ព័ត៌មានជាតិ
ក្នុងពេល ១០ ឆ្នាំ កម្ពុជាដាក់ផែនការចាយទឹកប្រាក់ប្រមាណ ៣៦,៦ ប៊ីលានដុល្លារ វិនិយោគវិស័យភស្តុភារកម្ម
កាលពីម្សិលមិញនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានដឹកនាំកិច្ចប្រជុំជជែកពិភាក្សាអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។
កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងផែនការ រួមទាំងមន្ត្រីបច្ចេកទេសក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងស្ថាប័នឯកជនសរុបប្រមាណ ២០០ រូប។



ដំណើរការកិច្ចប្រជុំដែលរៀបចំពេញមួយព្រឹក បានពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៤ រួមមាន៖
១). វឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិភស្តុភារកម្ម
២). វឌ្ឍនភាពផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Masterplan on Intermodal Transport Connectivity and Logistics System in Cambodia 2023-2033_CITLS)
៣). វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ
៤). វឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ។
ថ្លែងនៅក្នុងអង្គពិធី លោក ស៊ុន ចាន់ថុល បានស្នើសុំទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលជាផែនការមេថ្នាក់ជាតិថ្មីមួយដើម្បីជំរុញឱ្យកម្ពុជាអាចទាក់ទាញការវិនិយោគចូលមកបានកាន់តែច្រើនបន្ថែមទៀត។

ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។ ក្នុងនោះមានផែនការមេចំនួន ០៧ សំយោគបញ្ចូលគ្នារួមមាន៖ ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ ភស្តុភារកម្ម ផ្លូវអាកាស និងដឹកជញ្ជូនអន្តរមធ្យោបាយ រួមគ្នាមានចំនួន ១៧៤ គម្រោង ទាំងផ្នែកទន់និងផ្នែករឹង ជាមួយនឹងទឹកប្រាក់វិនិយោគប្រមាណ ៣៦,៦ ប៊ីលានដុល្លារអាមេរិក។
បើតាមលោក ស៊ុន ចាន់ថុល ផែនការមេនេះមានចក្ខុវិស័យក្នុងការបន្តកែលម្អ និងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡា ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ