ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកម្មវិធី BEEP របស់អង្គការយូណេស្កូ
ក្រុមហ៊ុន Smart Axiata បានប្រកាសថា ខ្លួននឹងបន្តគាំទ្រដល់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៉ីនធើណិត (BEEP) របស់អង្គការយូណេស្កូ ក្នុងនាមជាដៃគូទូរគមនាគមន៍ ដោយផ្តល់ឧបករណ៍សិក្សា និងទិន្នន័យសម្រាប់យុវជនក្រៅសាលា ឲ្យបញ្ចប់ការអប់រំអនុវិទ្យាល័យ ដោយធ្វើការងារជាមួយនឹងក្រសួងអប់រំយុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចាប់តាំងពីបង្កើតកម្មវិធី BEEP ក្នុងឆ្នាំ២០១៨ ដោយអង្គការយូណេស្កូ ជាមួយការគាំទ្រពីក្រសួងទាំងពីរនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិការទូរគមនាគមន៍ទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានគាំទ្រកម្មវិធី BEEP តាមរយៈការផ្តល់លទ្ធភាពចូលទៅកាន់ផ្លាតហ្វម BEEP នេះ ដើម្បីធានាថា យុវជនក្រៅសាលាអាចបញ្ចប់ការសិក្សាកម្មវិធីនេះ និងបន្តការសិក្សានៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឬសាលាបច្ចេកទេសនានា។ កម្មវិធី BEEP ផ្តល់ជូនមុខវិជ្ជាសរុបចំនួន១១ ដោយសិក្សាតាមអេឡិចត្រូនិក ដែលសិស្សានុសិស្សអាចរកបានមុខវិជ្ជាទាំងនេះ សម្រាប់ការរៀនសូត្រនៅក្នុងកម្មវិធី Moodle ជាភាសាខ្មែរ។ កម្មវិធីនេះផ្តល់ជូនការអប់រំប្រកបដោយភាពបត់បែន និងបែបជម្រើសដល់យុវជនក្រៅសាលា ដែលអាចឲ្យពួកគេបញ្ចប់ការអប់រំថ្នាក់អនុវិទ្យាល័យ ឬការអប់រំមូលដ្ឋានដែលស្មើនឹងថ្នាក់ទី៩។
កម្មវិធី BEEP របស់អង្គការយូណេស្កូ គឺជាផ្នែកមួយនៃកម្មវិធីការងារសមរម្យសម្រាប់យុវជន (DEY) ក្នុងដំណាក់កាលទី២ ក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីរួមគ្នាមួយរវាងអង្គការសហប្រជាជាតិមួយនេះជាមួយនឹងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។ កម្មវិធី DEY ដំណាក់កាលទី២ នេះមានបំណងជួយយុវជន និងយុវនារី ក្នុងប្រទេសកម្ពុជាឲ្យទទួលបានឱកាសកាសការងារសមរម្យប្រកបដោយផលិតភាព តាមរយៈការធានាថា ពួកគេមានសមត្ថភាពកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ការងារប្រកប ដោយគុណភាព។
ក្រុមហ៊ុន Smart Axiata បានប្តេជ្ញាចិត្តផ្តល់ធេប្ល៊ីតចំនួន៣៥០គ្រឿង និងស៊ីមកាតចំនួន៣៥០ ដែលអាចប្រើប្រាស់អ៉ីនធើណិតគ្មានដែនកំណត់ដោយឥតគិតថ្លៃ ទៅឲ្យសិស្សចំនួន៥០០នាក់ ដើម្បីចូលយកមុខវិជ្ជាសិក្សា និងផ្តល់ជូនកុំព្យូទ័រយួរដៃចំនួន៥ សម្រាប់គោលបំណងសម្របសម្រួលកម្មវិធីទៅឲ្យក្រសួងទាំងពីរដែលគ្រប់គ្រងកម្មវិធីនេះ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា “លទ្ធភាពទទួលបានការអប់រំ គឺជាសិទ្ធិមនុស្សមូលដ្ឋាន ហើយក្រុមហ៊ុន Smart ជឿទៅលើសិទ្ធិនេះយ៉ាងខ្លាំង។ តាមរយៈការប្រើប្រាស់ឥទ្ធិពលនៃបច្ចេកវិទ្យា យុវជនជាពិសេសយុវជន ដែលបានចូលរួមក្នុងកម្លាំងពលកម្មដោយគ្មានលក្ខណៈសម្បត្តិមូលដ្ឋាន បច្ចុប្បន្នមានឱកាសបន្តការរៀនសូត្រ លូតលាស់ និងអភិវឌ្ឍខ្លួន”។ លោកបន្ថែមថា “ការធ្វើឲ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនតាមរយៈការអប់រំ គឺជាការកត្តាជំរុញ ដែលស្ថិតនៅពីក្រោយកម្មវិធីជាច្រើនរបស់យើង ហើយយើងមានមោទកភាព ក្នុងការបន្តភាពជាដៃគូរបស់យើងជាមួយអង្គការយូណេស្កូ និងក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយតម្រូវការបន្ទាន់នៃការផ្តល់ឱកាសអប់រំ ដែលកំពុងធ្វើឡើងដល់យុវជន”។
ក្រុមហ៊ុន Smart Axiata នឹងផ្តល់អ៉ីនធើណិតដោយឥតគិតថ្លៃផ្តល់សិស្ស ដែលបានចុះឈ្មោះ ដើម្បីទទួលបានមេរៀនអេឡិចត្រូនិក ហើយអាចចូលយកមុខវិជ្ជាណាមួយដែលពួកគេចាប់អារម្មណ៍នៅទីតាំងរបស់ពួកគេផ្ទាល់។

វិធីមួយដែលកម្មវិធី BEEP អាចធ្វើឲ្យមានឥទ្ធិពលខ្លាំងនិងមានរយៈពេលយូរអង្វែង គឺតាមរយៈការភ្ជាប់ខ្លួនទៅនឹងកម្មវិធីអក្ខរកម្មនៅតាមរោងចក្រ (FLP) ដែលអាចឲ្យយុវនារីដែលធ្វើការនៅរោងចក្រទទួលបានបំណិនអក្ខរកម្មមូលដ្ឋាន និងអាចឲ្យពួកគេដឹងអំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន។ សិស្សដែលជាប់ការប្រឡងបញ្ចប់មុខវិជ្ជានេះ ត្រូវបានផ្តល់ជូនវិញ្ញាបនបត្របញ្ចប់ការសិក្សាមួយដែលផ្តល់ជូនដោយមន្ទីរអប់រំ យុវជន និងកីឡានៅតាមខេត្តរៀងៗខ្លួន ដែលត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា (ដែលជាមុខវិជ្ជាស្មើនឹងកម្រិតអប់រំថ្នាក់ទី៦)។ កម្មករ និងកម្មករីរោងចក្រដែលបញ្ចប់ការសិក្សាពីកម្មវិធី FLP អាចបន្តការអប់រំរបស់ពួកគេបានតាមរយៈការចុះឈ្មោះក្នុងកម្មវិធី BEEP ហើយទទួលបានភាពសមមូលទៅនឹងការអប់រំថ្នាក់អនុវិទ្យាល័យផងដែរ។
លោក Sardar Umar Alam អ្នកតំណាងរបស់អង្គការយូណេស្កូ បានថ្លែងថា “អង្គការយូណេស្កូ មានសេចក្តីរីករាយក្នុងការបន្តធ្វើការងារជាមួយក្រុមហ៊ុន Smart Axiata ដែលផ្តល់ដំណោះស្រាយអប់រំឌីជីថលប្រកបដោយភាពបត់បែនសម្រាប់សិស្សដែលសិក្សានៅតាមមជ្ឈមណ្ឌលសិក្សារបស់កម្មវិធី BEEP ដើម្បីបន្តការសិក្សាពីចម្ងាយរបស់ពួកគេ»។ លោកបន្ថែមថា៖ «ភាពជាដៃគូសាធារណៈនិងឯកជន នឹងបង្កើតបានជាឱកាសកាន់តែច្រើនថែមទៀត ដើម្បីធានាថា យុវជនយុវនារីអាចទទួលបានការអប់រំប្រកបដោយគុណភាព និងជំនាញ ដែលតម្រង់ទិសឆ្ពោះទៅរកការងារ”៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ