ព័ត៌មានជាតិ
ក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាបអង្គរថ្មីស្នើឲ្យជួយដោះស្រាយបញ្ហាអគ្គិសនីនិងបណ្តាញទឹកស្អាតឲ្យបានលឿន
ក្រុមហ៊ុនអាកាសយានដ្ឋានសៀមរាបអង្គរថ្មីបានស្នើឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជួយបង្កើនល្បឿននិងដោះស្រាយការតភ្ជាប់បណ្តាញអគ្គិសនីនិងការផ្គត់ផ្គង់អគ្គិសនីនិងការតភ្ជាប់បណ្តាញទឹកស្អាតនិងការផ្គត់ផ្គង់ទឹកស្អាតខណៈការសាងសង់គ្រោងនឹងរួចរាល់នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៣ខាងមុខ។

ការស្នើសុំនេះបានធ្វើឡើងនៅក្នុងឱកាសលោក LU WEI ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនអាកាសយានដ្ឋានសៀម រាបអង្គរថ្មី បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងជំនួបនេះដែរ លោកបណ្ឌិតរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អាកាសយានដ្ឋានសៀមរាបអង្គរថ្មីថានឹងខិតខំជំរុញនិងគាំទ្រដល់គម្រោងសាងសង់អាកាសយានដ្ឋានសៀមរាបថ្មីឲ្យសម្រេចទៅតាមផែនការ ហើយស្នើសុំខាងក្រុមហ៊ុនកុំឱ្យមានការអល់អែកព្រោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានក្រុមការងារសម្រាប់ជួយសម្របសម្រួលនិងដោះស្រាយជូនតាមសំណើរបស់ក្រុមហ៊ុន ហើយក្នុងករណីពិសេសនឹងរាយការណ៍ជូនទៅរាជរដ្ឋាភិបាលដើម្បីសុំគោលការណ៍ណែនាំបន្ថែម។

អ្នកជំនាញនៃក្រុមការងារចិនដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀម រាបនេះ គ្រោងនឹងបញ្ចប់ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាល ខែមីនា ឆ្នាំ២០២៣ខណៈរហូតមកដល់ចុងឆ្នាំ២០២០សម្រេចបាន១៥%ហើយ។
អ្នកជំនាញនៃក្រុមការងារចិនបានបន្តថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និង សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយានដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០%។
ម្យ៉ាងទៀត តាមផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាងសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខពោល គឺមានរយៈពេលសរុប៣៦ខែបើគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីពាក់កណ្តាលខែមីនាឆ្នាំ២០២០។

ក្រុមជំនាញការចិនបានបន្តទៀតថា ការដ្ឋានសាងសង់ស្ថានីយអ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ជាមួយនេះសំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង ៣ពាន់៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយអ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង៧លាននាក់។

អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជានិងចិន ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និង ប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ដែលសាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (AIAI)៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ