ព័ត៌មានជាតិ
ផែនការការងារអាទិភាពចំនួន៤ នៃកំណែទម្រង់វិស័យអធិការកិច្ច
ថ្លែងនៅក្នុង ពិធី បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មានប្រសាសន៍ថា ក្នុងបរិបទថ្មីនៃកំណែទម្រង់ក្នុងវិស័យអធិការកិច្ច និងដើម្បីឆ្លើយតបនូវចក្ខុវិស័យ ក្នុងគោលបំណងលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ក្រសួងអធិការកិច្ចបានដាក់ចេញនូវ ផែនការការងារអាទិភាពចំនួន៤ ដែលយើងទាំងអស់គ្នាជា ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រកៀកស្មា សាមគ្គីរួមគ្នាជាធ្លុងមួយសម្រេចឱ្យទាល់តែបាន រួមមាន៖

ទី១. ការពង្រឹងសមត្ថភាពស្ថាប័ន៖ ថ្នាក់ដឹកនាំក្រសួងជំនាន់មុន បានខិតខំប្រឹងប្រែងកសាងសមិទ្ធផលជាច្រើនអស់រយៈពេលជាង ជាពិសេសក្នុងដំណាក់កាលនៃការដឹកនាំវិស័យអធិការកិច្ចរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ៤០ឆ្នាំ ម៉ែន សំអន ដូច្នេះ យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងថែរក្សាសមិទ្ធផលចាស់ និងបន្តពូនជ្រុំបង្កើន សមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីឱ្យក្លាយជាស្ថាប័នមួយដែលមាន សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ត្រូវផ្តោតលើការពង្រឹង និងកែទម្រង់ស្ថាប័ន ដោយបុរេលក្ខខណ្ឌចាំបាច់ត្រូវចាប់ផ្តើមពីការកែទម្រង់ផ្ទៃក្នុង ធ្វើវិចារណកម្មវិភាគមុខងារ រចនាសម្ព័ន្ធ មានរបៀបរបបការងារកាន់តែច្បាស់លាស់ និងជំរុញការប្រើប្រាស់ បច្ចេកវិទ្យានៅក្នុងស្ថាប័ន នៅក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងអធិការកិច្ចក្នុងបរិបទឌីជីថល។

ទី២. ការសាង និងអភិវឌ្ឍមូលធនមនុស្ស៖ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ក្នុងនោះបានកំណត់យកធនធានមនុស្សជាគ្រឹះ និងមធ្យោបាយ សំខាន់ទី១ ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ មន្ត្រី គ្រប់រូប ត្រូវមានចំណេះដឹង, សមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកជំនាញអធិការកិច្ច និងជំនាញបច្ចេកវិទ្យា, អត្តាភិវឌ្ឍ ព្រមទាំងមានលក្ខណៈសម្បត្តិ សីលធម៌ និងគុណធម៌ ទើបជាមូលដ្ឋានគ្រឹះនៃការពង្រឹង និង លើកកម្ពស់សមត្ថភាពស្ថាប័ន ប្រកបដោយចីរភាព និងភាពធន់ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍ របស់សង្គមជាតិនៅក្នុងយុគសម័យបដិវត្តឧស្សាហកម្ម៤.០ និងឌីជីថលូបនីយកម្មស្ថាប័នសាធារណៈ។ មន្ត្រីអធិការកិច្ច ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ វិន័យការងារ មានមនសិការការងារ ឆន្ទៈម្ចាស់ការ សុចរិតភាព និងភាពស្អាតស្អំ ដើម្បីអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម អភិក្រមទាំង៥ របស់ សម្តេចតេជោ គឺ “ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។ ស្ថាប័នមួយដែលរឹងមាំ និងមានសមត្ថភាពខ្ពស់ អាស្រ័យលើកិច្ចខិតខំប្រឹងប្រែងអនុវត្តសកម្មភាពការងារឱ្យបានព្រមៗគ្នារវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់រូប ដែលប្រៀបបាននឹងកោសិកាដ៏រស់រវើករបស់ក្រសួង ស្ថាប័ន ដូច្នេះយើងត្រូវយកចិត្តទុកដាក់ថែរក្សា កោសិការបស់យើង ឱ្យមានសុខភាពល្អពោរពេញដោយកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងឆន្ទៈមោះមុត។

ទី៣. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួង៖ ក្រសួងអធិការកិច្ច ត្រូវរៀបចំគោលនយោបាយជាតិស្តីពីអធិការកិច្ច និងពន្លឿនសេចក្តីព្រាង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៅក្នុងសមត្ថកិច្ចក្រសួង ដែលច្បាប់បានកំណត់ និងរាជរដ្ឋាភិបាល បានប្រគល់ជូន ព្រមទាំងកសាងលិខិតុបករណ៍សំខាន់ៗមួយចំនួនទៀត ដូចជាស្តង់ដាអធិការកិច្ច ក្រមស្តង់ដាប្រតិបត្តិ ក្រមសីលធម៌វិជ្ជាជីវៈ និងវិធាននានា សំដៅធានាដល់ការអនុវត្តតួនាទីរបស់ស្ថាប័ន អធិការកិច្ច ឱ្យមានសង្គតិភាព និងសុខដុមនីយកម្ម ដើម្បីទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ។

ទី៤. ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ៖ កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ គឺជាកត្តាកំណត់ភាពជោគជ័យ នៅគ្រប់កាលៈទេសៈ និងជំរុញការពូនជ្រុំសមិទ្ធផលជាបន្តបន្ទាប់ដូចពេលនេះ។ ដោយសង្ឃឹម និងជឿជាក់ ប្រកបដោយសុទុដ្ឋិនិយមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នឹងបន្តវប្បធម៌ដ៏ល្អប្រពៃនេះ ចេះស្រឡាញ់ គោរពរាប់អានគ្នា យោគយល់អធ្យាស្រ័យ លើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលទាំងនៅក្នុង និងក្រៅស្ថាប័ន ដោយឈរលើស្មារតីភាតរភាព និងការគោរពឋានានុក្រមការងារ។

គួរបញ្ជាក់ថា ក្រសួងអធិការកិច្ច ដើមឡើយមានឈ្មោះថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ក្នុងនីតិកាលទី៧ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចកែសម្រួលក្រសួងនេះមកនៅត្រឹមថា «ក្រសួងអធិការកិច្ច»។ ការកែសម្រួលនេះក្នុងគោលដៅឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ