ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ អនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ឱ្យមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ អនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ឱ្យមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព គណនេយ្យភាពបរិយាបន្ន និងសមធម៌សង្គម។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពីគោលការណ៍ បែបបទ និងនីតិវិធីអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ កាលពីរសៀលថ្ងៃទី ៩ កុម្ភៈ លោកឧបនាយករដ្ឋមន្ត្រី ដែលជាប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការប្រចាំក្រសួងអប់រំ យុវជន និង កីឡា និងជាអនុប្រធាន គ.ជ.អ.ប ផងដែរនោះ បានមានប្រសាសន៍ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការបែងចែកឡើងវិញឱ្យបានច្បាស់លាស់នូវតួនាទី និងការទទួលខុសត្រូវរវាងក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ ដើម្បីចូលរួមក្នុងការគ្រប់គ្រង ការចាត់ចែង និងការផ្តល់សេវាអប់រំ យុវជន និងកីឡា ជូនប្រជាជននៅក្នុង ដែនសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពបរិយាបន្ន និងសមធម៌សង្គម។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា មុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាមុខងារជាកាតព្វកិច្ច អាស្រ័យហេតុនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ចាំបាច់ត្រូវមានកាតព្វកិច្ចដោយខានមិនបានក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនេះ ដើម្បីធានាដល់ការផ្តល់សេវាអប់រំ យុវជន និងកីឡា ជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានសម្រេចយ៉ាងហោចត្រឹមកម្រិតស្តង់ដារអប្បបរមាដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងករណីមានបញ្ហាប្រឈមណាមួយដែលក្រុង ស្រុក ខណ្ឌនីមួយៗ មិនអាចសម្របសម្រួលដោះស្រាយ ត្រូវពិគ្រោះយោបល់ ឬ សុំយោបល់ពីមន្ទីរអប់រំ យុវជន និងកីឡា ឬ មន្ទីរពាក់ព័ន្ធនានា ឬមកក្រសួងស្ថាប័ននៅថ្នាក់ជាតិដើម្បីជួយគាំទ្រ និងផ្តល់មតិយោបល់។
ដើម្បីធានាឱ្យការអនុវត្តមុខងារក្នុងវិស័យអប់រំបានល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ ថ្នាក់ដឹកនាំ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លើការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរឱ្យទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមគោលនយោបាយ គោលការណ៍ បែបបទ នីតិវិធី និងស្តង់ដារដែលបានកំណត់។
ចំណែកអភិបាលក្រុង ស្រុក ខណ្ឌទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ក្នុងការគ្រប់គ្រងបុគ្គលិកអប់រំឱ្យមានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ ស្របតាមគោលការណ៍ នីតិវិធី និងស្តង់ដារ នៃការប្រើប្រាស់បុគ្គលិកអប់រំដែលបានកំណត់។ ចំពោះការតែងតាំងនាយក នាយករងសាលាមត្តេយ្យសិក្សា និងនាយក នាយករងសាលាបឋមសិក្សា លេខាធិការដ្ឋាន គ.ជ.អ.ប. បាននិងកំពុងសម្របសម្រួលសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងមុខងារសាធារណៈក្នុងការរៀបចំសេចក្ដី ណែនាំលម្អិតបន្ថែមមួយ ដើម្បីធានាដល់ការជ្រើសរើសបាននូវមន្ត្រីអប់រំដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពខ្ពស់សមស្របសម្រាប់ការតែងតាំងមុខតំណែងគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈទាំងនេះ។
ចំពោះការរៀបចំសេចក្ដីណែនាំថ្មីលើការតែងតាំងគណៈគ្រប់គ្រងសាលារៀន សុំឱ្យក្រុមការងារបច្ចេកទេស ត្រូវរៀបចំដោយយកលក្ខណៈវិនិច្ឆ័យ នៃការតែងតាំងនាយកសាលាដែលក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់បានដាក់ចេញជាគោល និងសូមស្នើសុំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពិនិត្យនីត្យានុកូលភាពពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តជាមុន។
ចំពោះការជ្រើសរើសគ្រូបង្រៀនជាប់កិច្ចសន្យារដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវធ្វើការរៀបចំជ្រើសរើសស្របតាមសេចក្តីណែនាំលេខ១១៦៨ ស្តីពីការជ្រើសរើសគ្រូជាប់កិច្ចសន្យា ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ។
រីឯអភិបាលក្រុង ស្រុក ខណ្ឌ ក៏ត្រូវពង្រឹងចំណេះដឹងលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុដែលបានផ្ទេរសម្រាប់ការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ឱ្យមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់។ ហើយថវិកាដំណើរការរបស់គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍នឹងនៅតែបន្តផ្ទេរត្រង់ទៅឱ្យគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍។
រដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីគោលការណ៍ បែបបទ និងនីតិវិធី នៃការអនុវត្តមុខងារ និងការទទួលខុសត្រូវក្នុងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរឱ្យទាំងនេះ ដើម្បីឱ្យបានជ្រួតជ្រាបជូនដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គណៈកម្មការគ្រប់គ្រងសាលា មន្ត្រីពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា។
រដ្ឋបាលរាជធានី ខេត្ត ជាពិសេសមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាក់ព័ន្ធដទៃទៀត ត្រូវផ្ដល់ការគាំទ្រទាំងសមត្ថភាព បច្ចេកទេស និងការគាំទ្រផ្សេងៗ ទៀត ព្រមទាំងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជួយដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារទាំងនេះឱ្យបានទាន់ពេលវេលា និងលទ្ធផលល្អ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់