Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ ជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ចូលរួមលើកតម្កើងអក្សរសាស្ត្រជាតិ

បានផុស

នៅ

អ្នក​ជំនាញ​អប់រំ បាន​ជំរុញ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ចូលរួម​លើក​តម្កើង​អក្សរសាស្ត្រ​ជាតិ តាមរយៈ​ការ​បង្រៀន​ក្មេងៗ ចេះ​សរសេរ​ពាក្យ និង​បញ្ចេញ​សំនៀង​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ខណៈ​បច្ចុប្បន្ន​ការ​សរសេរ​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ នៅ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន មាន​ការ​ខុសឆ្គង​ច្រើន។

លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គ្រប់​គ្រឹះស្ថាន​សិក្សា​ទាំងអស់ គួរ​តែ​យកចិត្តទុកដាក់​ចូលរួម​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​លើក​តម្កើង​អក្សរសាស្ត្រ​ជាតិ ចាប់ផ្ដើម​យកចិត្តទុកដាក់​បង្ហាត់​បង្រៀន​ក្មេង​ចាប់​តាំងពី​កម្រិត​ថ្នាក់​ទី ១ ដើម្បី​ឱ្យ​គាត់​ស្គាល់​ពី​សូរសៀង​សូរស័ព្ទ​ការ​សរសេរ​ពាក្យ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា «អីចឹង ដើម្បី​បណ្ដុះ​ឱ្យ​ភាសា​នឹង​មាន​លក្ខណៈ​ទូលំទូលាយ ក្មេង​គ្រប់រូប ឬ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម អាច​សរសេរ​បាន​ដោយ​ងាយស្រួល វា​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រសួង​អប់រំ​ដោយសារ​ក្រសួង​អប់រំ ជា​មេបា ជា​អ្នក​ដែល​ធ្វើការ​បណ្ដុះបណ្ដាល​ភាសាជាតិ។ ក្មេងៗ មួយ​ចំនួន មិន​សរសេរ​ភាសាជាតិ​ទេ គាត់​ប្រើប្រាស់​ជា​ភាសា​អង់គ្លេស និង​ភាសា​ផ្លូវ​កាត់​ក្នុង​ការ​សរសេរ ដោយសារ​ពេលខ្លះ​គាត់​ពិបាក​ក្នុង​ការ​សរសេរ​ជា​ភាសា​ខ្មែរ ហើយ​សរសេរ​ទៅ​ខ្លាច​ខុស និង​ខ្លាច​គេ​រិះគន់»។

លោក​បាន​បន្ត​ទៀត​ថា «ឥឡូវនេះ បើ​យើង​យក​មក​កែ​បណ្ដាជន​ទូទៅ​ដែល​ប្រើ​ហ្វេស​ប៊ុក ពេលខ្លះ​វា​ពិបាក និង​ហួសពេល​ទៅ​ហើយ។ អ្នកខ្លះ​មិន​បាន​យកចិត្តទុកដាក់​រៀន​ពី​ក្មេង អីចឹង​ការ​សរសេរ​ភាសា ការ​បម្រែបម្រួល​ភាសា អត់​បាន​យល់​ស៊ីជម្រៅ​ទេ ដល់​អីចឹង​ពេល​សរសេរ​ទៅ​វា​ខុស​ដូចជា​ពាក្យ​ឱ្យ​ខ្លះ​សរសេរ​អោយ​នៅ​ឡើយ​ទេ»។

លោក​បាន​ណែនាំ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ចូលរួម​លើក​តម្កើង​ភាសាជាតិ​ទាំងអស់​គ្នា ឱ្យ​បាន​ទូលំទូលាយ ដោយ​ប្រើប្រាស់​ភាសា​ខ្មែរ​ឱ្យ​ត្រឹមត្រូវ និង​បើ​អាច​ជៀស​បាន​សូម​កុំ​ប្រើ​ភាសាបរទេស។

លោក​បាន​បន្ថែម​ថា «នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់ ពិសេស​នៅ​ប្រទេស​ថៃ គេ​សរសេរ​ភាសា​គេ​ក្នុង​បណ្ដាញ​ហ្វេស​ប៊ុក គេ​មិន​សូវ​ប្រើ​ភាសា​អង់គ្លេស​ទេ។ អីចឹង​ហើយ​បាន​ជា​ហ្គោល​ហ្គ​ល​ត្រេ​ន​ស្លេ​ត ព្យាយាម​ដើម្បី​ធ្វើ​ហ្គោល​ហ្គ​ល​ត្រេ​ន​ស្លេ​ត​ហ្នឹង​ឱ្យ​ទៅ​ជា​ភាសា​អង់គ្លេស ដើម្បី​អាច​ឱ្យ​អ្នក​ផ្សេង​អាច​ចង់​មើល​ខ្លឹមសារ ឬ ពាក្យពេចន៍ ដែល​ប្រជាជន នៃ​ជាតិ​សាសន៍​នីមួយៗ សរសេរ គេ​ប្រើ​ហ្គោល​ហ្គ​ល​ត្រេ​ន​ស្លេ​ត ទៅ​គេ​អាច​យល់​បាន​»។

លោក គង់ សំនៀង បាន​លើកទឹកចិត្ត​បណ្តាជន ពិសេស​លោកគ្រូ អ្នកគ្រូ គណៈ​នាយក​មន្ត្រីរាជការ​ផ្សេងៗ សូម​យកចិត្តទុកដាក់ ហើយ​ប្រែក្លាយ​ការ​សរសេរ​ឃែ​ប​សិន​នៅ​ក្នុង​បណ្ដាញ​សង្គម​ជា​ភាសា​អង់គ្លេស​ទៅជា​ភាសាជាតិ​របស់​យើង​វិញ។

លោក​បាន​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ការ​ចេញ​សេចក្ដីណែនាំ​របស់​ក្រសួង​ថ្មីៗ នេះ​ថា វា​ជា​រឿង​ល្អ​នៅ​ក្នុង​ការ​សរសេរ​ជា​ភាសាជាតិ​ឱ្យ​បាន​ត្រឹមត្រូវ​ថែមទៀត ព្រោះថា​ភាសាជាតិ បើ​យើង​មិន​ស្រលាញ់ តើ​ឱ្យ​នរណា​ជា​អ្នក​ស្រលាញ់។

គួរ​បញ្ជាក់​ថា ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីជូនដំណឹង​ធ្វើការ​ណែនាំ​ដល់​គ្រប់​អង្គភាព​ទាំង​នៅ​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​សិស្សានុសិស្ស យុវជន និង​អ្នក​ពាក់ព័ន្ធ ប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​គោលបំណង​លើកកម្ពស់​ការប្រើប្រាស់​សំណេរ និង​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ បណ្ដាញ​ទំនាក់ទំនង​សង្គម និង​នៅ​តាម​ទី​សាធារណៈ ទាំង​ក្បួន​សរសេរ អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍​បណ្តុះ​ស្មារតី​ស្រលាញ់ និង​ថែរក្សា​អក្សរ និង​ភាសាជាតិ ឱ្យ​បាន​គង់វង្ស និង​រីកចម្រើន​ថែមទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម