Connect with us

ព័ត៌មានជាតិ

បញ្ហា​ប្រឈមចំនួន ៧ ជា​ឧបសគ្គជំរុញការអភិវឌ្ឍន៍​​​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា

បានផុស

នៅ

រាជរដ្ឋាភិបាលបាន​សម្រេចដាក់ឱ្យអនុវត្ដនូវ «យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣- ២០២៨» ជាមួយនឹងចក្ខុវិស័យ​អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំ​ធាត់ និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធហើយក្លាយ​​​​ទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការកែ​លម្អ​ជីវភាពរបស់ប្រជាជន និងអាចរួមចំណែកជាអតិបរមាក្នុងការឈាន​ទៅសម្រេចបាន​នូវការអភិវឌ្ឍ​ប្រកប​ដោយចីរភាព បរិយាបន្ន ភាពរឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។

អង្គភាព​សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាមានចំនួនច្រើន និងស្ថិតនៅក្នុងវិស័យ​ជាច្រើនដូចជាវិស័យដឹកជញ្ជូន សេវាកម្ម លក់ដុំ លក់រាយ សិប្បកម្ម និងកសិកម្ម ជាដើម។ ប្រជាជនមានការងារធ្វើ (Employed Population) មានចំនួនសរុបជិត ៧,៩ លាននាក់ (យោងតាមអង្កេតកម្លាំងពលកម្ម ឆ្នាំ២០១៩)។ ក្នុងនោះប្រជាជនមានការងារធ្វើនៅក្នុងវិស័យក្នុងប្រព័ន្ធ (Formal Sector) មានចំនួនជិត ១,៧ លាននាក់ ឬ ២១,៥% នៃប្រជាជនមានការងារធ្វើសរុប។ ដោយឡែកប្រជាជនមានការងារធ្វើជិត ៦,២ លាននាក់ផ្សេងទៀតធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ (Informal Sector)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅកម្ពុជា​អង្គភាពសេដ្ឋកិច្ច (ដែលភាគច្រើនជាសហគ្រាសឯកជន) មានចំនួនសរុបជាង ៥០ ម៉ឺន នៅក្នុងឆ្នាំ២០១១ និង​បានកើនឡើងទៅដល់ជាង ៧៥ ម៉ឺននៅក្នុងឆ្នាំ២០២២។ ក្នុងនោះ អង្គភាព​សេដ្ឋកិច្ចដែលនៅក្នុងប្រព័ន្ធ (បានចុះបញ្ជីឬមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត) បានកើន​ឡើងពី ៣,៤% នៃចំនួនអង្គភាពសេដ្ឋកិច្ចសរុបក្នុងឆ្នាំ២០១១ ទៅ ១២,៤% នៃអង្គភាពសេដ្ឋកិច្ចសរុបក្នុងឆ្នាំ២០២២។

ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទាមទារឱ្យមានការស្វែងយល់ពីបញ្ហាប្រឈម ដើម្បី​អាច​កំណត់​ដំណោះស្រាយសមស្រប។

បើយោងតាមរបាយការណ៍នៃការសិក្សានិងការពិគ្រោះយោបល់​របស់​សមាគម អង្គការជាតិនិងអន្តរជាតិ ដៃគូអភិវឌ្ឍ និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ការជំរុញ​កិច្ចអភិវឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធជួបប្រទះនឹងបញ្ហាប្រឈមចម្បងៗដូចខាងក្រោម៖

ការកំណត់និយមន័យមិនទាន់ច្បាស់លាស់និងទិន្នន័យមិនពេញលេញ

សេដ្ឋកិច្ចក្រៅប្រព័ន្ធមានវិសាលភាពធំ និងទាមទារឱ្យមាននិយមន័យជាក់លាក់ ដើម្បីបែងចែកឱ្យបាន​ច្បាស់លាស់រវាងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ បច្ចុប្បន្នកម្ពុជាមិនទាន់​មាន​និយមន័យ​ជាក់លាក់នៅឡើយ ដែលការណ៍នេះបង្កការលំបាកដល់ការកំណត់វិសាលភាព ការធានា​សង្គតិភាពរវាង ក្រសួង ស្ថាប័ន និងការដាក់ចេញនូវវិធានការអន្តរាគមន៍​​ឱ្យចំគោលដៅនិង​ប្រកបដោយ​ប្រសិទ្ធភាព។ ស្របពេលជាមួយគ្នានេះ កម្ពុជាក៏ជួបប្រទះនឹង​បញ្ហាកង្វះទិន្នន័យ​​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែល បង្កការលំបាកដល់​ការស្វែងយល់​ឱ្យបានគ្រប់​ជ្រុងជ្រោយ។

ជាមួយគ្នានេះដែរ ការសិក្សាអំពីសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធមានចំនួនច្រើន ប៉ុន្តែការសិក្សា​ទាំងនោះមាន​លក្ខណៈដាច់​ដោយ​ឡែកពីគ្នា និងប្រើប្រាស់និយមន័យ​ផ្សេងៗ​គ្នា​ ដោយសារ​ទំហំដ៏ធំនិង​លក្ខណៈពហុវិស័យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កង្វះការយល់ដឹងនិងការផ្សព្វផ្សាយ

ភាគច្រើននៃអ្នកប្រកបមុខរបរនិងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនដឹងឬមិនយល់ច្បាស់ អំពីការ​គាំពារ​និងគាំទ្រផ្សេងៗរបស់រាជរដ្ឋាភិបាល ក៏ដូចជាកាតព្វកិច្ច និងអត្ថប្រយោជន៍​នៃការចូលរួម​ទៅ​ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និយោជកជាច្រើនបានបញ្ជាក់ថា មានបំណង​ចង់បំពេញអនុលោម​ភាពឱ្យបានត្រឹមត្រូវ ប៉ុន្តែមិនដឹងថា ត្រូវចាប់ផ្តើមពីណា ហើយ​ត្រូវបំពេញ​នីតិវិធីអ្វីខ្លះ។ និយោជិតជាច្រើនក៏មិនដឹងថា ខ្លួនមានសិទ្ធិក្នុងការទទួល​បានការគាំពារអ្វីខ្លះ​ពី​រាជរដ្ឋាភិបាល។ ជុំវិញបញ្ហានេះ វិស័យឯកជនក៏ដូចជា អង្គការជាតិនិងអន្តរជាតិ តែងស្នើសុំឱ្យមានការ​ផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយ​និងចំគោលដៅ អំពីនីតិវិធី នៃការចុះបញ្ជី​ទាំងនៅថ្នាក់ជាតិ​និងថ្នាក់ក្រោមជាតិ អត្ថប្រយោជន៍​នៃការចុះបញ្ជី និងការផ្ដល់ការគាំទ និង​ការលើកទឹកចិត្ត​និងអត្ថប្រយោជន៍ផ្សេងៗ។

ការបំពេញអនុលោមភាព មានភាពស្មុគស្មាញនិងត្រូវការចំណាយខ្ពស់

នីតិវិធីស្មុគស្មាញ និងបន្ទុកចំណាយខ្ពស់ទាំងពេលវេលានិងថវិកា បង្កឱ្យមានការលំបាកដល់ការ​បំពេញ​អនុលោមភាពផ្សេងៗ ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែល​មានលទ្ធភាពទាប។ វិស័យឯកជនតែងលើកឡើងអំពីភាពត្រួតស៊ីគ្នា និងភាពមិនច្បាស់លាស់​នៃការអនុវត្តច្បាប់​និងបទដ្ឋានគតិយុត្ត ដោយមានការចុះត្រួតពិនិត្យពីសំណាក់ក្រសួង ស្ថាប័ន​ច្រើនផ្សេងគ្នា ដោយមិន​មានការផ្សព្វផ្សាយឬជូនដំណឹងជាមុនទាំង​នៅថ្នាក់​ជាតិនិង​ថ្នាក់​ក្រោមជាតិ។

បញ្ហាទាំងនេះបង្កឱ្យមានភាពមិនអាចប៉ាន់ប្រមាណបាន​និងការព្រួយបារម្ភ ដែលធ្វើឱ្យ​ទំនុកចិត្ត​ក្នុង​ការ​ចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធធ្លាក់ចុះ។ ទន្ទឹមនេះ សហគ្រាស​ដែល​ស្ថិត​នៅក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ នៅតែអាចធ្វើប្រតិបត្តិការបានធម្មតា ដែលការណ៍នេះ​បង្កើតឱ្យមាន​ការប្រកួតប្រជែង​មិនស្មើភាព​រវាងសហគ្រាសដែលនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាស​ដែល​នៅក្នុង​សេដ្ឋកិច្ច​ក្នុងប្រព័ន្ធ។

លទ្ធភាពរបស់ប្រជាជននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានកម្រិតទាប

អ្នកប្រកបមុខរបរនិងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួបប្រទះនឹងបញ្ហាជីវភាពខ្វះខាត និង​មិន​អាចរ៉ាប់រងបន្ទុកចំណាយលើការបំពេញអនុលោមភាព។ ជាងនេះ​ទៅទៀត អ្នកទាំងនេះក៏ងាយ​ទទួល​រងហានិភ័យពីវិបត្តិ ដូចជាវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យប្រជាជនជាច្រើន​បាត់បង់ប្រាក់​ចំណូល​និងធ្លាក់ចូលទៅក្នុងភាពក្រីក្រ។

កង្វះយន្តការក្នុងការគ្រប់គ្រងនិងគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ

អ្នកប្រកបមុខរបរនិងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានតម្រូវការខ្ពស់ផ្នែកថែទាំសុខភាព ប៉ុន្តែ​ការផ្ដល់ការថែទាំ​សុខភាព​តាមរយៈបណ្ណមូលនិធិ​សមធម៌សុខាភិបាល និង​បណ្ណប.ស.ស. នៅ​មិនទាន់​មានវិសាលភាពគ្របដណ្តប់និងការប្រើប្រាស់បានទូលំទូលាយនៅឡើយ។ ស្របពេលជាមួយគ្នានេះ អ្នក​ប្រកបមុខរបរនិងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិន​ទាន់ស្ថិត​ក្រោមការគ្រប់គ្រងនិងការទទួលស្គាល់ដោយយន្តការនៃក្រសួងស្ថាប័ន​ណាមួយ​នៅ​ឡើយ។

ជាក់ស្ដែង អ្នកប្រកបមុខរបរនិងធ្វើការងារដោយមិនមានទីតាំងជាក់លាក់ មិនអាច​ស្នើសុំលិខិត​អនុញ្ញាតផ្សេងៗ​ពីយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឬក្រសួង ស្ថាប័នណាមួយនៅឡើយ។ ជាមួយគ្នានេះ បុគ្គលស្វ័យនិយោជន៍ ក៏នៅមិន​ទាន់អាច​ចូលជាសមាជិក ប.ស.ស.បាន ដោយសារ​កង្វះបទដ្ឋានគតិយុត្ត ជាពិសេសអនុក្រឹត្យ និង​ប្រកាស​ពាក់ព័ន្ធ ព្រមទាំងយន្តការគាំទ្រផ្សេងៗ បើទោះបីជា​ច្បាប់ស្តីពីរបបសន្តិសុខសង្គម​ចែងថាបុគ្គលស្វ័យនិយោជន៍​អាចចូលរួមក្នុងផ្នែកថែទាំ​សុខភាព​និងប្រាក់សោធន តាមគោលការណ៍ស្ម័គ្រចិត្តក៏​ដោយ។

គុណភាពនៃសេវាសាធារណៈនិងការគាំទ្រផ្សេងៗរបស់រាជរដ្ឋាភិបាលនៅមានកម្រិត

សេវាសាធារណៈ​និងការគាំទ្រផ្សេងៗ​របស់រាជរដ្ឋាភិបាល គឺជាភាពទាក់ទាញដ៏ចម្បង (ដូចជាសេវា​សុខាភិបាល ការបណ្តុះបណ្តាល និង​ការលើកទឹកចិត្តផ្នែកពន្ធដារជាដើម) ដែលអាចលើកកម្ពស់ការចូលរួម​ទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធផង និង​លើកកម្ពស់សមត្ថភាព​និង​ផលិតភាព​របស់​វិស័យ​ឯកជន​ផង។ ទោះជាយ៉ាងនេះក្តី វិស័យ​ឯកជនតែងលើកឡើង​អំពីកង្វះការគាំទ្រ​ក្នុងការ​ពង្រីក​អាជីវកម្ម ការទទួលបានហិរញ្ញប្បទាន និងការស្វែងរកទីផ្សារនិងកម្មករជំនាញ ព្រមទាំងការ​លំបាក​ក្នុងការទទួល​បានសេវាសាធារណៈ និងការគាំទ្រផ្សេងៗដែលមានស្រាប់ ដោយសារ​គុណភាព​នៃការផ្ដល់សេវា​និងលក្ខខណ្ឌតម្រូវច្រើន ដែលវិស័យឯកជនមិនអាចបំពេញបាន។

យ៉ាងណាមិញ រាជរដ្ឋាភិបាលបានដាក់ចេញ​និង​អនុវត្តនូវកម្មវិធីកែទម្រង់ជាច្រើនដែលអាច​ប្រើប្រាស់​ជាមូលដ្ឋានសម្រាប់​ការគិតគូរក្នុងការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កម្មវិធីកែទម្រង់សំខាន់ៗ ដែលផ្តល់បច្ច័យវិជ្ជមាន ដោយ​ផ្ទាល់​និងដោយ​ប្រយោល​ដល់​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធមានដូចខាងក្រោម៖

ការរៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ការចុះបញ្ជីអាជីវកម្មនៅកម្ពុជា​ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជាការបំពេញនីតិវិធីនៅក្រសួង ស្ថាប័នច្រើន និងដាច់ដោយឡែកពីគ្នា ដែលត្រូវប្រើពេលវេលាយូរនិងចំណាយខ្ពស់។ ក្នុងគោលដៅ សម្រួលនិងលើកទឹកចិត្តដល់ការចុះបញ្ជីអាជីវកម្ម រាជរដ្ឋាភិបាល​បានដាក់​ឱ្យដំណើរការ​នូវដំណាក់កាលទី១ នៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange ឬហៅកាត់ថា ថ្នាល CamDX) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលអនុញ្ញាតឱ្យ​សហគ្រាស​អាចធ្វើការចុះ​បញ្ជីអាជីវកម្មជាមួយក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ​នៃក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពេលតែមួយ តាម​ប្រព័ន្ធអនឡាញ​ទាំងស្រុង ជាមួយនឹងនីតិវិធីងាយស្រួលនិងរហ័ស តម្រូវការ ព័ត៌មាន​និង​ឯកសារ​តិច ព្រមទាំងថ្លៃសេវាទាបជាងមុន។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ សហគ្រាសដែល​បានធ្វើការចុះបញ្ជីអាជីវកម្មតាមថ្នាល CamDX មាន​ចំនួន​ជាង ២៨ ០០០ និង​មានដើមទុនចុះបញ្ជីសរុបជាង ៨ ប៊ីលានដុល្លារអាម៉េរិក។

រាជរដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ និង ដំណាក់កាលទី៣ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដោយបានដាក់បញ្ចូលទៅក្នុងថ្នាល CamDX នូវការស្នើសុំអាជ្ញាបណ្ណនិង/ឬលិខិតអនុញ្ញាតពីក្រសួង ស្ថាប័នពាក់ព័ន្ធ នៅក្នុងវិស័យសំខាន់ៗ ដូចជា ទេសចរណ៍ កម្មន្តសាល កសិកម្ម ប្រៃសណីយ៍​និងទូរគមនាគមន៍ និងហិរញ្ញវត្ថុ ជាដើម។

រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីបន្តពង្រឹង​ការធ្វើសមាហរណកម្ម​រវាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំង​ការសម្រួល​ដល់ដំណើរការ​នៃការចុះបញ្ជី​សហគ្រាស ក៏ដូចជាកម្មករ និយោជិត ឱ្យបានជា អតិបរមា។

ការលើកទឹកចិត្តផ្នែកពន្ធដារ

ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជា ជាពិសេសសម្រាលបន្ទុករបស់សហគ្រាស រាជរដ្ឋាភិបាល​បានដាក់​ចេញនូវការលើកទឹកចិត្តផ្នែកពន្ធដាជាបន្តបន្ទាប់ សម្រាប់​សហគ្រាស​ធុនមីកូ តូច និងមធ្យម ដូចជាការសម្រេច​លុបចោលនូវពន្ធលើរបបម៉ៅការ សម្រាប់​សហគ្រាស​ធុនមីក្រូ និងការលើកលែងឬ​អនុគ្រោះពន្ធប្រថាប់ត្រាលើលិខិតស្តីពីការបង្កើតសហគ្រាស និង​ការកាត់បន្ថយ​ពន្ធប៉ាតង់ ៥០% សម្រាប់ឆ្នាំដំបូងនៃការចុះបញ្ជីអាជីវកម្មរបស់សហគ្រាសធុនតូច មធ្យម និងធំ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានរៀបចំការចុះបញ្ជីដោយស្ម័គ្រចិត្ត ព្រមទាំងការ​លើកទឹកចិត្ត​ផ្នែកពន្ធដារ ដល់សហគ្រាស ធុនតូចនិងមធ្យម ដោយ​ទទួលបានការ​លើកលែងពន្ធ​លើប្រាក់​ចំណូលចាប់ពី ៣ ទៅ ៥ ឆ្នាំ ចំពោះវិស័យ អាទិភាពមួយចំនួន ដូចជា​ផលិតផល​កសិកម្ម​ឬកសិឧស្សាហកម្ម ផលិតនិងកែច្នៃម្ហូបអាហារ កម្មន្តសាល ដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ ជាដើម។

អត្ថប្រយោជន៍គាំពារសង្គម

រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គមជាច្រើន ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយ និងរក្សាលំនឹងជីវភាព​របស់គ្រួសារក្រីក្រនិង​គ្រួសារងាយរងហានិភ័យ​ក្នុង​ស្ថានការណ៍​ដ៏លំបាកក្រោមរូបភាពផ្សេងៗ (ដូចជាវិធានការជំនួយសង្គម​ក្នុងកំឡុងពេលនៃ​ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩) ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងជួយគាំទ្រ​ដល់ប្រជាជន​តាមជនបទនិងកសិករ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការ​នូវរបប​សន្តិសុខសង្គម​ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារនិងផ្នែកប្រាក់សោធន សម្រាប់​បុគ្គល​ទាំងឡាយ​ណាដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយមាន ប.ស.ស. ជា​ប្រតិបត្តិករសន្តិសុខសង្គម បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ ការថែទាំសុខភាព​ដោយ​ឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌សុខាភិបាល ជូនក្រុមអាទិភាព ដូចជាកម្មករ

ក្រៅ​ប្រព័ន្ធ បុគ្គលិកបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ អ្នកធាក់ស៊ីក្លូ កីឡាករជម្រើសជាតិ សមាជិក ក្រុមប្រឹក្សាភូមិឃុំ និងក្រុមគ្រួសារជនពលីមរណៈ។

ការបណ្តុះបណ្តាលជំនាញ

ការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មឱ្យក្លាយជាពលករដែលមានជំនាញ និងអាចមានលទ្ធភាពប្រើប្រាស់​បច្ចេកវិទ្យាកម្រិតខ្ពស់ តាមរយៈការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជា​កត្តាគន្លឹះមួយដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញជាច្រើន ដូចជា​ការបណ្តុះបណ្តាល​ស្ពានចម្លងបន្តជំនាញ ការបណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពក្រីក្រតាម​រយៈមូល​និធិជាតិ ការបណ្តុះបណ្តាលជំនាញសហគ្រិនជូនកម្មករ កម្មការិនី ការហ្វឹកហ្វឺន​កូនជាង​នៅតាម​បណ្តាសហគ្រាសផ្សេងៗ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាហារូបករណ៍ដល់យុវជន​ក្រីក្រ និងការបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១ សម្រាប់កម្មករ និយោជិត ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

ការរៀបចំយន្តការធ្វើអធិការកិច្ចរួម

ក្នុងគោលបំណងកាត់បន្ថយបន្ទុកនិងការរំខានដល់​រោងចក្រ សហគ្រាស ក្រសួងការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈបានប្រកាសដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និង​ការធ្វើ​អធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាម​រយៈគេហទំព័រ https://sicms.mlvt.gov.kh កាលពីខែមករា ឆ្នាំ២០២២។

ម្ចាស់ឬនាយករោងចក្រ សហគ្រាស មានកាតព្វកិច្ចធ្វើ​ស្វ័យប្រកាស​អធិការកិច្ចការងារ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចំនួន ២ លើកក្នុងមួយឆ្នាំដែលធ្វើឡើង​រៀងរាល់ ៦ ខែម្តង។ ការធ្វើអធិការកិច្ចការងារត្រូវធ្វើឡើងរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយ​រាជរដ្ឋាភិបាល​បានបង្កើតក្រុមអធិការកិច្ចអន្តរក្រសួងចំនួន ៣ តាមរយៈប្រកាសអន្តរក្រសួង ក្នុង​វិស័យកម្មន្តសាល វិស័យឧស្សាហកម្ម ទេសចរណ៍ និងវិស័យកសិកម្ម ដោយ​ក្រុមអធិការកិច្ច​អន្តរក្រសួង​នីមួយៗត្រូវធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយ និង​តែមួយ​លើក​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម