ព័ត៌មានជាតិ
កម្ពុជា ទើបតែប្រារព្ធខួបទី ២០ នៃសន្និសីទ CamTESOL ដែលជាជំនួបសម្រាប់អ្នកជំនាញក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេសដ៏ធំ ប្រចាំអាស៊ីប៉ាស៊ីហ្វិក
កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន ដែលជាស្ថាប័នឈានមុខលើពិភពលោកក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅបរទេស និង សេវាកម្មអប់រំអន្តរជាតិ បានប្រារព្ធខួបលើក ២០ នៃសន្និសីទ CamTESOL ដែលជាវេទិកាដ៏ធំ និងឈានមុខគេក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងនោះកម្មវិធីបើកត្រូវបានចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Bridgette L. Walker ភារធារីសហរដ្ឋ អាមេរិកប្រចាំកម្ពុជា លោក Marc Thayre អនុប្រធានបេសកកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស នៃស្ថាប័ន អាយ ឌី ភី អេឌ្យូខេសិន និងស្ថាបនិកសន្និសីទ CamTESOL និងលោក Ashley Irving នាយកនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (សាលា ACE)។កម្មវិធីបើក នៃសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ២០ ក៏មានរំលេចនូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដែលជាកិច្ចស្វាគមន៍ និងបង្ហាញពីវប្បធម៌ និងសិល្បៈល្អឯករបស់កម្ពុជាជូនទៅកាន់គណៈប្រតិភូជាតិ និងអន្តរជាតិរាប់ពាន់នាក់ដែលមកពីជុំវិញពិភពលោក ក្នុងនោះរួមមានរបាំអប្សរា និងការសម្ដែងតេក្វាន់ដូ និងក្បាច់ល្បុក្កតោជាដើម។
រយៈកាល ២០ ឆ្នាំ មកនេះ សន្និសីទ CamTESOL មានអ្នកចូលរួមសរុបប្រមាណជាង ២៥០០០ នាក់ តំណាងឲ្យ ៨០ សញ្ជាតិ មកពី ៦ ទ្វីបផ្សេងគ្នា និង បទបង្ហាញសរុបប្រមាណជាង ៨០០០ ប្រធានបទផ្សេងៗ ត្រូវបានលើកយកមកបង្ហាញនៅក្នុងសន្និសីទ។ ចំណែកឯសន្និសីទ CamTESOL ប្រចាំឆ្នាំលើកទី ២០ ឆ្នាំនេះដែលស្តីពីការបង្រៀនភាសាអង់គ្លេសប្រព្រឹត្ត ឡើងនៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាធ្វើឡើងក្រោមមូលបទ ការបង្រៀនធ្វើយ៉ាងណាពង្រឹងសមត្ថភាព សិស្សឲ្យទទួលបានភាពជោគជ័យ ឬ Preparing Successful Learners: Bringing Real Language into the ELT Classrooms។
គួរបញ្ជាក់ផងដែរ សន្និសីទដ៏ធំមួយនេះបានរួមបញ្ចូលបទបង្ហាញប្រមាណជាង ៥០០ ដោយធ្វើឡើងពីវាគ្មិន និងគណៈប្រតិភូចូលរួមប្រមាណជាង ១៧០០ នាក់ ដែលមកពី ៤០ ប្រទេសនៅជុំវិញពិភពលោក។
សន្និសីទ CamTESOL ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា និងបន្តផ្ដល់នូវវេទិកាសម្រាប់គ្រួបង្រៀន ភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យា បុគ្គលិករដ្ឋបាលរបស់សាលារៀន និងសាកលវិទ្យាល័យដែលបណ្ដុះបណ្ដាលផ្នែកភាសាអង់គ្លេស ព្រមទាំងអ្នកអប់រំដែលមានចំណាប់អារម្មណ៍ក្នុងការអប់រំភាសាអន្តរជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអបអរសាទរដល់ស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន ក្នុងការរៀបចំសន្និសីទ CamTESOL ដែលជាផ្នែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញលើកកម្ពស់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា និងអន្តរជាតិ។ ក្នុងនោះ ឯកឧត្តម បានបន្តទៀតថា អ្នកចូលរួម នឹងទទួលបានឱកាសក្នុងការរឹតចំណង និងបង្កើនមិត្តភាពរវាងគ្នាដើម្បីរៀនពីគ្នា និងបន្តការអភិវឌ្ឍលើវិស័យបង្រៀនភាសាអង់គ្លេសជារួម។
ឯកឧត្តម Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖“ប្រធានបទ នៃសន្និសីទ CamTESOL តែងតែផ្តោត និងជំរុញលើគំនិតអភិវឌ្ឍថ្មីៗដើម្បីធានាបានការបង្រៀន ភាសាអង់គ្លេសប្រកបដោយគុណភាព និងជាគុណប្រយោជន៍សម្រាប់បណ្តាសិស្ស និស្សិតទាំងឡាយ”។
លោកស្រី Bridgette L. Walker ភារធារីសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានលើកឡើងថា៖ “សន្និសីទ CamTESOLគឺជាវេទិកាដ៏ឆ្នើមសម្រាប់លោកគ្រូអ្នកគ្រូបង្រៀនភាសាអង់គ្លេសក្នុងការស្វែងយល់ពីគំនិត វិធីសាស្ត្របង្រៀន និងបច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើយ៉ាងណាឲ្យសិស្សទទួលបានការអប់រំដ៏ប្រសើរ”។
“ភាសាអង់គ្លេសជាភាសាដែលមានការវិវឌ្ឍន៍ច្រើន ហើយវាពិតជាមានសារៈសំខាន់សម្រាប់សិស្ស និស្សិតកម្ពុជាក្នុងការស្វែងយល់បន្ថែមពីភាសាមួយនេះ ជាពិសេសអំពីវិធីដ៏សម្បូរបែបក្នុងការប្រើប្រាស់ដើម្បីបង្ហាញនូវគំនិតរបស់ខ្លួន” ដែលនេះជាការលើកឡើងរបស់លោក Marc Thayre អនុប្រធានបេសកកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ អាយ ឌី ភី អេឌ្យូខេសិន និងស្ថាបនិកសន្និសីទ CamTESOL បានលើកឡើងថា សន្និសីទ CamTESOL បានក្លាយជាសន្និសីទផ្នែកបង្រៀនភាសា អង់គ្លេសឈានមុខ គេប្រចាំអាស៊ី ហើយវេទិកា CamTESOL ឬប្រទេសកម្ពុជ បានក្លាយជាតំបន់ក្នុងការណាត់ជួប និងស្វែងយល់អំពីគំនិតថ្មីៗ ការស្រាវជ្រាវដ៏សមស្រប វិធីសាស្ត្របង្រៀនដ៏ល្អឥតខ្ចោះ និងព័ត៌មានវិវត្តនានា ដែលពាក់ព័ន្ធ និងជាប្រយោជន៍ជួយដល់ការអភិវឌ្ឍលើវិស័យបង្រៀនភាសាអង់គ្លេស។
តំណាងឲ្យស្ថាប័ន អាយ ឌី ភី អេឌ្យូខេសិន លោក ម៉ៅ ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួងអប់រំ យុវជន និង កីឡា ស្ថានទូតអូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស ព្រមទាំងស្ថាប័នដៃគូនានា ជាច្រើន ព្រមទាំងអ្នកជំនាញនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា តំបន់ អាស៊ីអាគ្នេយ៍ និងអន្តរជាតិដែលបន្តគាំទ្រយ៉ាងមុតមាំក្នុងការរៀបចំសន្និសីទនេះឡើង និងពង្រីកវិសាលភាពនៃវេទិកានេះសម្រាប់ឆ្នាំក្រោយៗទៀត។
យើងឃើញថា នៅក្នុងកិច្ចពិភាក្សាបើកពេញអង្គ រួមមាន បណ្ឌិត Bophan Khan សាស្ត្រាចារ្យនៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញ សាស្ត្រាចារ្យ Jack C. Richards មកពីសាកលវិទ្យាល័យ University of Sydney ប្រទេសអូស្ត្រាលី ព្រមទាំងបណ្ឌិត Richmond Stroupe ជានាយកគ្រប់គ្រងកម្មវិធីអនុបណ្ឌិតប្រចាំ Soka University នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្រាប់សន្និសីទ CamTESOL នាឆ្នាំក្រោយ នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ ២០២៥ លើមូលបទ សំដៅយ៉ាងណារៀបចំអនាគត នៃវិស័យផ្នែកបង្រៀនភាសាអង់គ្លេស ដោយពឹងផ្អែកលើកិច្ចសហការរវាងគ្នា និងកិច្ចបង្កើតថ្មី ឬ Shaping the Future of ELT: Innovation, Collaboration, & Transformation។ ដូច្នេះអ្នកជំនាញនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេស ឬ លោកគ្រូ អ្នកគ្រូ អាចស្វែងយល់លម្អិតពីសន្និសីទ និងព័ត៌មានក្នុងការចូលរួមបានតាមរយៈគេហទំព័រ ៖ camtesol.org៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ