Connect with us

ព័ត៌មានជាតិ

កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤ នៅក្នុងរាជធានី-ខេត្ត៩

បានផុស

នៅ

គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស (ត.ស.ព.) កំពុងដំណើរការចំនួន ២៤ទីតាំង នៃ៩រាជធានី-ខេត្ត ជាមួយនឹងគម្រោង វិនិយោគសរុបប្រមាណ ៦៥៥គម្រោង ដែលបានផ្ដល់ការងារជាង ១៧ម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋ។ ​នេះបើយោងតាមរបាយការណ៍របស់ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា CDC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់សេដ្ឋកិច្ចទាំងនោះ រួមមាន រាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចពិសេសកំពុងដំណើរការចំនួន២, ខេត្តកណ្ដាល កំពុងដំណើរការចំនួន២, ខេត្តកំពង់ស្ពឺ កំពុងដំណើរការចំនួន១, ខេត្តព្រះសីហនុ កំពុងដំណើរការចំនួន៤, ខេត្តកំពត កំពុងដំណើរការចំនួន១, ខេត្តកោះកុង កំពុងដំណើរការចំនួន១, ខេត្តក្រចេះ មានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន១, ខេត្តស្វាយរៀង កំពុងដំណើរការចំនួន៩ និងខេត្តបន្ទាយមានជ័យ មានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការចំនួន៣។

តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា សំដៅដល់មជ្ឈមណ្ឌលពិសេសសម្រាប់​អភិវឌ្ឍន៍វិស័យ​សេដ្ឋកិច្ច ដែលប្រមូលផ្ដុំនូវសកម្មភាពឧស្សាហកម្ម និងសកម្មភាពពាក់ព័ន្ធដទៃទៀត ហើយអាចមានតំបន់​ឧស្សាហកម្មទូទៅ និងតំបន់ផលិតកែច្នៃនាំចេញ។

យោងតាមអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះក្នុងខែធ្នូ ឆ្នាំ២០០៥ ស្ដីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, តំបន់សេដ្ឋកិច្ចពិសេស​នីមួយៗត្រូវមានមណ្ឌលផលិតកម្ម និងអាចមានមណ្ឌលពាណិជ្ជកម្មសេរី មណ្ឌលសេវាកម្ម មណ្ឌលលំនៅដ្ឋាន និងមណ្ឌលទេសចរណ៍។

វិនិយោគិនត្រូវបានលើកទឹកចិត្តឱ្យជ្រើសរើសការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយសារកត្តាងាយស្រួលនៃច្បាប់ទម្លាប់ការងារ ការលើកទឹក​ចិត្តផ្នែកច្បាប់ពីរាជរដ្ឋាភិបាល និងកត្តាយុទ្ធសាស្ត្រនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប់ទៅនឹងកំពង់ផែ ផ្លូវជាតិសំខាន់ៗ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងច្រកទ្វារអន្តរជាតិជាដើម។ ចំណុចល្អនៃរចនាសម្ព័ន្ធ និងសេវាគាំទ្រផលិតកម្មនានារបស់តំបន់សេដ្ឋកិច្ចពិសេសជូនដល់វិនិយោគិនរួមមាន ការគ្រប់​គ្រងអគារការិយាល័យ សេវារដ្ឋបាលក្នុងតំបន់ មណ្ឌលលំនៅដ្ឋាន កន្លែងលេងកីឡា កន្លែងព្យាបាល ផ្លូវថ្នូល់ ការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ ការចោល​កាកសំណល់ ការផ្គត់ផ្គង់អគ្គីសនី បណ្តាញអ៊ីនធឺណិត និងទូរគមនាគមន៍ ការការពារអគ្គីភ័យ និងប្រព័ន្ធសន្តិសុខ ជាដើម។

តំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស ដែលផ្ដល់សេវានៅនឹងកន្លែងដូចជាសេវារដ្ឋបាល បែបបទនៃការនាំចេញ-ចូល ពន្ធគយ និងសេវារបស់អាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត ដែលជួយសម្របសម្រួលនីតិវិធីធ្វើពាណិជ្ជកម្មបានឆាប់រហ័ស។ ក្នុងនោះផងដែរគម្រោងវិនិយោគ ដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍​ជាច្រើន​ពីការលើក​ទឹកចិត្តសម្រាប់ការវិនិយោគនៅកម្ពុជា ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស។

ថ្មីៗនេះ កម្ពុជា និងថៃ ក៏បានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះ ដើម្បីសិក្សា និងផ្តើមអនុវត្តការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមឱ្យគ្នា ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ខ្សែសង្វាក់ផលិតកម្មនៃប្រទេសទាំងពីរ ជាពិសេសនៅលើវិស័យយានយន្ត អគ្គិសនី និងសម្ភារ​អេឡិចត្រនិកជាដើម។

ទន្ទឹមនឹងនេះ កាលពីថ្ងៃ ១២ កុម្ភៈ កន្លងទៅ មន្រ្តីពាក់ព័ន្ធ បាន​រៀបចំ​​កិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ​ដើម្បី​ពិនិត្យពិភាក្សាលើគម្រោង​​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេសកម្ពុជា-ជប៉ុនផងដែរ។ ការ​រៀបចំ​កិច្ចប្រជុំ ដើម្បី​ពិភាក្សាឯកសារទស្សនទាន​ក្នុងការ​ត្រៀមបង្កើត​តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែល​អនុវត្តស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាល​ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន​ឱ្យ​ងាក​មក​វិនិយោគ​នៅកម្ពុជាបន្ថែមទៀត។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមការងារ​គោលនយោបាយរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម៨ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

Sokha Hotels

ព័ត៌មានពេញនិយម