ព័ត៌មានជាតិ
គ.ជ.ប អំពាវនាវឲ្យគណបក្សមួយ បញ្ឈប់សកម្មភាពគំរាមកំហែងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវបញ្ឈប់សកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោតឲ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ។ បើមិនបញ្ឈប់ទេ គ.ជ.ប នឹងចាត់វិធានការតាមផ្លូវច្បាប់។ តែយ៉ាងណាក៏ដោយ គ.ជ.ប មិនបានបង្ហាញឈ្មោះគណបក្សនយោបាយមួយនោះ នោះឡើយ។

សេចក្ដីថ្លែងការណ៍របស់ក្រុមប្រតិកម្មព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ១៥ ខែកុម្ភៈនេះ បានឲ្យដឹងថា ការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ មានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ហើយរហូតមកដល់ពេលនេះការឃោសនា បានប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ។
សេចក្ដីថ្លែងការណ៍ បានឲ្យដឹងបន្តថា គណបក្សនយោបាយ ដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតដោយសេរី តាមកម្មវិធី និងលទ្ធភាពរៀងៗខ្លួន។ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈ ងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាព ដល់គណបក្សនយោបាយ ដើម្បីធ្វើការឃោសនាបោះឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត។
តាមរយៈសេចក្ដីថ្លែងការណ៍នេះ គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាមកំហែង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឲ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
មាត្រា ៧១ នៃច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា*…គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឲ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬ សន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ ។…”
គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត បានអំពាវនាវឲ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់បញ្ឈប់ជាបន្ទាន់ ដើម្បីឲ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូចជាការបោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅ ទៀត ការរក្សាការសម្ងាត់ នៃការបោះឆ្នោត គឺជាគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?