Connect with us

ព័ត៌មានជាតិ

សមិទ្ធផលធំចំនួន៥ នៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រយៈពេល ២០ឆ្នាំ

បានផុស

នៅ

ក្នុងឱកាស អញ្ជើញជាអធិបតី​ក្នុង​ ពិធី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ​វត្ថុ​សា​ធា​រ​ណៈ​ដំណាក់កាលទី៤ នៅព្រឹកថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញ សមិទ្ធផលធំៗទទួលបានចំនួន៥ នៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រយៈពេល ២០ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សមិទ្ធផលគន្លឹះទី១. ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា។ សមិទ្ធផលទី២. ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ។ សមិទ្ធផលទី៣. រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក «ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម»។ ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេចឱ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវ «គណនេយ្យភាពសមិទ្ធកម្ម» ដែលមានន័យថា ជាការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។ សមិទ្ធផលគន្លឹះទី៤. ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង។ សមិទ្ធផលគន្លឹះទី៥. ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល ២០ឆ្នាំ កន្លងមកនេះ កម្ពុជាបានធ្វើដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជាការពិតសមិទ្ធផលទាំងឡាយ នៃការកែទម្រង់នេះ មិនមែនទទួលបានមកដោយងាយស្រួលនោះទេ។ ជាសត្យានុម័ត ទាំងក្នុងអតីតកាល ទាំងក្នុងបច្ចុប្បន្នកាល និងតទៅអនាគតកាល គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ហើយក៏មិនមានសមិទ្ធផលណាមួយ នៃកិច្ចការកែទម្រង់ ដែលអាចសម្រេចបានមកដោយគ្មានការបង់ថ្លៃនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើ កត្តាសំខាន់បួន គឺ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤. ត្រូវមានការលះបង់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។

គួរបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញ​វត្ថុ​សា​ធា​រ​ណៈ​ដំណាក់​កាលទី៤ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ​កម្មាធិការ​ដឹក​នាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានរៀបចំផ្ដួចផ្ដើមដាក់ឱ្យអនុវត្តនូវ “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” មួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្របដណ្ដប់លើគ្រប់ទិដ្ឋភាពនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ជាតិ។ “កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ក្នុងឋានៈជានាយករដ្ឋមន្ដ្រីនាពេលនោះ។ ចក្ខុវិស័យនៃកម្មវិធីកែទម្រង់នេះ គឺប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ពីប្រព័ន្ធផ្តោត​លើ​ធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងមាន​លក្ខណៈ​វិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។ កម្មវិធីកែទម្រង់នេះ ផ្តោតសំខាន់លើការពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងចំណូល និងចំណាយថវិការដ្ឋ ដើម្បីជាគុណប្រយោជន៍ ដល់ការគាំទ្រការអនុវត្តគោលនយោបាយ តាមវិស័យរបស់​រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម