Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង៥០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបចំនួន៨ករណី ឱកាសចូលឆ្នាំចិន

បានផុស

នៅ

គិតពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោល គឺក្នុងឱកាសចូលឆ្នាំចិន កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេសចំនួន៨ករណី និងឃាត់ខ្លួនចំនួន៥០នាក់។ នេះបើតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

រូបភាពឯកសារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទូច សុខៈ បញ្ជាក់ថា ករណីក្មេងទំនើង បានកើតឡើងក្នុងដែនដីរាជធានី-ខេត្តចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង កើតឡើងតែ១ករណីប៉ុណ្ណោះ តែឃាត់ខ្លួនក្រុមក្មេងទំនើងរហូតដល់១៨នាក់។ អ្នកនាំពាក្យរង បន្តថា ខេត្តកណ្ដាលកើតឡើង២ករណី ឃាត់ខ្លួនក្មេងទំនើងចំនួន១២នាក់ ខណៈខេត្តពោធិ៍សាត់ ក៏បង្ក្រាបបាន២ករណីដែរ ដោយឃាត់ខ្លួនបានចំនួន១២នាក់។ 

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ លើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែរំលឹកជារឿយៗដល់អគ្គស្នងការដ្ឋាននគរជាតិ បណ្ដាស្នងការដ្ឋាន និងតួអង្គពាក់ព័ន្ធ ឱ្យបង្កើនយកចិត្តទុកដាក់ការពារគ្រប់គ្រងសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងក្នុងមូលដ្ឋាន និងញែកជា២ គឺវិធានការច្បាប់-ករណីធ្ងន់ ត្រូវកសាងសំណុំរឿងទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ចំណែកករណីស្រាលល្មមៗ ត្រូវអនុវត្តវិធានការណ៍អប់រំ ដោយប្រើយន្តការផ្សេងៗ និងការធ្វើកិច្ចសន្យាមានការធានាពីអាណាព្យាបាល ដើម្បីបញ្ឈប់សកម្មភាពមិនប្រក្រតីទាំងនោះ។

បើតាមមន្ត្រីនាំពាក្យរូបនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់អនុវត្តប្រកបដោយភាពម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម