ព័ត៌មានជាតិ
ជាង៥ខែក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចទៅក្រៅប្រទេស ១០លើក
ត្រឹមរយៈពេលជាង ៥ខែ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តបេសកកម្មការទូតដ៏សកម្មជាមួយបណ្ដាប្រទេសជាមិត្ត និងដៃគូអន្តរជាតិនានា ជាពិសេសសម្ដេចធិបតីបានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញទៅក្រៅប្រទេសយ៉ាងហោចណាស់ចំនួនលើក១០ រួចមកហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយគណបក្សប្រជាជនកម្ពុជា បានទទួលជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជន ជាអាទិភាពចម្បង។ ដោយឈរលើមាគ៌ាច្បាស់លាស់នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា បានបន្តបេសកកម្មការទូត តាមរយៈដំណើរទស្សនកិច្ចទៅក្រៅប្រទេសនានា ដែលគិតមកដល់ពេលនេះ គឺមានចំនួនលើក១០ មកហើយ។ បេសកកម្មការទូតទៅក្រៅប្រទេសទាំង១០ របស់សម្ដេចធិបតី រួមមាន៖
ទី១.ការអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី ដែលជាដំណើរទៅក្រៅប្រទេសជាលើកដំបូង គឺភ្លាមៗក្រោយការចូលទៅដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
ទី២.ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅប្រទេសចិន។ ទី៣.ដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅរាជធានីរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
ទី៤.សម្ដេចធិបតី បានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ទី៥. ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ដែលនេះជាដំណើរជាលើកទី២ របស់សម្ដេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិន។
ទី៦.តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ នៅប្រទេសវៀតណាម។ ទី៧.ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទររំលឹកខួប៥០ ឆ្នាំ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ទី៨. សម្ដេចធិបតី បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ខណៈពេលនោះ សម្ដេច ក៏បានបន្តធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ដែលតបតាមការអញ្ជើញដោយផ្ទាល់ពីលោកប្រធានាធិបតីបារាំង ហើយទស្សនកិច្ចនៅបារាំង ជាដំណើរនៅក្រៅប្រទេសជាលើកទី៩។
និងទី១០ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។
បើតាមការប្រកាសរបស់សម្ដេចធិបតី នៅអំឡុងខែមីនា ឆ្នាំ២០២៤ ខាងមុខ សម្ដេច ក៏នឹងគ្រោងដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចនៅប្រទេសអូស្ត្រាលី ជាបន្តទៀតផងដែរ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់ឱ្យដឹងថា រាល់ដំណើរចេញទៅក្រៅប្រទេសរបស់សម្ដេច គឺដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាពរវាងកម្ពុជាជាមួយនឹងបណ្ដាប្រទេសនានានៅជុំវិញពិភពលោក ជាពិសេសដើម្បីកៀរគរក្រុមអ្នកវិនិយោគិនបរទេសមកណ្តាក់ទុននៅកម្ពុជា។
បើតាមសម្តេចធិបតី ចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់ពេលនេះ គឺបានកៀងគរអ្នកវិនិយោគបរទេសបានប្រមាណ ១៧២គម្រោង មានទុនវិយោគ ៣,៨៦ពាន់លានដុល្លារ និងអាចបង្កើតការងារជូនប្រជាពលរដ្ឋជាង ១៩ម៉ឺនកន្លែង ដែលស្របតាមគោលដៅធំបំផុតរបស់រាជរដ្ឋាភិបាល គឺជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់