ព័ត៌មានជាតិ
ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជអំណោយដល់កម្មករ-កម្មការិនីប្រមូលសំរាម និងសម្អាតទីក្រុងជាង ២០០០នាក់
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសួរសុខទុក្ខ ប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ-កម្មការិនី ប្រមូលសំរាម និងសម្អាតទីក្រុងជាង ២០០០នាក់ អបអរសារទរទិវាជាតិទីក្រុងស្អាត។

ព្រះរាជពិធីបានប្រារព្វធ្វើឡើងនៅលើកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានកម្មករ-កម្មការិនីប្រមូលសំរាម និងសម្អាតទីក្រុងមកពីក្រុមហ៊ុន ៣ចូលរួម រួមមាន៖ ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd។

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះ បានមានព្រះរាជបន្ទូលកោតសរសើរចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញឲ្យក្លាយជាទីក្រុងស្អាត មានសោភ័ណ្ឌភាពទាក់ទាញ និងលើកកម្ពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតដ៏ឆ្នើម និងប៉ិនប្រសព្វរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាល បានដឹកនាំសង្គមជាតិទាំងនៅទីក្រុង ក៏ដូចជានៅជនបទទទួលបាននូវសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ។ ចំណែកអភិបាលរាជធានីភ្នំពេញ បានចូលរួមចំណែកដឹកនាំកែលម្អសោភ័ណ្ឌភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យមានភាពស្រស់បំព្រងល្អស្អាត ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល។

ព្រះមហាក្សត្រ មានព្រះរាជបន្ទូលបន្តដោយកោតសរសើរ និងអរគុណកម្មករ-កម្មការរិនីទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមថែរក្សាបរិស្ថាន និងសំអាតរាជធានីភ្នំពេញ ឲ្យមានអនាម័យល្អស្អាត និងមានសោភ័ណ្ឌភាពល្អ។
ព្រះមហាក្សត្រ ក៏បានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជធានី-ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិទាំងអស់ ចូលរួមឲ្យបានផុលផុស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាបរិស្ថានឲ្យបានល្អស្អាត និងបៃតងរាជធានី រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយប្រទេសកម្ពុជា។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានភាពល្អប្រសើរលើការងារគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ព្រមទាំងការថែរក្សាអនាម័យ-បរិស្ថានរាជធានី ពោលគឺក្រោយពេលដែលរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់លើការងារគ្រប់គ្រងសំរាម-សំណល់រឹង នៅរាជធានីភ្នំពេញជ្រើសរើសបានក្រុមហ៊ុនចំនួន ៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ចូន សំរាមក្នុងរាជធានីភ្នំពេញ។

ប្រតិបត្តិករថ្មីទាំង ៣ បានចាប់ដំណើរការផ្តល់សេវាចាប់តាំងពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១មក ដោយទទួលបានការសាទរ និងវាយតម្លៃខ្ពស់ពីគ្រប់មជ្ឈដ្ឋានថា ការផ្តល់សេវាមានគុណភាពល្អប្រសើរជាងមុន។ តាមបទពិសោធន៍នាពេលកន្លងមក នៅពេលដែលរាជធានីភ្នំពេញ មានប្រតិបត្តិករប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹងតែមួយ បរិមាណសំរាមដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ គិតជាមធ្យមត្រឹមតែចំនួន ២.៧០០ តោន/ថ្ងៃ។ ប៉ុន្តែក្រោយពេលកំណែទម្រង់ ប្រតិបត្តិករទាំង ៣ មានលទ្ធភាពប្រមូល និងដឹកជញ្ជូនសំរាម-សំណល់រឹង គិតជាមធ្យមប្រមាណ ៣.៧០០ តោន/ថ្ងៃ ជាហេតុធ្វើឲ្យរាជធានីភ្នំពេញមានបរិស្ថានស្អាត និងគ្មានសំរាមកកស្ទះដូចមុនទេ។

លើសពីនេះទៀតក្នុងឆ្នាំ ២០២២-២០២៣កន្លងទៅ ប្រតិបត្តិករទាំង ៣ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងកម្មវិធីធំ ១ សំខាន់របស់រាជរដ្ឋាភិបាល ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំអាយប៉ា (AIPA), កិច្ចប្រជុំអភិបាលរាជធានី-រដ្ឋធានី អាស៊ាន, ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងការប្រកួតកីឡាប៉ារ៉ាហ្គេមលើកទី ១២ ដោយទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។

តាមរយៈព្រះរាជសកម្មភាព និងព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់ខ្ពស់បំផុត អស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះជាតិមាតុភូមិ រួមចំណែកយ៉ាងធំធេងជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងសម្រាលការលំបាករបស់បុគ្គលិក និងកម្មករ-កម្មការិនី ក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ស័ក្តិសមបំផុតទៅនឹងព្រះបរមនាមជាអង្គក្សត្រ ប្រកបដោយទសពិធរាជធម៌។

សូមជម្រាបថា ព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ព្រះរាជទានដល់កម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ប្រមូលដឹកជញ្ជូនសំរាមទាំង ៣នោះ រួមមាន៖ ក្រុមហ៊ុន Cintri (Cambodia) / (Everbright China) ចំនួន ៦០៤នាក់ ក្រុមហ៊ុន 800 SUPER/GAEA ចំនួន ៧៣៧នាក់ និងក្រុមហ៊ុន Mizuda Group Co.,Ltd ចំនួន ៧១៤នាក់ សរុប ២០៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ ដែលមានទាំងភួយ មុង កន្ទាល ត្រីខ មី អាវរងារជាដើម ជាមួយនិងព្រះរាជទ្រព្យមួយចំនួនទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ