ព័ត៌មានជាតិ
ប្រៀបធៀបចំណូលពន្ធដារ និងពន្ធគយនៅឆ្នាំ ២០២៣ សម្រេចបានខុសគ្នាយ៉ាងណាខ្លះ?
អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងអគ្គនាយកដ្ឋានពន្ធដារបានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួន ដែលសម្រេចបានក្នុងឆ្នាំ២០២៣ រួមទាំងលទ្ធផលនៃការកៀរគរចំណូលចូលថវិកាជាតិ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានបង្ហាញពីរបាយការណ៍ចំណូលរយៈពេល ១២ ខែ ឆ្នាំ២០២៣។
តាមរបាយការណ៍ ចំណូលពន្ធអាករប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករក្នុងឆ្នាំ ២០២៣ មានចំនួន ១៤ ៦២៩.១០ ប៊ីលានរៀល (ប្រមាណជា ៣ ៦១២.១២ លានដុល្លារ) ស្មើនឹង ១០១.១៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២ កើនឡើងចំនួន ៦២៨.២៨ ប៊ីលានរៀល (ប្រមាណជា ១៥៥.១៣ លានដុល្លារ) ស្មើនឹង ៤.៤៩%។

ឆ្នាំ ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយនៃយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេល ៥ ឆ្នាំ ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្រ្តកៀរគរចំណូលដំណាក់កាល ៥ ឆ្នាំ បន្ទាប់ ២០២៤-២០២៨។
យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលផ្តោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មគោលនយោបាយនិងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញ បង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។
លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា ជោគជ័យនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល ៥ ឆ្នាំជាប់គ្នាគឺជាផ្លែផ្កានៃការពង្រឹងសមត្ថភាព និងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលសារពើពន្ធ ការកើនឡើងនៃការយល់ដឹងវប្បធម៌បង់ពន្ធ និងការកើននៃកម្រិតអនុលោមភាពដោយអ្នកជាប់ពន្ធ។
នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តបន្ត។
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣ រួមមាន ចំណូលពន្ធគយប្រមូលបានមានចំនួន ៩ ២៦៧.៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨.២៧ លានដុល្លារ) ថយចុះប្រមាណ ១៥.៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ លទ្ធផលនេះសម្រេចបាន ៨២.៤% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ទាក់ទងការប្រមូលចំណូលពុំបានសម្រេចតាមផែនការ លោក គុណ ញឹម បានលើកឡើងថា បណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេសការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមកជាប្រភពចំណូលសំខាន់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធ ដែលកាន់តែស្មុគស្មាញ និងជ្រកក្រោមរូបភាពថ្មីៗជាដើម។
បើតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គិតតាមប្រភេទពន្ធនិងអាករឃើញថា អាករលើតម្លៃបន្ថែមគ្របដណ្តប់ ៤១.២% នៃចំណូលសរុប, អាករពិសេស ៣០.៣% នៃចំណូលសរុប, ពន្ធគយមាន ២១% នៃចំណូលសរុប, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈ ៤.៣% នៃចំណូលសរុប និងអាករនាំចេញនិងកម្រៃផ្សេងៗ ១.៨% នៃចំណូលសរុប។
ចំពោះចំណូលតាមក្រុមទំនិញ ក្រុមទំនិញចម្រុះមាន ៣៥.៣% នៃចំណូលសរុប, យានយន្តនិងគ្រឿងចក្រមាន ៣១.១% នៃចំណូលសរុប, ប្រេងឥន្ធនៈនិងថាមពលមាន ២៦.៦% នៃចំណូលសរុប, និងសម្ភារសំណង់និងកម្រៃផ្សេងៗមាន ៧% នៃចំណូលសរុប៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ