ព័ត៌មានជាតិ
ក្រុមហ៊ុនក្នុងវិស័យកសិកម្ម កំពុងត្រួសត្រាយផ្លូវឆ្ពោះទៅកសិកម្មកាបូនទាប
វេទិកាប្រជុំប្រចាំឆ្នាំលើកទី៤ ស្តីពីកសិកម្មប្រកបដោយនិរន្តរភាព បានបើកកម្មវិធីជាផ្លូវការក្រោមប្រធានបទ «ការអនុវត្តកសិកម្មកសិកម្មកកើតឡើងវិញឆ្ពោះទៅកសិកម្មកាបូនទាប»។ ព្រឹត្តិការណ៍នេះ សហការរៀបចំដោយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា ភីអិលស៊ី (CACC) សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងអង្គការ Grow Asia ប្រព្រឹត្តិទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះមានគោលបំណងត្រួសត្រាយផ្លូវឆ្ពោះទៅរកការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន កសិកម្មប្រកបដោយភាតរបរិស្ថាន និងលើកកំពស់ជីវភាពកសិករខ្នាតតូច។
លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រការរួមបញ្ចូលគ្រប់ភាគីពាក់ព័ន្ធ ដើម្បីនិរន្តរភាពនៃវិស័យកសិកម្ម ដែលនេះជាគំរូដ៏ល្អមួយក្នុងការអនុវត្តភាពជាដៃគូគ្រប់តួអង្គក្នុងខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម មានដូចជា៖ ក្រុមកសិករ ធានាគារ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍ និងរាជរដ្ឋាភិបាល ដែលមានគោលដៅរួមគ្នា ដើម្បីឈានឆ្ពោះទៅរកនិរន្តរភាពបរិស្ថាន និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារសម្រាប់កសិករនៅតំបន់ជនបទ។

លោកបណ្ឌិត ម៉ី កល្យាន ទីប្រឹក្សាជាន់ខ្ពស់ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា បានបង្ហាញថា ទាំងរដ្ឋាភិបាល វិស័យឯកជន ក្រុមកសិករ និងដៃគូអភិវឌ្ឍន៍ ជជែកគ្នាស្វែងរកមធ្យោបាយគន្លឹះការធ្វើកសិកម្មប្រកបដោយនិរន្តរភាព ដោយចាប់ផ្តើមពីការកំណត់បញ្ហា និងចូលរួមដោះស្រាយបញ្ហា។
លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំកំពូលនេះ មិនត្រឹមតែផ្តល់ចំណេះដឹងលើការអនុវត្តកម្មវិធីស្តង់ដាដំណាំស្រូវប្រកបដោយនិរន្តរភាព ស្តង់ដាស្រូវកកើតឡើងវិញ និងស្តង់ដា ស្រូវសរីរាង្គប៉ុណ្ណោះទេ តែក៏ជាកម្មវិធីមួយដែលផ្តល់អោយគ្រប់ភាគីពាក់ព័ន្ធ បានបង្កើតទំនាក់ទំនងកាន់តែល្អប្រសើរ ចែករំលែកគ្នានូវចំណេះដឹង និងការទទួលបាននូវព័ត៌មានថ្មីស្តីអំពីបច្ចេកវិទ្យា ឥណទាន និងគំនិតផ្តួចផ្តើមថ្មីៗលើវិស័យកសិកម្ម។ កម្មវិធីថ្ងៃនេះក៏ជួយបង្ហាញប្រាប់ដល់ពិភពលោកថា កសិកម្មកម្ពុជាកំពុងស្ថិតលើដំណើរផ្លូវឆ្ពោះទៅរកការអនុវត្តតាមស្តង់ដាអន្តរជាតិនានា ក្នុងការចូលរួមសង្គ្រោះផែនដី ក៏ជាយន្តការនៃការពង្រីកមុខមាត់សំរាប់ផ្នែកទីផ្សារអង្ករកម្ពុជាផងដែរ”។

លោកស្រី Amy Melissa Chua ប្រធានភាពជាដៃគូនៃអង្គការ Grow Asia បានលើកឡើងពីការគាំទ្ររបស់លោកស្រី សម្រាប់កិច្ចប្រជុំកំពូលនេះថា “យើងមានកិត្តិយសក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា ភីអិលស៊ី និងសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកិច្ចប្រជុំកសិកម្មប្រកបដោយនិរន្តរភាពលើកទី ៤។ យើងមើលឃើញថា នេះជាឱកាសដ៏មានតម្លៃ ដើម្បីប្រមូលផ្តុំភាគីពាក់ព័ន្ធជាច្រើន ដើម្បីរួមគ្នាកសាងប្រព័ន្ធអាហារប្រកបដោយចីរភាព និងមានភាពរួមបញ្ចូលនៅក្នុងប្រទេសកម្ពុជា។ អង្គការ Grow Asia មានសេចក្តីសោមនស្សរីករាយ ក្នុងការគាំទ្រដៃគូរបស់យើងនៅក្នុងប្រទេសកម្ពុជា”។
អង្គការអុកស្វាមមើលឃើញថា ការអនុវត្តកសិកម្មកកើតឡើងវិញ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងវិស័យ កសិកម្ម ដែលមានន័យថា ជាកសិកម្មសរីរាង្គប្រកបដោយភាពធន់ទៅនឹងអាកាសធាតុ ធ្វើឲ្យសុខភាពដី និងជីវៈចម្រុះប្រសើរឡើង ឆ្លើយតបទៅនឹងផែនការនៃការលូតលាស់បៃតងនៅកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ