ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ៖ ភូមិឃុំសង្កាត់មានសុវត្ថិភាព បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀនត្រូវបានបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត
ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដួរមនុស្ស ត្រូវបានកម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាបយ៉ាងម៉ឺងម៉ាត់បំផុត។ នេះជាលើកឡើងរបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៣ លោក ស សុខា បានអះអាងយ៉ាងដូច្នេះថា៖ «គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដួរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ត្រូវបានបង្ក្រាបយ៉ាងហ្មត់ចត់»។
លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា ជាមួយគ្នានេះ ការបង្ក្រាបសកម្មភាពក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្ដល់កិច្ចអន្តរាគមន៍ពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះ ក៏ត្រូវបានពង្រឹងការអនុវត្តជាប់ជាប្រចាំផងដែរ ដែលធានាបាននូវប្រក្រតីភាពក្នុងសង្គមលើគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានគូសរំលេចដែរថា រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូត្រចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ បានបន្តបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ប្រកបដោយថាមភាព បុរេសកម្ម និងនវានុវត្តន៍ ហើយតាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ទៀតសោត ក៏កាន់តែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា បើទោះបីជាស្ថិតក្នុងឥទ្ធិពលនៃហេតុការណ៍អសន្តិសុខសកលយ៉ាងណាក្ដី ក៏ប៉ុន្តែ កងកម្លាំងនគរបាលជាតិ បានចូលរួមសហការជាមួយកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដោយតម្កល់ថែរក្សាបានយ៉ាងល្អប្រសើរនូវសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងការធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយក្នុងសង្គម និងប្រក្រតីភាពក្នុងស្ថាប័នរដ្ឋ។

សូមជម្រាបថា សន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នៃក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៣ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជាពិធីបើកក្រោមអធិបតីភាពរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបិទសន្និបាតនេះ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ