ព័ត៌មានជាតិ
បុណ្យចូលឆ្នាំចិនឆ្នាំនេះ សិស្សានុសិស្សមករៀនស្ទើរតែ ១០០ ភាគរយ
នៅក្នុងពិធីបុណ្យចូលប្រពៃណីឆ្នាំចិន-វៀតណាម ឆ្នាំនេះ មានសិស្សានុសិស្សមករៀនយ៉ាងច្រើនលើសលប់រហូតដល់ទៅជិត ១០០ ភាគរយ ខ្ពស់ជាងឆ្នាំមុនៗ។ នេះជាការលើកឡើងរបស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ នេះ
លោកស្រី ឃួន វិច្ឆិកា បានបន្តថា ការណ៍ដែលសិស្សមករៀនច្រើនលើសលប់នេះ ដោយសារការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ ពិសេសមានការចូលរួមពីមាតាបិតាផ្ទាល់។ យោងតាមរបាយការណ៍របស់ មន្ទីរអប់រំ យុវជន និងកីឡារាជ ធានីភ្នំពេញសិស្សមានវត្តមានចំនួន ៩៩,៩៣ ភាគរយ ដែលបញ្ជាក់ពីដំណើរការតាមប្រក្រតីរបស់សាលារៀនគ្រប់កម្រិត នៅគ្រប់ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។
លោកស្រីបានបន្ថែមថា ការណ៍ដែលសិស្សមករៀនច្រើនលើសលប់នេះ មកពីសិស្ស អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូបានយល់ដឹងពីការផ្សព្វផ្សាយរបស់ក្រសួង ក៏ដូចជាមន្ទីរអប់រំរាជធានីភ្នំពេញថា បុណ្យចូលឆ្នាំចិនមិនមែនជាបុណ្យប្រពៃណីរបស់ខ្មែរ និងមិនមាននៅក្នុងប្រតិទិន នៃថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាលដែរ។
លោកស្រីបានបញ្ជាក់ថា ក្រៅពីចំណុចខាងលើ លទ្ធផលនេះក៏បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាលារៀន និងលោកគ្រូអ្នកគ្រូ។ រីឯមាតាបិតាក៏មើលឃើញពីសារៈសំខាន់នៃការសិក្សា ពិសេសការពង្រឹងការគុណភាពអប់រំដែលទាមទារចាំបាច់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ហែម ស៊ីណារ៉េត ប្រធាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះថា មុនពិធីបុណ្យចូលឆ្នាំចិនមកដល់ មន្ទីរតែងតែរៀបចំកិច្ចប្រជុំជាមួយនាយកសាលានៅរាជធានីភ្នំពេញដើម្បីណែនាំឱ្យសាលានីមួយៗ ប្រជុំផ្សព្វផ្សាយដល់សិស្ស និងគ្រូឱ្យបានយល់ច្បាស់ ពិសេសនៅពេលម៉ោងគោរទង់ជាតិថា បុណ្យចូលឆ្នាំចិននេះមិនមែនជាថ្ងៃឈប់សម្រាករបស់ខ្មែរទេ។ ដូចនេះលោកគ្រូអ្នកគ្រូត្រូវមកបង្រៀន និងសិស្សានុសិស្សត្រូវមករៀនដូចថ្ងៃធម្មតា មិនមានការឈប់សម្រាកឡើយ។
លោកបានបន្ថែមទៀតថា បុណ្យចូលឆ្នាំចិនឆ្នាំនេះ មន្ទីរមិនបានបង្កើតគណៈកម្មការឃ្លាំមើលតាមសាលានៅរាជធានីភ្នំពេញដូចឆ្នាំមុនទេ ដោយឱ្យតាមសាលានានាមានភាពម្ចាស់ការក្នុងការគ្រប់គ្រងការបង្រៀន និងរៀនរៀងៗខ្លួន។ប៉ុន្តែគណៈគ្រប់គ្រងសាលាទាំងអស់ត្រូវរាយការណ៍តាមគ្រុបតេឡេក្រាម ២ដង ក្នុង ១ថ្ងៃ គឺពេលព្រឹក និងពេលរសៀលមកមន្ទីរ ដើម្បីគ្រប់គ្រងវត្តមានគ្រូ និងសិស្ស៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក