ព័ត៌មានជាតិ
កម្ពុជាមិនមានផែនការប្ដូរទីតាំងរាជធានី ដូចប្រទេសដទៃ
ខណៈប្រទេសនានា រួមទាំងប្រទេសក្នុងតំបន់អាស៊ានបានប្ដូរទីតាំងរាជធានី ដោយសារកំណើនចំនួនប្រជាជន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនមានផែនការប្ដូរទីតាំងរាជធានី ដូចប្រទេសដទៃនោះទេ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ពិធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមួយខ្សែទៀត នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើសិនមិនមានប្រជាជនច្រើន បញ្ហាកកស្ទះចរាចរណ៍ច្រើន យើងមិនពង្រីកផ្លូវទេ។ ដ្បិតបើប្រជាជននៅតែម្ដុំៗ កន្លែងផ្សេងទៀតមិនមានប្រជាជនទៅនៅ នោះក៏មិនបាច់ធ្វើផ្លូវច្រើនខ្សែដែរ ដោយសារប្រជាពលរដ្ឋរីកច្រើនកន្លែង ទើបយើងត្រូវធ្វើផ្លូវតភ្ជាប់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “អ៊ីចឹង បញ្ជាក់ថា ពេលណាមានតម្រូវការកសាងផ្លូវថ្នល់ច្រើន បានន័យថា កន្លែងហ្នឹងហើយមានប្រជាពលរដ្ឋរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត។ ហើយនៅភ្នំពេញ តម្រូវការ ត្រូវធ្វើ (ហេដ្ឋារចនាសម្ព័ន្ធ) ច្រើន តែកម្ពុជាគ្មានផែនការលើករាជធានីភ្នំពេញទៅណាទេ ប្រទេសខ្លះគេលើក ឥឡូវឥណ្ឌូនេស៊ី កំពុងរៀបចំដូររាជធានីពីចាការតា ទៅ កោះបរនេអូ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ការប្ដូរទីតាំងខាងលើ គឺដោយសារកន្លែងចាស់មានមនុស្សច្រើន ហើយ ចាការតាធ្វើលើដីដែលពឹងលើប្រភពទឹកពីក្រោម ខណៈប្រជាជនកាន់ច្រើន បូមប្រើប្រាស់ទឹកក្រោមដីច្រើន ធ្វើឱ្យដីស្រុតចុះ ៤ម៉ែត្រ ដែលនាំឱ្យឧស្សាហ៍មានការលិចលង់រដ្ឋធានី។ ចំណែក នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០០៥ ក៏បានរើទីក្រុង យ៉ាំងហ្គូន ផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា៖ “ភ្នំពេញ ខ្ញុំថា អត់ចាំបាច់រើទៅណាទេ! យើងរើច្រើនហើយ យើងរើតាំងពីអង្គរ មកឧត្ដុង្គ មកអីច្រើនហើយ មកដល់ថ្មើនេះ គឺត្រូវពង្រឹងនៅនឹងកន្លែង ពង្រីកនៅនឹងកន្លែង។ សុំបញ្ជាក់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធររាជធានី មិនមានផែនការមិន ឱ្យប្រជាពលរដ្ឋរាជធានីភ្នំពេញកើតកូនច្រើននោះទេ”។

គួរបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រពង្រីកផ្លូវឱ្យអស់លទ្ធភាព ពង្រីករាជធានី កសាងផ្លូវភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ កសាងស្ពាន និងស្ពានអាកាសនៅរាជធានីភ្នំពេញ នៅថ្ងៃអនាគត កម្ពុជាក៏មានគម្រោង នឹងធ្វើស្ពានខ្សែក្រវ៉ាត់ក្រុង ព្រមទាំងផ្លូវ និងចំណតក្រោមដីផងដែរ។

គួររម្លឹកថា រាប់ចាប់ពី រាជធានីអង្គរទី៣ ត្រង់ប្រាសាទបាយ័ន ខេត្តសៀមរាប ចុងសតវត្សទី១២ ដើមសតវត្សទី១៣ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី៧ ប្រទេសកម្ពុជា បានប្ដូររាជធានីជាបន្តបន្ទាប់ដូចជាទៅ រាជធានីទួលបាសាន ខេត្តកំពង់ចាម ឆ្នាំ១៤៣១ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត, នៅរាជព្រះបាទ សុគន្ធបទ បានប្តូរឈ្មោះទៅជា រាជធានីស្រីសឈរ និងក្រោយមកទៀត បានប្តូរឈ្មោះមកជា ស្រុកស្រីសន្ធរ រហូតដល់បច្ចុប្បន្ន, រាជធានីចតុមុខ សតវត្សទី១៥ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត, រាជធានីស្រឡប់ពិជ័យព្រៃនគរ ខេត្តកំពង់ចាម ដើមសតវត្សទី១៦ រជ្ជកាលស្តេចកន ឬព្រះបាទស្រីជេដ្ឋា ធិរាជរាមាធិបតី, រាធានីលង្វែក ខេត្តកំពង់ឆ្នាំង សតវត្សទី១៦ រជ្ជកាលព្រះបាទច័ន្ទរាជា ឬអង្គច័ន្ទទី១, រាជធានីស្លាកែត ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌, រាជធានីល្វាឯម ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌, រាជធានីឧដុង្គមានជ័យ ខេត្តកណ្តាល នៅខាងជើងភ្នំព្រះរាជទ្រព្យ តែក្រោយមកនៅម្តុំវាំងចាស់ក្នុងខេត្ត កំពង់ស្ពឺ សតវត្សទី១៧រជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ឆ្នាំ១៦១៨-១៦២៨ ព្រះអង្គដួង ព្រះនរោត្តម, រាជធានីភ្នំពេញ ក្នុងរជ្ជកាល ព្រះបាទនរោត្តម ក្នុងសតវត្សរ៍ទី ១៩ បន្ទាប់ពីរាជធានីឧដុង្គមក ត្រូវបានត្រឡប់មកសាងសង់ ជាលើកទី២ នៅរាជធានីភ្នំពេញក្នុង ឆ្នាំ១៨៦៥ ហើយឋិតឋេរមកដល់សព្វថ្ងៃ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?