ព័ត៌មានជាតិ
នៅតំបន់ជួរភ្នំក្រវាញ នឹងបំពាក់កាំមេរ៉ាបន្ថែមដើម្បីតាមដានវត្តមានសត្វព្រៃ
ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាំមេរ៉ាបន្ថែមនៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមានសត្វព្រៃដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។ នេះបើតាមការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា តាមការណែនាំពីអ្នកបច្ចេកទេសមកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន ១គ្រឿង ត្រូវដាក់ចន្លោះពីគ្នាក្នុងចំងាយមួយគីឡូម៉ែត្រ។
លោកថា «ការបំពាក់កាំមេរ៉ានេះនឹងជួយផ្តល់នូវទិន្នន័យជាក់លាក់នៃធនធានសត្វព្រៃ។ មិនតែប៉ុណ្ណោះ ក៏នឹងជួយដល់អ្នកអភិរក្សក្នុងការរៀបចំផែនការដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស, សិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ និងសិក្សាពីរបាយនិងភាពសំបូររបស់សត្វព្រៃ ដែលអាចជាចំណីរបស់សត្វខ្លាធំ»។

លោករដ្ឋមន្រ្តីបានបន្តទៀតថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ WA, CI, FFI និងគម្រោង CSLEP បានចុះសិក្សា និងបានដាក់កាំមេរ៉ា ដែលបានបំពាក់រួចរាល់នាពេលកន្លងមក ចំនួនប្រមាណ ៣៨២ ទីតាំង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីសិក្សាវត្តមានសត្វព្រៃ ដែលមានដោយកម្រ និងជិតផុតពូជ ក៏ដូចជាក្នុងគោលបំណងរៀបចំ កំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ព្រមជាមួយការសិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។

លោក អ៊ាង សុផល្លែត សង្កត់ធ្ងន់ថា «គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើង បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថា សត្វខ្លាធំនៅមានចំនួន ប្រហែល ៣២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមាន ក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល ១០ម៉ឺនក្បាល នៅក្នុងពិភពលោក»។

សូមបញ្ចាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា និងឥណ្ឌាបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម