ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ និងសុខាភិបាល កំពុងពន្លឿនបញ្ចប់វិសោធនកម្ម ពិន័យអ្នកគេវេះធ្វើចត្តាឡីស័ក
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រសួងសុខាភិបាល ដើម្បីពិនិត្យ និងពិភាក្សាលើការពិនិត្យកែសម្រួលអនុក្រឹត្យស្តីពីវិធានសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដើម្បីឆ្លើយតបនឹងបរិបទជាក់ស្តែងនៃការរីករាលដាលនៃមេរោគកូវីដ-១៩ ដែលជាជំនួបលើកទី១ ដែលនឹងត្រូវបន្តពិភាក្សាគ្នាសម្រេចក្នុងពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅរដ្ឋមន្ត្រីសុខាភិបាលពិភាក្សាជាមួយ រដ្ឋមន្ត្រីយុត្តិធម៌ ធ្វើការកែប្រែបង្កើនចំនួនប្រាក់ពិន័យលើមាត្រា៨ នៃអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លើយតបការរីករាលដាលជាអន្តរជាតិ ជំងឺតាមច្រកចេញ-ចូល ដើម្បីសុវត្ថិភាពសុខភាពក្នុងប្រទេស ក្រោយមានពលករខ្មែរម្នាក់បានគេចចេញពីការធ្វើចត្តាឡីស័ក និងជួបគ្រោះថ្នាក់ជាន់មីនដាច់ជើងក្នុងពេលលួចឆ្លងដែនពីប្រទេសថៃ នៅខេត្តបន្ទាយមានជ័យ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ការប្រជុំម្សិលមិញជាការជួបលើកទី១ រវាងក្រសួងយុត្តិធម៌ ដឹកនាំដោយ រដ្ឋមន្ត្រី លោក កើត រិទ្ធិ ជាមួយក្រសួងសុខាភិបាល ដឹកនាំដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួង។
លោក មានប្រសាសន៍បន្តថា នៅក្នុងកិច្ចប្រជុំលើកទី១ ភាគីចូលរួមបានពិភាក្សាទៅលើអ្វីជាគោលបំណងរបស់ក្រសួងសុខាភិបាលពិតប្រាកដនៅក្នុងការរៀបចំឱ្យមានវិសោធនកម្មអនុក្រឹត្យថ្មី ចង់សង្កត់ធ្ងន់ទៅលើបញ្ហាអ្វីខ្លះ ដើម្បីក្រសួងវយុត្តិធម៌មានមូលដ្ឋានជាបច្ចេកទេសដើម្បីយកមកសហការគ្នារៀបចំចេញជាលិខិបទដ្ឋានគតិយុទ្ធរួមមួយ។
លោក គឹម សន្តិភាព មានប្រសាសន៍ថា៖ “ម្សិលមិញនេះ យើងបានធ្វើការឈ្វេងយល់ពីតម្រូវការភាពចាំបាច់ផ្សេងៗដែលលើកឡើងដោយក្រសួងសុខាភិបាល ដែលក្រុមការងារនៃក្រសួងទាំងពីរនឹងបន្តធ្វើកិច្ចការងារនេះបន្តទៀត។ ឥឡូវនេះកំពុងស្ថិតក្នុងការពិចារណារបស់ក្រុមការងារបច្ចេកទេសក្នុងការរៀបចំ។ យើងបានពិភាក្សាគ្នាលើចំណុចព្រួយបារម្ភមួយចំនួនទាក់ទងទៅនឹងអ្នកគេចវេះចេញពីវិធានចត្តាឡីស័កដែលរៀបចំដោយក្រសួងសុខាភិបាល ហើយធ្វើយ៉ាងម៉េចដើម្បីឱ្យអ្នកទាំងនោះមានការគោរពនូវភារកិច្ចនេះ”។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌រូបនេះ បានលើកឡើងថា បើមើលក្នុងអនុក្រឹត្យដែលចេញតាំងពីឆ្នាំ២០១៥ ហើយកំពុងអនុវត្តនាពេលបច្ចុប្បន្ន ឃើញថាវិធានការចត្តាឡីស័កដែលដាក់ចេញដោយក្រសួងសុខាភិបាល មានការពិន័យជាទឹកប្រាក់តិចនៅឡើយ គឺតែពី២០ម៉ឺនរៀល ទៅ ១លានរៀលទេ។
លោក គឹម សន្តិភាព មានប្រសាសន៍ថា៖ “អ៊ីចឹងបញ្ហានេះ យើងបានលើកយកមកធ្វើការជជែកគ្នាច្រើនកាលពីម្សិលមិញនេះ ដើម្បីឈានដល់ការកំណត់មួយថ្មីទៅលើបញ្ហានេះ។ ប៉ុន្តែសួរថា ត្រូវកំណត់ប៉ុន្មាន យើងមិនទាន់អាចឆ្លើយបានទេនៅពេលនេះ ដោយសារក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរកំពុងធ្វើការជាមួយគ្នា ដោយនៅពិចារណាគ្រប់ជ្រុងជ្រោយ ដូចជាការដាក់ពិន័យទៅលើបុគ្គលដែលមិនមានលទ្ធភាពបង់ការពិន័យផងដែរ”។
កម្ពុជាថ្មី មិនអាចទាក់ទង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានទេនៅថ្ងៃនេះ ដោយសារទូរសព្ទមិនដំណើរការ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា ការតំឡើងការពិន័យគឺជាជំហាន ឬយន្តការល្អ ព្រោះបើកាលណាមនុស្សមានបន្ទុកហិរញ្ញវត្ថុកាន់តែច្រើនពីការគេចខ្លួនមិនធ្វើចត្តាឡីស័ក ពួកគាត់ប្រហែលជាខ្លាចរអាជាងមុន ដោយប្រសិនជាលុយពិន័យតិចពេក ពួកគាត់អាចគិតថា ពេលសមត្ថកិច្ចចាប់ពួកគាត់បាន ពួកគាត់គ្រាន់តែបង់ប្រាក់ពិន័យកម្រិតទាបប៉ុណ្ណោះ។
លោកមានប្រសាសន៍បន្តថា៖ “អ្វីដែលយើងចង់លើកទឹកចិត្ត ដើម្បីឱ្យមានប្រសិទ្ធភាពក្នុងការការពារកុំឱ្យបុគ្គលដែលត្រូវធ្វើចត្តាឡីស័ករត់គេចទោះបុគ្គលនោះមានជីវភាពធូរធារក្ដី គឺបង្កើនយន្តការត្រួតពិនិត្យ យន្តការតាមដានទៅលើការអនុវត្តការធ្វើចត្តាឡីស័ក ជាពិសេសបង្កើនប្រសិទ្ធភាពរបស់មន្ត្រីសាធារណៈដែលទទួលបន្ទុកក្នុងការត្រួតពិនិត្យ”។
កាលពីម្សិលមិញ រដ្ឋាភិបាលបានដកតួនាទី និងបញ្ចប់អធិការស្រុកកំរៀងខេត្តបាត់ដំបងចេញពីក្របខណ្ឌនគរបាល ដោយសារបានរកឃើញកំហុសរបស់អធិការស្រុកកំរៀងរូបនេះ ទី១ពាក់ព័ន្ធនឹងករណី ផ្តល់ជម្រកស្នាក់នៅដល់ពលករ ដើម្បីត្រៀមឆ្លងដែនខុសច្បាប់ពីកម្ពុជាទៅថៃ និងករណីទីពីរ ពាក់ព័ន្ធការនាំពលករឆ្លងដែនខុសច្បាប់ពីថៃចូលកម្ពុជា គេចពីការធ្វើចត្តាឡីស័ក។
ទាក់ទងករណីនេះ លោក ប៉ិច ពិសី មានប្រសាសន៍បន្តថា លោកគាំទ្ររដ្ឋាភិបាលក្នុងការដកមន្ត្រីអសកម្ម។ លោកបន្តថា ប្រហែលជាមន្ត្រីរូបនោះពាក់ព័ន្ធនឹងការស៊ីសំណូកសូកប៉ាន់ជាមួយមេខ្យល់រកស៊ីរត់ពន្ធមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ព្រោះជាការនាំមនុស្សរត់គេចពីយន្តការចេញចូលព្រំដែន។
លោកមានប្រសាសន៍ថា៖ “ការអនុវត្តបែបនេះគួរធ្វើជាទូទៅជាមួយមន្ត្រីដែលអសកម្ម ដែលអត់សមត្ថភាព យើងគួរតែចាត់វិធានការរដ្ឋបាលផង ចាត់វិធានការផ្លូវច្បាប់ផង បើរកឃើញ មានភស្តុតាង ថា គាត់បានអនុវត្តខុសច្បាប់ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យមន្ត្រីផ្សេងដែលធ្វើការល្អ អាចបង្ហាញសមត្ថភាព និងធ្វើការបម្រើប្រជាពលរដ្ឋកាន់តែប្រសើរឡើង”។
គួរបញ្ជាក់ថា កន្លងមកមានអ្នកធ្វើដំណើរតាមជើងហោះហើរដែលមានអ្នកដំណើរឆ្លងជំងឺកូវីដ-១៩ មួយចំនួនបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក។ កាលពីខែកក្កដា ស្ដ្រីខ្មែរអាមេរិកាំងម្នាក់បានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងក្រុងភ្នំពេញរត់ទៅខេត្តកំពង់ចាម និងកាលពីខែសីហា ពលករខ្មែរមកពីប្រទេសម៉ាឡេស៊ី ២ នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កទៅផ្ទះ និងជនជាតិវៀតណាម ២ នាក់ទៀតជាម្ដាយ និងកូន រត់ចេញពីមណ្ឌលចត្តាឡីស័កនៅព្រៃវែងមកខេត្តកំពង់ឆ្នាំងនៅពេលកំពុងរង់ចាំការធ្វើតេស្ដលើសំណាកលើកទី១។
ក្នុងចំណោមអ្នករត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ គឺស្ដ្រីខ្មែរអាមេរិកាំង ត្រូវបានពិន័យប្រាក់ ១ លានរៀល ចំណែកពលករខ្មែរមកពីប្រទេសម៉ាឡេស៊ីចំនួន២នាក់ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃឡើងវិញ។
កាលពីខែកញ្ញា ឆ្នាំ២០២១ បុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ ដែលរត់គេចចេញពីកន្លែងស្នាក់នៅ ក្រោមការសង្ស័យខ្ពស់កើតកូវីដ១៩ នៅក្រុងសៀមរាប ហើយត្រូវបានសមត្ថកិច្ច និងក្រុមការងាររបស់សុខាភិបាល រកឃើញវិញ។
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១ បុរសជនជាតិខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ បានរត់ចេញពីទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងខណ្ឌចំការមន។ ក្រោយពេលរកឃើញនេះ ក្រុមគ្រូពេទ្យបានយកសំណាករបស់គាត់ទៅធ្វើតេស្តម្តងទៀត និងបានបញ្ជូនគាត់ទៅកាន់មណ្ឌលចត្តាឡីស័កព្រែកព្នៅ ដើម្បីធ្វើចត្តាឡីស័កឡើងវិញរយៈពេល១៤ថ្ងៃ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១០ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ