ព័ត៌មានជាតិ
បេក្ខជន ១ ១៣៨នាក់ ចូលរួមប្រឡងក្របខណ្ឌក្រសួងកសិកម្ម ខណៈចម្រាញ់យកតែ ៥២នាក់ប៉ុណ្ណោះ
ដូចការគ្រោងទុក នៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល។
ការប្រឡង បានធ្វើឡើងនៅរសៀលថ្ងៃអង្គារនេះ ដែលអញ្ជើញកាត់វិញ្ញាសាប្រឡងដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង និងមានការអញ្ជើញចូលរួមដោយលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការប្រឡងប្រជែងជ្រើសរើសនាពេលនេះ មិនរាប់បញ្ចូលក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលឈរលើគោលការណ៍ពង្រាយមន្ត្រីរាជការថ្នាក់ក្រោមជាតិ នោះទេ។
លោក គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការកណ្តាលរៀបចំការប្រឡងប្រជែង មានប្រសាសន៍ថា ការប្រឡងប្រជែងនេះ មានបេក្ខជនចូលរួមចំនួន ១ ១៣៨ អង្គ/នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ៥០៩នាក់ ដោយចម្រាញ់យកតែ ៥២នាក់ប៉ុណ្ណោះ។
បេក្ខជន ត្រូវកំណត់ឲ្យមកទីតាំងឲ្យបាន ១ម៉ោងមុនការប្រឡង ដោយត្រូវឆ្លងកាត់ក្រុមការងារត្រួតពិនិត្យយ៉ាងម៉ត់ចត់ ហើយមិនអនុញ្ញាតឲ្យយកឯកសារ ឬគ្រឿងអេឡិចត្រូនិក ចូលនោះឡើយ។ នៅពេលដល់បន្ទប់ប្រឡង គឺមានអនុរក្សហៅឈ្មោះ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នូវជំនាញ លេខតុ លេខបន្ទប់ មុននឹងឲ្យបេក្ខជនចូលប្រឡង។ ចំពោះវិញ្ញាសាប្រឡងមានចំនួន ៣ គឺ១.វិញ្ញាសាវប្បធម៌ទូទៅ ២.វិញ្ញាសាជំនាញ និង ៣.វិញ្ញាសាភាសាអង់គ្លេស។
លោក គង់ សុភី បានឲ្យដឹងបន្តថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរហូតដល់ ១៣មុខជំនាញ ដូចជា៖ គណនេយ្យ និងហិរញ្ញវត្ថុ, ភាសាអង់គ្លេស, វិទ្យាសាស្រ្ដកសិកម្ម, កសិ-ឧស្សាហកម្ម និងគីមីចំណីអាហារ, វិទ្យាសាស្រ្ដកៅស៊ូ, រៀបចំដែនដី និងរដ្ឋបាលដីធ្លី, ព័ត៌មានវិទ្យា, វិទ្យាសាស្រ្ដជលផល, សេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍន៍ជនបទ, វិទ្យាសាស្រ្ដព្រៃឈើ និងបរិស្ថាន, វិស្វកម្មកសិកម្ម, វិទ្យាសាស្រ្ដសត្វ និងនីតិសាស្រ្ដ និងរដ្ឋបាលសាធារណៈ។
មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈរូបនេះ បានឲ្យដឹងទៀតថា រាល់ការប្រឡងប្រជែងជ្រើសរើសរើសមន្ត្រីរាជការ ចូលបម្រើការងារតាមក្រសួង-ស្ថាប័នទាំងអស់ មានការចូលរួមសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ, សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក), តំណាងមកពីសាកលវិទ្យាល័យ និងតំណាងសាធារណជន។
លោក គង់ សុភី បានបន្ថែមថា «ខ្ញុំចង់ជម្រាបជូនថា អ្វីដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យក្រសួង-ស្ថាប័នទាំងអស់ អនុវត្តនិយាមថ្មី ស្ដីពី ការជ្រើសរើសមន្ត្រីរាជការនេះ ដើម្បីបង្ហាញសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយថា យើងចង់បានមន្ត្រីរាជការដែលមានសមត្ថភាព មានចំណេះ ជំនាញពិតប្រាកដ ចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ហើយក្នុងរដ្ឋបាលសាធារណៈនេះ គឺគ្របដណ្ដប់គ្រប់ក្រសួង-ស្ថាប័នទាំងអស់»។
នេះជាថ្ងៃទី ៣ហើយ ដែលក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័ន ចំនួន ៣។ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ។ ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៤ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសាធារណការ និងនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២២ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត