ព័ត៌មានជាតិ
ថ្ងៃចូលឆ្នាំចិន សាលានៅភ្នំពេញរៀនធម្មតា ខណៈលែងមានគណៈកម្មការឃ្លាំមើល
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ មានប្រសាសន៍នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះថា ដំណើរការសិក្សារបស់សិស្សានុសិស្សនៅតាមសាលាសាធារណៈនានាក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃសែនចិននេះ ប្រព្រឹត្តិទៅជាធម្មតា មិនមានសិស្ស ឬគ្រូអវត្តមានច្រើនទេ ខណៈមន្ទីរមិនបានបង្កើតគណៈកម្មការឃ្លាំមើលតាមសាលានៅរាជធានីភ្នំពេញ ដូចឆ្នាំមុន។

លោក ហែម ស៊ីណារ៉េត បានបន្តថា៖ “នៅព្រឹកនេះគឺដំណើរការរៀនជាធម្មតាទេ អត់ទាន់មានបញ្ហាអីទេ ចាំពិនិត្យមើលពេលរសៀល និងស្អែកទៀត ក្រែងលោមានការប្រែប្រួល តែព្រឹកនេះដំណើរការធម្មតា។ នេះគ្រាន់តែជារបាយការណ៍ប្រចាំសាលានីមួយៗប៉ុណ្ណោះ មិនមែនរបាយការណ៍សរុបរួមទេ”។

ប្រធានមន្ទីរអប់រំរាជធានី មានប្រសាសន៍ទៀតថា បុណ្យចូលឆ្នាំចិនឆ្នាំនេះ មន្ទីរមិនបានបង្កើតគណៈកម្មការឃ្លាំមើលតាមសាលានៅរាជធានីភ្នំពេញ ដូចឆ្នាំមុនទេ ដោយឱ្យតាមសាលានានាមានភាពម្ចាស់ការក្នុងការគ្រប់គ្រងការបង្រៀន និងរៀនរៀងៗខ្លួន។ ប៉ុន្តែគណៈគ្រប់គ្រងសាលាទាំងអស់ត្រូវរាយការណ៍ជូនមន្ទីរ តាមគ្រុបតេឡេក្រាម ២ដង ក្នុង ១ថ្ងៃ គឺពេលព្រឹកនិងពេលរសៀល។

លោក ហែម ស៊ីណារ៉េត មានប្រសាសន៍បន្ថែមថា ការណ៍ដែលមន្ទីរឱ្យសាលាម្ចាស់ការដោយខ្លួនឯង ដោយសារកន្លងមកសាលាទាំងអស់គ្រប់គ្រងបានល្អ មិនមានបញ្ហាអ្វីទេ ព្រោះមន្ទីរតែងតែណែនាំដល់នាយកសាលាដោយឱ្យសាលានីមួយៗធ្វើការប្រជុំផ្សព្វផ្សាយដល់សិស្ស និងគ្រូឱ្យបានយល់ច្បាស់ ពិសេសនៅពេលម៉ោងគោរទង់ជាតិថា បុណ្យចូលឆ្នាំចិននេះមិនមែនជាថ្ងៃឈប់សម្រាករបស់ខ្មែរយើងទេ។ ដូចនេះលោកគ្រូអ្នកគ្រូត្រូវមកបង្រៀន និងសិស្សានុសិស្សត្រូវមករៀនដូចថ្ងៃធម្មតា មិនមានការឈប់សម្រាកឡើយ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត និងជំរុញដល់មាតាបិតា និងអាណាព្យាបាលសិស្សបញ្ជួនកូនៗមករៀនឱ្យបានគ្រប់ៗគ្នានៅថ្ងៃសែនចិន និងបុណ្យចូលឆ្នាំចិន។

លោកស្រីបានបន្តថា ការលើកទឹកចិត្តនេះដោយសារស្ទើរតែរៀងរាល់ឆ្នាំនៅពេលពិធីសែនចិន និងពិធីបុណ្យចូលឆ្នាំចិន តែងតែមានសិស្សមួយចំនួនបានឈប់សម្រាកដើម្បីទៅចូលរួមដំណើរកម្សាន្តជាមួយក្រុមគ្រួសារដែលធ្វើឱ្យខកខានការសិក្សារៀនសូត្រច្រើនថ្ងៃ អាចប៉ះពាល់ដល់ការសិក្សារបស់ពួកគេ ឬអាចរៀនមិនទាន់កម្មវិធីសិក្សា។

លោកស្រីបានណែនាំដល់សាលារៀន ត្រូវអនុវត្តតាមអនុក្រឹត្យឈប់សម្រាកដែលចេញដោយរាជរដ្ឋាភិបាល ហើយសម្រាប់ការស្នើសុំឈប់បន្ទាន់ណាមួយ ត្រូវតែមានការអនុញ្ញាតតាមភាពចាំបាច់ដូចជា គ្រោះទឹកជំនន់ និងប្រធានស័ក្តណាមួយកើតឡើង។ ជាមួយគ្នានេះ ត្រូវគ្រប់គ្រងសិស្សានុសិស្ស និងបញ្ជីវត្តមានផងដែរ។ ដូចនេះសិស្សដែលចង់ឈប់សម្រាកត្រូវតែសុំច្បាប់ បើមិនដូច្នេះទេនឹងកំណត់ជាការឈប់ដោយអវត្តមាន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១១ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល