ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាម កំពុងសិក្សាផ្លូវច្បាប់ ដើម្បីចាត់វិធានការលើជនដែលចាក់ថ្មចូលទន្លេ
ករណីចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានរដ្ឋបាលបាលខេត្ត កំណត់ឱ្យជនប្រព្រឹត្តបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយត្រូវកាយយកថ្មដែលបានចាក់រួចចេញវិញឱ្យអស់។ ជាវិធានការបន្ទាប់ រដ្ឋបាលខេត្ត អះអាង ថា នឹងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើស។
បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេ នៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ រដ្ឋបាលខេត្ត បានចាត់តាំងលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព និងជួបជាមួយ នឹងភាគីពាក់ព័ន្ធ។ ក្រោយការចុះពិនិត្យនេះ ក៏បានរកឃើញថា ពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះ បានដំណើរការតាំងពីថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ មកម្លេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម។
ការចាក់ថ្មនេះ គឺចាក់ចូលទៅក្នុងផ្ទៃទន្លេ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយទន្លេប្រវែង ២៩៤.៦ម៉ែត្រ តែបច្ចុប្បន្នទើបចាក់បានប្រវែង ១៣០ម៉ែត្រ ហើយរដ្ឋបាលខេត្ត បានបញ្ជាក់ថា សកម្មភាពការចាក់ថ្មចូលផ្ទៃទន្លេនេះ គឺមិនមានច្បាប់អនុញ្ញាតឡើយ។ ជាវិធានការបន្ទាន់នេះ រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេនេះ ត្រូវតែបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ។
រដ្ឋបាលខេត្ត ក៏បានកំណត់ឱ្យជនប្រព្រឹត្តកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឱ្យអស់ ក្នុងរយៈពេលយ៉ាងយូរ ៧០ថ្ងៃ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។ ទន្ទឹមនេះ ភាគីម្ចាស់ដី ត្រូវរាយការណ៍អំពីវឌ្ឍនភាពកាយថ្មនេះ មករដ្ឋបាលខេត្ត មួយខែម្តង នៅរៀងរាល់ចុងខែនីមួយៗ ហើយក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្តង ឬតាមពេលវេលាជាក់ស្តែង។
តែយ៉ាងណា រដ្ឋបាលខេត្ត បានបញ្ជាក់ថា នេះគ្រាន់ជាវិធានការបឋមប៉ុណ្ណោះ ចំពោះវិធានការបន្ទាប់ គឺរដ្ឋបាលខេត្ត កំពុងសិក្សាតាមផ្លូវច្បាប់ ដើម្បីស្នើដាក់បន្ទុកទៅលើជនល្មើសបន្ថែមទៀត។ ដោយឡែក រដ្ឋបាលខេត្តកំពង់ចាម ក៏បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានពិតប្រាកដ ហើយទាន់ហេតុការណ៍មករដ្ឋបាលខេត្ត ដើម្បីមានវិធានទប់ស្កាត់បទល្មើសនានា ក្នុងខេត្តកំពង់ចាម៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី