ព័ត៌មានជាតិ
សហក្រសួងស្ថាប័ន រួមគ្នាបើកយុទ្ធនាការបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រលាញ់
ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាបើកយុទ្ធនាការបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រលាញ់ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រីលាញ់” ដើម្បីបរិច្ឆាគឈាមជួយសង្គ្រោះអាយុជីវិតដល់អ្នកជំងឺដែលត្រូវការឈាមចាំបាច់។

ថ្លែងក្នុង យុទ្ធនាការបរិច្ចាគឈាម ក្នុងទិវានៃក្តីស្រលាញ់ “ផ្តល់ឈាមផ្តល់ក្តីសង្ឃឹម” នៅព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ នេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោក ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ចលនា នៃ ការចូលរួមរបស់ បងប្អូន សិស្ស និស្សិត បុគ្គលិក ក្រុមហ៊ុន មន្រ្ដីរាជការ ក្នុងសកម្មភាពបរិច្ចាគឈាម គឺជាកាយវិការសប្បុរសធម៌ដ៏ល្អប្រពៃមួយដែលយើងគ្រប់គ្នាយកថ្ងៃបុណ្យនៃក្ដីស្រលាញ់ ដោយចែករំលែកក្ដីស្រលាញ់ទៅនឹងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលកំពុងសម្រាកព្យាបាល។

លោក ស៊ិក ប៊ុណ្ណា មានប្រសាសន៍បន្តថា៖ ជាការពិតណាស់ ការផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មិនគិតកម្រៃ ជាការធ្វើអំពើល្អ សាងនូវកុសលបុណ្យល្អៗ ដែលយើងបានធ្វើចេញពីបេះដូងពិតរបស់យើង ក្នុងការរួមចំណែកសង្គ្រោះជីវិតអ្នកជំងឺ និង ចូលរួមលុបបំបាត់នូវចំណុចអសកម្មនានា ដែលបណ្តាលមកពីកង្វះខាត នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ក្នុងករណីមានកង្វះឈាម អាចមានជនឱកាសនិយមមួយចំនួនតូចឆ្លៀតឱកាសប្រព្រឹត្តអំពើអសកម្មលើការផ្គត់ផ្គង់ឈាមដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺដែលជាហានិភ័យដល់សុវត្ថិភាព នៃការបរិច្ចាគឈាមសម្រាប់អ្នកផ្តល់ និងអ្នកទទួលឈាម។ ដូចនេះ ចលនា នៃការចូលរួមផ្ដល់ឈាមដោយស្ម័គ្រចិត្ដ មិនគិតកម្រៃរបស់បងប្អូនយុវជន បានបង្កើតជាវប្បធម៌ដ៏ល្អប្រពៃសម្រាប់សង្គមរបស់យើង មានន័យថា ឈាមបានផ្សារភ្ជាប់ជីវិត និងសេចក្ដីស្រលាញ់របស់យើង”។

លោក ស៊ិក ប៊ុណ្ណា មានប្រសាសន៍បន្ថែមថា លើសពីនេះទៀត ការចូលរួមសហការយ៉ាងសកម្មពីសំណាក់ដៃគូពាក់ព័ន្ធនានា ដូចជាមជ្ឈមណ្ឌលជាតិផ្តល់ឈាម អង្គការសុខភាពពិភពលោក កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល ក្លិបនៃក្តីស្រលាញ់ វិស័យឯកជន និងក្រសួងការពារជាតិ បានឆ្លុះបញ្ចាំងអំពីចំណងសាមគ្គីភាព និងការយកចិត្តទុកដាក់គ្នាទៅវិញទៅមកដើម្បីការរីកចម្រើនក្នុងសង្គមកម្ពុជាយើង។

ជំនួសឱ្យអ្នកជំងឺកម្ពុជាទាំងអស់ លោករដ្ឋលេខាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃរបស់សប្បុរសជនទាំងឡាយ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមបរិច្ចាគឈាម ដែលជាភារកិច្ចរបស់យើង និងដើម្បីប្រជាជនយើងទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្លែងថា គោលបំណង នៃកម្មវិធីនេះ ធ្វើឡើងដើម្បីបង្កលក្ខណៈឱ្យយុវជន យុវនារី ប្រជាជនទូទៅចែករំលែកក្តីស្រលាញ់ ដោយចូលរួមបរិច្ចាគឈាម ជួយដល់ជនរងគ្រោះដែលត្រូវការឈាម និងអំពាវនាវឱ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិចូលរួម ចំណែកក្នុង ភាពជាដៃ គូជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត។

លោកវេជ្ជបណ្ឌិត មានប្រសាសន៍បន្តថា សូមចងចាំថា កិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាឱសថណាអាចផលិតបានទេ។ សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល។
លោកបានរំលឹកថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៣ ចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដមានតែ ០,៨៤% ប្រៀបធៀបជាមួយប្រជានជនសរុប ១៧ លាននាក់ ក្នុងប្រទេសកម្ពុជា។ យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិត អ្នកជំងឺរៀងរាល់ ៦នាទីម្តង។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមាន ៣០០ ទៅ ៣៥០ ប្លោក នៅរាជធានីភ្នំពេញ។ តម្រូវការ ទូទាំងប្រទេស មានចំនួន ១៤៣ ១៤៣ ប្លោក ដែលលើសពីឆ្នាំមុនៗ ២០% ហើយ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥% នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។ ចំណែកការទទួលឈាម តាមរយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្ត ឆ្លើយតបបានប្រហែល ១៩,៥% នៃតម្រូវការ ក្នុងប្រទេសតែប៉ុណ្ណោះ ខណៈប្រទេសជិតខាង ការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់ លើសពី ៩០% នៃតម្រូវការ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ