ព័ត៌មានជាតិ
លោក ម៉ែន កល្យាណ៖ មន្ត្រីជំនាញពន្លត់អគ្គិភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើសូកប៉ាន់ឡើយ
អភិបាលរងខេត្តស្វាយរៀង លោក ម៉ែន កល្យាណ លើកឡើងថា មន្ត្រីជំនាញពន្លត់អគ្គិភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើសូកប៉ាន់នៅពេលចេញប្រតិបត្តិការពន្លត់អគ្គិភ័យឡើយ។ ការលើកឡើងនេះ ក្នុងឱកាសលោក អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លើកទី៨ នៅស្នងការនគរបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

លោក ម៉ែន កល្យាណ ក៏បានធ្វើការផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនទៀត ដល់មន្ត្រីពាក់ព័ន្ធ ឱ្យធ្វើការផ្សព្វផ្សាយជាសាធារណៈ នូវលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គិភ័យកើតឡើងជាយថាហេតុ។ ព្រមទាំង ចាត់តាំងឱ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា។ លើសពីនេះ ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេស ត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ នៅតាមសហគមន៍ សាលារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារធំៗដូចជា នៅក្រុងបាវិតជាដើម។
បន្ថែមពីនេះ ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារៈ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ ដោយគ្រប់រថយន្តពន្លត់អគ្គិភ័យទាំងអស់ ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឡានឱ្យបានគ្រប់គ្រាន់។ ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គិភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យនៅនឹងកន្លែងឱ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ។ លោកថា គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ ក្លឹបកម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យនានា ដែលអាចកើតឡើងបានទាន់ពេលវេលា។

លោកបន្តថា នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គិភ័យ ត្រូវអនុវត្តវិធានការពន្លត់ឱ្យបានលឿនរហ័ស ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះឱ្យអស់លទ្ធភាព។ ម្យ៉ាងវិញទៀត កម្លាំងជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឱ្យមានករណីអគ្គិភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
ដោយឡែក អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំឱ្យមានរៀបចំរក្សាផ្លូវ ដើម្បីឱ្យរថយន្តពន្លត់អគ្គិភ័យ អាចចេញចូលបាន។ លោកថា ករណីនេះ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវគោរពច្បាប់ និងប្លង់ឱ្យបានត្រឹមត្រូវ៕




ដោយ៖ ភក្ដី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ