Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងព័ត៌មាន​៖ ភ្នំពេញបុស្តិ៍បញ្ឈប់ការបោះពុម្ពផ្សាយកាសែត ជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងថា ការបញ្ឈប់ដំណើរការនៅចុងខែមីនាខាងមុខ របស់សារព័ត៌មានបោះពុម្ភភ្នំពេញបុស្តិ៍ ដែលមានអាយុជាង ៣០ឆ្នាំ ជាព្រឹត្តិការណ៍អកុសល និងជាការសោកស្តាយសម្រាប់វិស័យសារព័ត៌មានប្រពៃណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទេព អស្នារិទ្ធ  អ្នកនាំពាក្យក្រសួងព័ត៌មាន​ កត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ដូចជា៖ កាសែត ទស្សនាវដ្តី វិទ្យុ និងទូរទស្សន៍ បានជួបផលវិបាកនានា ដែលកើតចេញពីការរីកចម្រើនយ៉ាងលឿននៃបច្ចេកវិទ្យាទំនើប។ ក្នុងនោះ ប្រព័ន្ធផ្សព្វផ្សាយប្រពៃណីបានពើបប្រទះនឹងការថមថយនូវចំនួនអ្នកអាន អ្នកស្តាប់ អ្នកទស្សនា មួយផ្នែកដោយសារប្រជាជនបានងាកទៅរកប្រភពព័ត៌មានផ្សេងទៀត ដែលផ្តល់តាមរយៈប្រព័ន្ធឌីជីថល រាប់បញ្ចូលទាំងបណ្តាញទំនាក់ទំនងសង្គមផងដែរ។

លោកថា ការណ៍នេះបានរួមចំណែកបង្កផលវិបាកប៉ះពាល់ដល់ចំណូល ដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយផ្នែកបានមកពីសេវាផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនានា។ ទោះជាយ៉ាងណាក៏ដោយ និន្នាការបែបនេះមិនមែនកើតឡើងតែនៅកម្ពុជាទេ ពោលគឺវាក៏បានកើតឡើងតាមបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកដែរ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងបន្តថា ចេញពីព្រឹត្តិការណ៍នេះដែរ ចំណុចវិជ្ជមាននោះ គឺសារព័ត៌មានភ្នំពេញបុស្តិ៍នៅតែបន្តផលិត និងផ្តល់ព័ត៌មានជូនប្រជាជននៅគ្រប់ទិសទី តាមរយៈការបន្តការចេញផ្សាយរបស់ខ្លួនតាមប្រព័ន្ធឌីជីថល ដែលការណ៍នេះនឹងបន្តរួមចំណែកលើកស្ទួយការទទួលព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោក ឲ្យកាន់តែទូលំទូលាយថែមទៀតផង។

សូមជម្រាបថា បច្ចុប្បន្នសារព័ត៌មានបោះពុម្ភមានចំនួន ៩២អង្គភាព។ សារព័ត៌មានភ្នំពេញបុស្តិ៍ ជាសារព័ត៌មានប្រពៃណីទីពីរ ដែលបានជួបនឹងផលវិបាកបែបនេះ បន្ទាប់ពីកាសែតរស្មីកម្ពុជា បានបិទដំណើរការនៃការចេញផ្សាយរបស់ខ្លួនកាលពីពេលថ្មីៗ កន្លងទៅនេះ។ ទាំងនេះជាឥទ្ធិពល និងផលវិបាកដែលបានកើតចេញពីរបត់ នៃការវិវត្តក្នុងយុគសម័យឌីជីថល។

លោក ទេព អស្នារិទ្ធ  អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងបន្តថា កាលពីពេលថ្មីៗនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានលើកឡើងថា ការដែលក្រសួងព័ត៌មាន បានធ្វើឲ្យកាសែតកម្ពុជា ដែលជាកាសែតរបស់រដ្ឋមានអាយុ ៤៥ឆ្នាំ និងគ្រប់គ្រងដោយក្រសួងព័ត៌មាន បានដំណើរការផ្សាយឡើងវិញ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រី គឺដោយសារក្រសួងបានប្រមើលមើលឃើញពីស្ថានភាពអាក្រក់ ដែលកើតឡើងចំពោះប្រព័ន្ធផ្សព្វផ្សាយបុរាណ ក្នុងបរិបទនៃការរីកចម្រើនផ្នែកប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

លោកថា គឺកាសែតកម្ពុជានេះហើយជាតំណាងឲ្យប្រព័ន្ធផ្សព្វផ្សាយបុរាណរបស់កម្ពុជា ក្នុងនាមជាសារព័ត៌មានជាតិ ដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជាជូនដល់ប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។ នេះជាលទ្ធផលដ៏សំខាន់មួយរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីថែរក្សានូវកេរ្តិ៍តំណែលរបស់ជាតិ ដែលឥស្សរជនថ្នាក់ដឹកនាំកម្ពុជាជំនាន់មុនៗបានបន្សល់ទុកឲ្យ ព្រមទាំងដើម្បីការពារកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ក្រសួងព័ត៌មានផងដែរ សម្រាប់ការលើកកម្ពស់សិទ្ធិទទួលព័ត៌មាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ នេះជាការបញ្ជាក់របស់ អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ  អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមទៀតថា ការរីកចម្រើននៃវិស័យឌីជីថល ក៏បានបង្កនូវកាលានុវឌ្ឍភាពថ្មីៗ សម្រាប់ប្រតិបត្តិករក្នុងវិស័យព័ត៌មានទាំងអស់ផងដែរ។ ដូច្នេះចាំបាច់ត្រូវបត់បែន និងចាប់យកឱកាសនៃភាពរីកចម្រើននេះ មកជាប្រយោជន៍សម្រាប់វិស័យព័ត៌មាន ដោយត្រូវផ្តោត និងជំរុញបន្ថែមលើការផលិត និងផ្សព្វផ្សាយប្រកបដោយគុណភាព និងប្រសិទ្ធភាព ពោលគឺ៖ ការផ្សព្វផ្សាយលឿន ជាមួយនឹងខ្លឹមសារព័ត៌មានវិជ្ជាជីវៈ ដែលមានភាពទាក់ទាញ ទទួលបានភាពជឿជាក់បានពីសំណាក់ប្រជាជន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារព័ត៌មានសម័យឌីជីថល។

លោក ទេព អស្នារិទ្ធ បានលើកឡើងដែរថា ជាមោទនភាពសម្រាប់ជាតិកម្ពុជា កាសែតកម្ពុជា ដែលមានអាយុជាងបួនទសវត្សហើយ បាននិងកំពុងមានដំណើរការផ្សាយយ៉ាងរលូន រួមជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋសំខាន់ៗផ្សេងទៀតមាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ទូរទស្សន៍និងវិទ្យុជាតិកម្ពុជា (TVK, RNK) បាននិងកំពុងដើរតួនាទីដ៏សំខាន់ និងយ៉ាងសកម្ម ក្នុងការផ្តល់ព័ត៌មាន ចំណេះដឹង និងការកំសាន្តជូនដល់ប្រជាជនទូទៅទាំងក្នុង និងក្រៅប្រទេស ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមួយចំនួន កំពុងប្រឈមនឹងផលវិបាក។ 

ជាក់ស្តែង ស្របពេលដែលមធ្យោបាយនៃការផ្សព្វផ្សាយមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ ជាពិសេសការរីកចម្រើននៃបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋទាំងអស់បានពង្រីកលទ្ធភាព វិសាលភាព និងពង្រឹងសមត្ថភាពក្នុងការផ្សាយព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គមមានដូចជា៖ ហ្វេសប៊ុក(Facebook) ឆាណែលតេឡេក្រាម YouTube X(Twitter) TikTok និង Instagram ដោយបានពង្រឹងគុណភាពនៃការផ្សាយផ្ទាល់ នូវកម្មវិធីព័ត៌មាន ការសន្ទនាមតិ និងកម្មវិធីសិល្បៈកំសាន្តយ៉ាងសម្បូរបែបផ្សេងទៀត សម្រាប់បង្កើនការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋអ្នកស្តាប់ អាន និងទស្សនា តាមការផ្សាយជាសំឡេង អត្ថបទ ព្រមទាំងសោតទស្សន៍ឲ្យស្របនឹងតម្រូវការ និងការរីកចម្រើននៃសម័យបច្ចេកវិទ្យាទំនើ បនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ក្រសួងព័ត៌មានបានពង្រីកការផ្សព្វផ្សាយព័ត៌មានតាមរយៈគេហទំព័រ និងកម្មវិធីក្នុងទូរស័ព្ទដៃAPP MoINFO បានយ៉ាងទូលំទូលាយថែមទៀតផង។

លោក ទេព អស្នារិទ្ធ ក៏បានបន្ថែមដែរថា កិច្ចខិតខំទាំងនេះស្ថិតក្នុងចំណោមយុទ្ធសាស្ត្រអាទិភាព ក្នុងក្របខណ្ឌដែលក្រសួងព័ត៌មាន នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧នេះ បានកំណត់នូវចក្ខុវិស័យក្នុងការប្រែក្លាយខ្លួន ឲ្យទៅជាស្ថាប័នកិច្ចការងារសាធារណៈរបស់រាជរដ្ឋាភិបាល។ ក្នុងនោះការផ្តោតលើការពង្រឹង និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ទាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីធានាការទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ សម្រាប់ប្រជាជននៅគ្រប់ទិសទី តាមតម្រូវការ និងទាន់ហេតុការណ៍ ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» និងសម្រាប់គាំទ្រដល់ការធ្វើសមារហណកម្មសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤។

ការណ៍នេះទាមទារឲ្យប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទពង្រឹង និងពង្រីកវិសាលភាព និងគុណភាពផ្សាយប្រកបដោយភាពច្នៃប្រឌិតក្នុងក្របខណ្ឌ នៃការលើកកម្ពស់ក្រមសីលធម៌វិជា្ជជីវៈសារព័ត៌មាន ហើយរួមចំណែកក្នុងការទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ការការពារ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម