Connect with us

ព័ត៌មានជាតិ

៥ ចំណុចពិសេស លើកទឹកចិត្ត​​​អង្គភាពសេដ្ឋកិច្ច​​​ចូលក្នុងប្រព័ន្ធ​ជួយ​ឲ្យ​​អាជីវកម្ម​រីកធំធាត់

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​​ឱ្យអនុវត្ដនូវ «យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ ២០២៣- ២០២៨​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដាក់ចេញ «យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ ២០២៣- ២០២៨» បាន​នាំ​បច្ច័យ​ជា​វិជ្ជមាន​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ដល់​​អង្គភាព​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​។ ដើម្បីលើកទឹកចិត្ត​អង្គភាព​សេដ្ឋកិច្ច​​ក្រៅប្រព័ន្ធ​ចូលក្នុងប្រព័ន្ធ រដ្ឋាភិបាល​បាន​ដាក់ចេញ​​កម្មវិធីកែទម្រង់ជាច្រើន ជាមួយនឹងចក្ខុវិស័យ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធឱ្យរីកធំ​ធាត់។

–ការរៀបចំការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ការចុះបញ្ជីអាជីវកម្មនៅកម្ពុជា​ជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា​ការបំពេញនីតិវិធី​នៅក្រសួង ស្ថាប័នច្រើន និងដាច់ដោយឡែកពីគ្នា ដែលត្រូវប្រើពេលវេលាយូរនិងចំណាយខ្ពស់។

ក្នុង​គោលដៅសម្រួលនិងលើកទឹកចិត្តដល់ការចុះបញ្ជីអាជីវកម្ម រាជរដ្ឋាភិបាល​បានដាក់​ឱ្យ​ដំណើរការ​នូវដំណាក់កាលទី ១ នៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange ឬហៅ​កាត់​ថាថ្នាល CamDX) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដែលអនុញ្ញាត​ឱ្យ​សហគ្រាស​អាចធ្វើការ​ចុះ​បញ្ជីអាជីវកម្មជាមួយក្រសួង​ពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ​នៃក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពេលតែមួយ តាម​ប្រព័ន្ធ​អនឡាញ​​​ទាំងស្រុង ជាមួយ​នឹង​នីតិវិធីងាយស្រួលនិងរហ័ស តម្រូវការព័ត៌មាន​និង​ឯកសារ​តិច​ព្រមទាំងថ្លៃសេវា​ទាប​ជាងមុន​។

រាជរដ្ឋាភិបាលក៏​បានដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ និង ដំណាក់កាលទី៣ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ទៅក្នុងថ្នាល CamDX នូវការ​ស្នើសុំអាជ្ញាបណ្ណនិង/ឬលិខិតអនុញ្ញាតពីក្រសួង ស្ថាប័នពាក់ព័ន្ធ នៅក្នុងវិស័យសំខាន់ៗ ដូចជា ទេសចរណ៍ កម្មន្តសាល កសិកម្ម ប្រៃសណីយ៍​និងទូរគមនាគមន៍ និងហិរញ្ញវត្ថុ និង​កំពុងរៀបចំដំណាក់កាលបន្តបន្ទាប់ទៀត ដើម្បីបន្តពង្រឹង​ការធ្វើសមាហរណកម្ម​រវាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំង​ការសម្រួល​ដល់ដំណើរការ​នៃការចុះបញ្ជី​សហគ្រាស ក៏ដូចជាកម្មករ និយោជិត ឱ្យបានជាអតិបរមា។

គិតត្រឹមខែសីហា ឆ្នាំ២០២៣ សហគ្រាសដែល​បានធ្វើការចុះបញ្ជីអាជីវកម្មតាមថ្នាល CamDX មាន​ចំនួន​ជាង ២៨ ០០០ និង​មានដើមទុនចុះបញ្ជីសរុបជាង ៨ ប៊ីលានដុល្លារអាម៉េរិក។

–ការលើកទឹកចិត្តផ្នែកពន្ធដារ

ក្នុងគោលបំណងលើកកម្ពស់​បរិយាកាសធុរកិច្ចកម្ពុជា ជាពិសេសសម្រាល​បន្ទុករបស់សហគ្រាស រាជរដ្ឋាភិបាល​បានដាក់​ចេញនូវការលើកទឹកចិត្ត​ផ្នែកពន្ធដាជាបន្តបន្ទាប់ សម្រាប់​សហគ្រាស​ធុនមីកូ តូច និង​មធ្យម ដូចជាការសម្រេច​លុបចោលនូវពន្ធលើរបបម៉ៅការ សម្រាប់​សហគ្រាស​ធុនមីក្រូ និង​ការ​លើកលែងឬ​អនុគ្រោះពន្ធប្រថាប់ត្រាលើលិខិតស្តីពីការបង្កើតសហគ្រាស និង​ការកាត់បន្ថយ​ពន្ធប៉ាតង់ ៥០% សម្រាប់ឆ្នាំដំបូងនៃការចុះបញ្ជីអាជីវកម្មរបស់សហគ្រាសធុនតូច មធ្យម និងធំ។

បន្ថែម​លើនេះ រាជរដ្ឋាភិបាលក៏បានរៀបចំការ​ចុះបញ្ជីដោយស្ម័គ្រចិត្ត ព្រមទាំងការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដល់សហគ្រាស ធុនតូចនិងមធ្យម ដោយ​ទទួលបានការ​លើកលែងពន្ធ​លើប្រាក់​ចំណូល​ចាប់ពី ៣ ទៅ ៥ ឆ្នាំ ចំពោះវិស័យ អាទិភាពមួយចំនួន ដូចជា​ផលិតផល​កសិកម្ម​ឬកសិឧស្សាហកម្ម ផលិត​និងកែច្នៃម្ហូបអាហារ កម្មន្តសាល ដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាក​សំណល់​និង​ផលិត​ទំនិញសម្រាប់វិស័យទេសចរណ៍ជាដើម។

–អត្ថប្រយោជន៍គាំពារសង្គម

រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គមជាច្រើន ដើម្បីចូលរួមចំណែក​ក្នុង​ការលើកស្ទួយ និងរក្សា​លំនឹងជីវភាព​របស់គ្រួសារក្រីក្រនិង​គ្រួសារងាយរងហានិភ័យ​ក្នុង​ស្ថានការ​ដ៏លំបាកក្រោមរូបភាពផ្សេងៗ (ដូចជាវិធានការ​ជំនួយសង្គម​ក្នុងកំឡុងពេលនៃ​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩) ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និង​ជួយគាំទ្រ​ដល់ប្រជាជន​តាម​ជនបទ​និងកសិករ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានដាក់ឱ្យដំណើរការ​នូវរបប​សន្តិសុខសង្គម​ផ្នែកថែ​ទាំសុខភាព ផ្នែកហានិភ័យ ការងារនិងផ្នែកប្រាក់សោធន សម្រាប់​បុគ្គល​ទាំងឡាយ​ណា​ដែលស្ថិត​នៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់ស្តីពីការងារ ដោយមាន ប.ស.ស. ជា​ប្រតិបត្តិករសន្តិសុខសង្គម បន្ថែម​លើនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ ការថែទាំសុខភាព​ដោយ​ឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌​សុខាភិបាល ជូនក្រុមអាទិភាព ដូចជាកម្មករក្រៅ​ប្រព័ន្ធ បុគ្គលិកបម្រើការក្នុងសេវាកម្សាន្ត​ទេសចរណ៍ អ្នកធាក់ស៊ីក្លូ កីឡាករជម្រើសជាតិ សមាជិក ក្រុមប្រឹក្សាភូមិឃុំ និង​ក្រុមគ្រួសារជន​ពលីមរណៈ។

–ការបណ្តុះបណ្តាលជំនាញ

ការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មឱ្យក្លាយជាពលករដែលមានជំនាញ និងអាចមានលទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យាកម្រិតខ្ពស់ តាមរយៈការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជា​កត្តាគន្លឹះមួយដែលបានរួមចំណែក​យ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។

រាជរដ្ឋាភិបាលបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញជាច្រើន ដូចជា​ការបណ្តុះបណ្តាល​ស្ពានចម្លង​បន្ត​ជំនាញ ការបណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពក្រីក្រតាម​រយៈមូល​និធិជាតិ ការបណ្តុះបណ្តាល​ជំនាញ​សហគ្រិនជូនកម្មករ កម្មការិនី ការហ្វឹកហ្វឺន​កូនជាង​នៅតាម​បណ្តាសហគ្រាសផ្សេងៗ កម្មវិធី​បណ្តុះបណ្តាលវិជ្ជាជីវៈ និងអាហារូបករណ៍ដល់យុវជន​ក្រីក្រ និងការបណ្តុះបណ្តាល​សញ្ញាបត្រ​បច្ចេកទេស​និងវិជ្ជាជីវៈកម្រិត១ សម្រាប់កម្មករ និយោជិត ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

–ការរៀបចំយន្តការធ្វើអធិការកិច្ចរួម

ក្នុងគោលបំណងកាត់បន្ថយបន្ទុកនិងការរំខានដល់​រោងចក្រ សហគ្រាស ក្រសួងការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានប្រកាសដាក់ឱ្យដំណើរការរបបស្វ័យប្រកាសអធិការកិច្ចការងារ និង​ការធ្វើ​អធិការកិច្ចការងារ​តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាម​រយៈគេហទំព័រ https://sicms.mlvt.gov.kh កាលពីខែមករា ឆ្នាំ២០២២។

ម្ចាស់​ឬនាយករោងចក្រ សហគ្រាស មានកាតព្វកិច្ចធ្វើ​ស្វ័យប្រកាស​អធិការ​កិច្ចការងារ ក្នុង​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ចំនួន ២ លើកក្នុងមួយឆ្នាំដែលធ្វើឡើង​រៀងរាល់ ៦ ខែម្តង។ ការធ្វើ​អធិការកិច្ច​ការងារ​ត្រូវធ្វើឡើងរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដោយ​រាជរដ្ឋាភិបាល​បានបង្កើតក្រុម​អធិការកិច្ច​អន្តរក្រសួង​ចំនួន ៣ តាមរយៈ​ប្រកាស​អន្តរក្រសួង ក្នុង​វិស័យ​កម្មន្តសាល វិស័យ​ឧស្សាហកម្ម ទេសចរណ៍ និង​វិស័យ​កសិកម្ម ដោយ​ក្រុម​អធិការកិច្ច​អន្តរក្រសួង​នីមួយៗ​ត្រូវ​ធ្វើ​អធិការ​កិច្ច​រួមគ្នា​ក្នុងពេលតែមួយ និង​តែមួយ​លើក​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

ព័ត៌មានជាតិ៣៩ នាទីutes មុន

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ សម្ដេចតេជោ ថាមេដឹកនាំនានាគួរលើកចិត្តឱ្យភាគីទាំងពីរចូលតុចរចា ជាជាងរារាំង និងរុញឱ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

នយោបាយ៤ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៤ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១២ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ស្នេហា១២ឆ្នាំត្រូវប្រេះឆា តារាកំប្លែងថៃ Kohtee ដូរឈ្មោះក្នុងបញ្ចីកំណើត ដើម្បីសាងជីវិតថ្មី

Sokha Hotels

ព័ត៌មានពេញនិយម