ព័ត៌មានជាតិ
កម្ពុជាមានអត្រាស្លាប់ដោយជំងឺគ្រុនឈាមទាបក្នុងចំណោមប្រទសមហាអនុតំបន់មេគង្គ
ប្រទេសកម្ពុជាជាប្រទេសមួយមានអត្រាស្លាប់ដោយសារជំងឺគ្រុនឈាមទាបបំផុតក្នុងចំណោមប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្របានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២ មីនានេះថា ចាប់ពីថ្ងៃទី ១ ខែ មករា រហូតមកដល់ថ្ងៃទី ២៦ កម្ភៈឆ្នាំ ២០២៤ កម្ពុជាមានករណីជំងឺគ្រុនឈាមចំនួន ២៦៣៤ ករណីមិនមានអ្នកស្លាប់មានការកើនឡើងជិត ៤ ដងបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ ២០២៣ ដែលមានចំនួន ៦៧៧ ករណីក្នុងនោះស្លាប់ ២ ករណី។
អត្រាស្លាប់ដោយសារជំងឺគ្រុនឈាមនៅកម្ពុជាមានអត្រា ០,២% ប៉ុណ្ណោះក្នុង ១ ឆ្នាំបើធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងមហាអនុតំបន់ទន្លេមេគង្គគឺកម្ពុជាមានអត្រាស្លាប់ទាបបំផុត។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា «តាមបទពិសោធន៍កន្លងមក ករណីស្លាប់ដោយសារជំងឺគ្រុនឈាមនៅកម្ពុជាភាគច្រើនដោយសារការបញ្ជួនអ្នកជំងឺយឺតយ៉ាវ ដែលគ្រូពេទ្យមិនអាចជួយសង្គ្រោះបានដោយសារអ្នកជំងឺមានសភាពធ្ងន់ធ្ងរបានមានន័យថាបញ្ជួនអ្នកជំងឺមកហួសពេលជួយលែងរួច»។
លោកវេជ្ជបណ្ឌិតបានណែនាំថា ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន ខណៈកុមារដែលស្លាប់កន្លងមកដោយសារការបញ្ជួនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ ខាប់ ជាដើម និងអាជីវករ និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ ត្រូវគ្រប់គ្រងសំបកកង់ទាំងនេះឱ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹកដោយមិនត្រូវទុកចោលពាសវាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលាព្រោះថាឆ្នាំនេះដល់វដ្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ ខណៈការផ្ទុះចុងក្រោយនៅឆ្នាំ២០១៩។
យ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានតៀមថ្នាំអាបេតចំនួន ២០០ តោន សេរ៉ូម ៦៤០០០ ប្លោកនិងថ្នាំបាញ់សម្លាប់មូស ១ ម៉ឺនលីត្រ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមទ្រង់ទ្រាយធំនៅឆ្នាំ២០២៤ នេះ។
ជាមួយគ្នានេះ ក្រសួងបានត្រៀមសារអប់រំពីវិធានការការពារជំងឺគ្រុនឈាម សម្រាប់ផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គម វិទ្យុ អនឡាញ និងទូរទ្សសន៍ ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋបានយល់ដឹង ការពារកូនចៅកុំឱ្យឆ្លងជំងឺគ្រុនឈាម ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ