ព័ត៌មានជាតិ
សម្ដេចធិបតី៖ ខ្ញុំមិនទៅធ្វើការជួសរដ្ឋមន្ត្រីទេ ប៉ុន្តែខ្ញុំមានសិទ្ធិណែនាំតម្រង់ទិសនយោបាយជាតិ
ខណៈមានមតិលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ដើរធ្វើការជំនួសរដ្ឋមន្ត្រីគ្រប់ក្រសួង សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្ដេចមិនទៅធ្វើការជួសរដ្ឋមន្ត្រីទេនៅក្នុងការអនុវត្តគោលនយោបាយ ប៉ុន្តែសម្ដេចមានសិទ្ធិណែនាំតម្រង់ទិសដែលជាគោលនយោបាយរបស់ជាតិ។
ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា អ្នកខ្លះថា ឃើញតែ លោក ហ៊ុន ម៉ាណែត ដើរគ្រប់កន្លែង ដើរតែធ្វើការជំនួសគេគ្រប់កន្លែង។ ថ្ងៃមុនគ្រាន់តែទៅក្រសួងព័ត៌មាន ណែនាំក្រសួងព័ត៌មានរឿងសារព័ត៌មាន ការផ្សព្វផ្សាយ មានគេថា សម្ដេចទៅលូកដៃការងារក្រសួងព័ត៌មាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ធ្វើជានាយករដ្ឋមន្ត្រី បើមិនមានសិទ្ធិណែនាំក្រសួងស្ថាប័នក្រោមឱវាទ ឱ្យដាក់ទិសដៅធ្វើការងារនោះ ឱ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអី? ភារកិច្ចជាប្រធានស្ថាប័ន ខ្ញុំមិនទៅធ្វើការជួស រដ្ឋមន្ត្រីទេ នៅក្នុងការអនុវត្តគោលនយោបាយ ប៉ុន្តែខ្ញុំមានសិទ្ធិណែនាំតម្រង់ទិស ដែលជាគោលនយោបាយរបស់ជាតិ ខ្ញុំមានសិទ្ធិផ្ដល់គោលគំនិត។ ម្សិលមិញខ្ញុំទៅក្រសួងឧស្សាហកម្ម ប្រាប់ថា គោលនយោបាយផ្សេងៗត្រូវអនុវត្ត ត្រូវតែផ្ដោតទិសដៅគោលដៅជួយពង្រឹង SME ជាមួយវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អាហ្នឹងខ្ញុំដាក់ទិសដៅ តែរដ្ឋមន្ត្រីគឺជាសេនាធិការដែលដឹកនាំអនុវត្តការងារជំនាញ ខ្ញុំមិនទៅធ្វើការជំនួសគាត់ទេ”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា កំណែទម្រង់វិស័យសុខាភិបាល វិស័យអប់រំ ក៏សម្ដេចមិនធ្វើការជំនួស ឯកឧត្ដម ហង់ជួន ណារ៉ុន ឯកឧត្ដម ឈាង រ៉ា ដែរ។ នៅក្នុងគណៈកម្មការជាតិនេះគឺ ប្រធានលេខាធិការដ្ឋាន និងអនុប្រធានប្រចាំការដឹកនាំអនុវត្ត។ នៅក្នុងវិស័យអប់រំ មាន ឯកឧត្ដម ហង់ជួន ណារ៉ុន នៅក្នុងវិស័យ សុខាភិបាល មាន ឯកឧត្ដម ឈាង រ៉ា នៅក្នុងវិស័យ កែទម្រង់សាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី អនុវត្តបន្ត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ប៉ុន្តែអ្វីដែលយើងចង់និយាយ ជាជាងបទពិសោធន៍ដាច់ដោយដុំ យើងត្រូវធ្វើវាជាយន្តការថ្នាក់ជាតិ ហើយកំណែទម្រង់ យើងចង់ជួយនៅក្នុងការកំណែទម្រង់មុខងារសាធារណៈ កំណែទម្រង់វិស័យអប់រំ ពង្រឹងមូលដ្ឋាន កំណែទម្រង់សុខាភិបាលមូលដ្ឋាន ការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកំណែទម្រង់ប្រព័ន្ធតុលាការវិស័យយុត្តិធម៌”។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបន្ថែមថា បើសិនជាគ្មានទម្ងន់គ្រប់ ពិបាកធ្វើឱ្យសម្រេចតាមផែនការ ហើយអាចនឹងធ្វើយឺត ដូច្នេះ ទើបបានជាបង្កើតគណៈកម្មការ ដើម្បីដឹកនាំផ្ទាល់ដើម្បីជំរុញ។ ហើយគណៈកម្មការនេះ មិនអចិន្ត្រៃយ៍ទេ ពេលដែលយន្តការ ភារកិច្ចទាំងនោះដើរលូន គណៈកម្មការនេះរំលាយហើយ ដោយមិនចាំបាច់ដើរតួនាទីនោះទៀតទេ។
គួរបញ្ជាក់ថា ការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមរយៈផ្តល់ការលើកទឹកចិត្តដែលទទួលស្គាល់ពីរាជរដ្ឋាភិបាល និងផ្តល់រង្វាន់លើកទឹកចិត្តជាថវិកា។ ការកសាងនិងពង្រីកភាពជាគំរូនេះ ចាប់ផ្តើមពីវិស័យអាទិភាពគន្លឹះចំនួនពីរ គឺអប់រំនិងសុខាភិបាល ដែលត្រូវបានដាក់ឱ្យអនុវត្តនាឆ្នាំ២០១៨ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយត្រូវបានបន្តផ្តល់ការយកចិត្តទុកដាក់និងជំរុញបន្ថែមកាន់តែខ្លាំង។
រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្តោតលើការកែលម្អអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប តាមរយៈការដាក់ចេញនូវកិច្ចការអាទិភាពមួយចំនួន រួមមាន ការពង្រឹងនិងការកែទម្រង់ស្ថាប័នដោយខិតខំកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្សនិងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ