជា ចំពោះ វរសេនីយ៍ឯក គឹម ពន្លក នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ ដែលកាន់តួនាទីជាអធិការស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធនឹងរឿងដោះ លែងមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់។
ការដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌនគរបានជាតិនេះ ខណៈត្រូវបានរកឃើញថា មន្ត្រីនគរបាលរូបនេះ បានដោះលែងមេខ្យល់ដែលនាំពលករខ្មែរ ពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជា បណ្តោយឲ្យគេចវេះខ្លួនពីការធ្វើចត្តាឡីស័កនៅតាមព្រំដែន ឱ្យចូលដល់ក្នុងប្រទេស ដែលជាហានិភ័យខ្ពស់នៃការចម្លងជំងឺរាតត្បាតដ៏កាចសាហាវចូលក្នុងសហគមន៍ជាថ្មី។

លោក គឹម ពន្លក ក្រៅពីការដកហូតឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ លោកក៏ត្រូវបានអគ្គស្នងការនគរបាលជាតិ បន្តចាត់ការអនុវត្តតាមផ្លូវច្បាប់ជាបន្តទៀត ដើម្បីផ្តន្ទាទោសទាក់ទង និងអំពើពុករលួយ ដើម្បីកុំឲ្យគំរូអាក្រក់នេះបន្តកើតមានក្នុងសង្គមតទៅទៀត។
តាមការឱ្យដឹងពីស្នងការនគរបាលខេត្តបាត់ដំបង់បានបញ្ជាក់ថា លោក គឹម ពន្លក បានទទួលស្គាល់អំពីកំហុសរបស់ខ្លួន ថា លោកពិតជាបានទទួលមុខសញ្ញាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ពីកម្លាំងវរៈការពារព្រំដែន-៨១៩។
តាមការរកឃើញកំហុសរបស់អធិការស្រុកកំរៀងរូបនេះ ទី១ពាក់ព័ន្ធនឹងករណី ផ្តល់ជម្រកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃ និងករណីទីពីរ ពាក់ព័ន្ធការនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក៕
អត្ថបទ៖ សំអឿន
សូមអានអត្ថបទពាក់ព័ន្ធ៖ ករណីអធិការស្រុកកំរៀង សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមរកអ្នកពាក់ព័ន្ធ
អាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដាក់ចេញវិធានការតឹងរឹង ទប់ស្កាត់ការឆ្លងកូវីដ១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត