ព័ត៌មានជាតិ
ផែនទីបង្ហាញផ្លូវរបស់ក្រសួងការងារ ផ្ដល់ឱកាសដល់យុវជនទទួលបានការសិក្សា និងធានាថាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញ«ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ ២០២៣-២០៣៥» ជាផែនការយុទ្ធសាស្ត្រ ដើម្បីដើរទន្ទឹមនឹងបណ្តាប្រទេសរីកចម្រើននៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាពជំនាញរបស់ពលរដ្ឋ។
ផែនទីបង្ហាញផ្លូវនេះ មានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសដល់យុវជនទទួលបានការសិក្សា និងធានាថាប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើល្អសមរម្យ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវនេះ មានគោលបំណងពង្រឹងគុណភាព នៃការអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យមានលទ្ធភាពបំពេញសក្ដានុពល នៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត ដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់បន្ថែមថា ដើម្បីសម្រេចគោលបំណងនេះ សសរស្ដម្ភយុទ្ធសាស្ត្រចំនួន ៥ ត្រូវបានកំណត់យ៉ាងច្បាស់លាស់ដែលប្រទាក់ក្រឡាគ្នាសំដៅលើការដោះស្រាយបញ្ហាប្រឈមនានា នៃប្រព័ន្ធអេកូឡូស៊ី នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា ៖ សសរស្ដម្ភទី ១-គឺការពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(អ.ប.វ) ដើម្បីផលិតនូវបណ្តុំពលកម្មជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ/ឧស្សាហកម្មនាពេលបច្ចុប្បន្ន និងអនាគត។ សសរស្ដម្ភទី ២-ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ជាការកសាងកិត្តិនាម និងអត្តសញ្ញាណ និងបង្កើនការផ្សព្វផ្សាយគ្រប់ទម្រង់ និងកម្មវិធីមិនទុកនរណាម្នាក់ចោល ដើម្បីបង្កើនភាពទាក់ទាញជំរុញឱ្យមានក្តីស្រមៃ និងមោទនភាពក្នុងការចាប់យក អ.ប.វ និងដើម្បីចូលរួមបង្កើនការចុះឈ្មោះចូលរៀន។ សសរស្ដម្ភទី ៣-អ.ប.វ ឆ្លើយតបនឹងឧស្សាហកម្ម ជាការពង្រឹង និងពង្រីកកិច្ចសហការជាមួយវិស័យឯកជន ជាពិសេសសម្រាប់កិច្ចសហការយូរអង្វែងបំពេញវត្ត នៃប្រព័ន្ធធានាគុណភាពអ.ប.វ។ សសរស្ដម្ភទី ៤-ការពង្រឹងអភិបាលកិច្ច និងភាពជាអ្នកដឹកនាំ ជាការពង្រឹងអភិបាលកិច្ច ពង្រឹងយន្តការស្ថាប័ន និងអន្តរស្ថាប័ន និងពង្រឹងប្រព័ន្ធធានាគុណភាព អ.ប.វ និងការត្រួតពិនិត្យ និងវាយតម្លៃ។ និងសសរស្ដម្ភទី ៥-ការផ្តល់ហិរញ្ញប្បទាន និងចីរភាព ជាការធ្វើពិពិធកម្មហិរញ្ញវត្ថុ បង្កើនទំហំថវិកាសម្រាប់ អ.ប.វ ធានាប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាន និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញថា «ផែនទីបង្ហាញផ្លូវ ស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ ២០២៣-២០៣៥» ជាយុទ្ធសាស្ត្រមួយដ៏សំខាន់ដើម្បីប្រែក្លាយកម្លាំងពលកម្មក្នុងប្រទេសពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់តាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដែលគូសវាសយ៉ាងម៉ត់ចត់។
លោកបណ្ឌិតបន្តថា ផែនទីបង្ហាញផ្លូវនេះ នឹងធ្វើឱ្យពលរដ្ឋមានជំនាញ មានចំណូលខ្ពស់ ត្បិតថាទីផ្សារការងារនឹងទាក់ទាញនូវការវិនិយោគបែបបច្ចេកវិទ្យាមានតម្លៃបន្ថែមខ្ពស់ជាងមុន ដែលជាកត្តាធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ លោកបណ្ឌិតថា ដើម្បីឱ្យគោលនយោបាយនេះ ជោគជ័យទៅបាន រដ្ឋាភិបាល តែម្នាក់មិនអាចអនុវត្តជោគជ័យបានឡើយ គឺទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២០ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី