ព័ត៌មានជាតិ
ក្រុមហ៊ុន SunRice Group បង្ហាញបំណងបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ នៅកម្ពុជា
កាលពីព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិ បានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្ត្រាលី ទី ១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្ត្រាលី និងប្រទេសនូវ៉ែលសេឡង់។ ព្រមគ្នានេះដែរ លោកនាយកប្រតិបត្តិ បានកត់សម្គាល់ឃើញថា កម្ពុជា មានសក្ដានុពលលើវិស័យកសិកម្ម ដោយអង្ករកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ហើយ កម្ពុជា ក៏មានគុណសម្បត្តិប្រកួតប្រជែងខ្ពស់លើកម្លាំងពលកម្មវ័យក្មេង ស្ថិរភាព នៃតម្លៃអគ្គិសនី ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡា និងឡូជីស្ទីក ល្អប្រសើរផងដែរ។ ផ្អែកលើសក្ដានុពលទាំងនេះ ក្រុមហ៊ុនលោកមានចំណាប់អារម្មណ៍ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀតជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ពិសេសអង្ករសរីរាង្គ សម្រាប់នាំចេញទៅក្រៅប្រទេស។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុននៅក្នុងការពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជា លើឧស្សាហកម្មកែច្នៃអង្ករ សម្រាប់បម្រើឱ្យការនាំចេញ ហើយ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនក្រុមហ៊ុន ថា វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមមូលដ្ឋានឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីគាំទ្រដល់ប្រជាកសិករដល់មូលដ្ឋាន លើផ្នែកបច្ចេកទេស សំដៅបង្កើនផលិតភាពផលិតផលកសិកម្មនៅតាមមូលដ្ឋាន។ បន្ថែមពីនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក និងគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីនៅកម្ពុជា ដោយ សម្ដេចធិបតី បានសង្កត់ថា រាជរដ្ឋាភិបាល ក៏បាននិងកំពុងផ្ដោតអាទិភាពលើការប្រើប្រាស់ថាមពលស្អាត និងថាមពលកកើតឡើងវិញផងដែរ ដើម្បីគាំទ្រដល់សកម្មភាពធុរកិច្ច និងពាណិជ្ជកម្ម នៅកម្ពុជា កាន់តែមានសមត្ថភាពប្រកួតប្រជែង និងផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ ក៏ដូចជាកាត់ថ្លៃដឹកជញ្ជូន។ សម្តេច ធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទស្សនកិច្ចនៅកម្ពុជា ស្វែងរកឱកាសវិនិយោគបន្ថែមទៀត ជាមួយ ក្រសួង ស្ថាប័ន ពាក់ព័ន្ធរបស់កម្ពុជា៕



-
សន្តិសុខសង្គម១២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង