Connect with us

ព័ត៌មានជាតិ

ចាប់ផ្ដើមដំណើរការកែសន្លឹកកិច្ចការបេក្ខជន ប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣

បានផុស

នៅ

បន្ទាប់ពីបញ្ចប់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ ដោយជោគជ័យមក, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសោសៀលទ្វារតម្កល់ឯកសារសន្លឹកកិច្ចការរបស់បេក្ខជន ដើម្បីចាប់ផ្ដើមដំណើរការកែសន្លឹកកិច្ចការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នទាំង ៣នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយពិធីនេះធ្វើឡើងនៅមណ្ឌលកំណែ នៃសាលាភូមិន្ទរដ្ឋបាល។

បន្ទាប់ពីបើកសោសៀលទ្វារតម្កល់ឯកសារសន្លឹកកិច្ចការរបស់បេក្ខជនហើយ, ឯកឧត្ដម ហ៊ុន ម៉ានី និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានបន្តត្រួតពិនិត្យការកាត់ក្បាលសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្រសួង-ស្ថាប័នចំនួន ៣ទាំងនោះ មុននឹងបញ្ជូនឲ្យអ្នកកំណែកិច្ចការ។

សន្លឹកកិច្ចការរបស់បេក្ខជន ដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្រសួង-ស្ថាប័នទាំង ៣នោះ ត្រូវបានចាប់ផ្ដើមធ្វើកំណែ ចាប់ពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤នេះ ហើយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ១សប្ដាហ៍។

សូមជម្រាបថា ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ ក្រសួង-ស្ថាប័នទាំង ៣នោះ រួមមាន៖ អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ៥ ខែមីនា ថា រយៈពេល ៣ថ្ងៃ នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលចំនួន ៣ ក្រសួង-ស្ថាប័ន បានបញ្ចប់ទៅប្រកបដោយក្តីមោទនៈ មានរបៀបរៀបរយ មានសណ្តាប់ធ្នាប់ និងគោរពតាមគោលការណ៍ដូចការគ្រោងទុក។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបន្តថា អ្វីដែលគួរឲ្យកត់សម្គាល់លើសពីដំណើរការ និងបច្ចេកទេសនៃការប្រឡង តាមការសង្កេតជាប្រចាំ គឺឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវ ប្រកប​ដោយវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងក្រុមការងារគ្រប់ៗរូប នៃក្រសួងមុខងារសាធារណៈ រួមជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «ទាំងនេះ គឺជាការចូលរួមប្រែក្លាយទស្សនវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ឲ្យក្លាយជាការពិត ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ពោល គឺកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម