ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋសភា ដែលតែងតែគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋសភា ដែលតែងតែផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ។

ការថ្លែងអំណរគុណ និងការកោតសរសើរបែបនេះ ខណៈដែលរដ្ឋសភា នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បាន បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី ៧ ក្រោមអធិបតីភាពសម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការតែងតាំងបំពេញបន្ថែម សមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប។

ក្នុងកិច្ចប្រជុំរដ្ឋសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ សូមថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់អង្គរដ្ឋសភា ដែលជានិច្ចកាលក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិ ដែលទទួលបាននូវសេចក្ដីទុកចិត្តពីប្រជាពលរដ្ឋ តែងតែបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបម្រើប្រទេសជាតិ និងផ្ដល់នូវការគាំទ្រគ្រប់បែបយ៉ាងដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អនុលោមតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ពាក់ព័ន្ធ ក៏ដូចជាយោងតាមតម្រូវការចាំបាច់ក្នុងការជំរុញ និងអនុវត្តឲ្យសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្ដេចបានប្រកាសដាក់ជូនអង្គរដ្ឋសភា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ និងយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ ដែលសម្ដេចបានប្រកាសដាក់ឲ្យអនុវត្តក្នុងកិច្ចប្រជុំពេញអង្គលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣កន្លងទៅ។

ជាពិសេសរបៀបវារៈ នៃការកែទម្រង់អភិបាលកិច្ចដោយផ្ដោតអាទិភាពខ្ពស់ លើការពង្រឹងស្ថាប័នរដ្ឋឲ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ តាមរយៈនៃការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ ការគ្រប់គ្រង និងការចាត់ចែងកិច្ចការប្រទេសជាតិ ក៏ដូចជាការធានានិរន្តភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជន ព្រមជាមួយនឹងការកសាងប្រទេសជាតិ និងការពង្រឹងនីតិរដ្ឋ សំដៅដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងចីរភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី សម្ដេច បានស្នើដល់អង្គរដ្ឋសភា ពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការតែងតាំងបំពេញបន្ថែម នៃសមាសភាពរាជរដ្ឋាភិបាល ដែលមានរាយនាមដូចជា៖ ទី១. ឯកឧត្ដម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខសាធារណៈ។ ទី២. ឯកឧត្ដម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ទី៣. ឯកឧត្ដម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

បន្ទាប់ពីការស្នើរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចមក, សមាជិក-សមាជិការដ្ឋសភា បានចាប់ផ្ដើមបោះឆ្នោតម្នាក់ម្ដងៗ ហើយដែលជាលទ្ធផលសមាសភាពសមាជិករាជរដ្ឋាភិបាលបំពេញបន្ថែមទាំង ៣រូប ត្រូវបានសមាជិក-សមាជិករដ្ឋសភាចំនួន ១២០សំឡេង បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត នៅព្រឹកថ្ងៃពុធដដែលនេះ៕

-
សន្តិសុខសង្គម៨ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់