ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ត្រៀមខ្លួនឆ្លើយតបតម្រូវការ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ក្រសួងមុខងារសាធារណៈ នឹងត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល គាំទ្រ ដើម្បីរួមគ្នាឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបប្រជុំជាមួយគណៈប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រី និងសហការី នាទីស្ដីការក្រសួងមុខងារសាធារណៈ។

តាមរយៈជំនួបនេះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានស្នើឲ្យ ក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្រសួងមុខងារសាធារណៈ និងក្រសួងហិរញ្ញវត្ថុ បន្តពិគ្រោះយោបល់លើទិដ្ឋភាពលម្អិតផ្សេងៗ ដោយ ក្រសួងមុខងារសាធារណៈ នឹងត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួល គាំទ្រ ដើម្បីរួមគ្នាឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ទន្ទឹមនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំពិគ្រោះយោបល់ នាព្រឹកមិញនេះ និងចាត់ទុកថាជាការចាប់ផ្ដើមមួយដ៏ល្អក្នុងការអនុវត្តនីតិវិធីស្របតាមស្មារតី នៃអនុក្រឹត្យស្ដីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ លើសពីនេះទៀតសោត ការពិគ្រោះយោបល់លើការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែង រវាងក្រសួងសាមី និងក្រសួងមុខងារសាធារណៈ ក៏ជាកិច្ចការដ៏សំខាន់មួយឆ្លើយតបនឹងការអនុវត្តវិធានការគន្លឹះទី ២ (ការលើកកម្ពស់ប្រសិទ្ធភាពការងារ ជាពិសេសការវិភាគមុខងារ) ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

គួរជម្រាបថា ជំនួប ព្រឹកមិញនេះ បានប្រព្រឹត្តទៅក្នុងគោលបំណងពិគ្រោះយោបល់លើការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្ស ស្របតាមអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

កិច្ចប្រជុំនេះដែរ លោក ឡាំ ជា ក៏បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពី សាវតារ ចក្ខុវិស័យ និងបេសកកម្មរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងគូសបញ្ជាក់ពីតម្រូវការ និងភាពចាំបាច់ក្នុងការរៀបចំរចនាសម្ព័ន្ធ និងធនធានមនុស្ស ដើម្បីឆ្លើយតបនឹង តួនាទី ភារកិច្ច និងការងារចំពោះមុខ ជាពិសេសការសម្រេចចក្ខុវិស័យក្នុងការ «ឈានទៅកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ