ព័ត៌មានជាតិ
ថ្ងៃនេះ NEA និង RULE សហការគ្នារៀបចំវេទិកាការងារនាំយកក្រុមហ៊ុនធំៗ ២២ ទៅរើសបុគ្គលិកភ្លាមៗ ជាង ២ ពាន់នាក់
វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារ” ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចាប់ផ្ដើមហើយ នាព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ នេះ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗ ចំនួន ២២ ផ្តល់ឱកាសការងារចំនួន ២៥២៥ កន្លែង សម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។

ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែង យុវជន និងនិស្សិតទាំងអស់ ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធល្អៗ ពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់ នៃការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។
លោកបណ្ឌិត នៀ សុផន សកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងនៅក្នុងពិធីបើកវេទិកា និងសិក្ខាសាលា នាព្រឹកមិញនេះថា ការត្រៀមខ្លួនចូលទីផ្សារការងារ គឺជាយុទ្ធសាស្ត្រដ៏មានឧត្ដមភាពសម្រាប់និស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សា ក្នុងការត្រៀមខ្លួនស្វែងរកការងារធ្វើ។

លោកបណ្ឌិត បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ និងកត់ត្រាទុកនូវចំណុចគន្លឹះសំខាន់ៗ ក្នុងការស្វែងរកការងារធ្វើ ដែលវាគ្មិនជំនាញៗ នឹងចែករំលែកចំណេះដឹង និងបទពិសោធនៅក្នុងសិក្ខាសាលា។
លោកស្រី អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារ នេះ គឺជាផ្នែកមួយ នៃយន្តការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាព នៃការទទួលបានការងារកាន់តែឆាប់រហ័ស។

លោកស្រីបន្ថែមថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។ លោកស្រី ក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថានអប់រំទាំងអស់ដែលតែងតែសហការយ៉ាងស្អិតរមួតជាមួយ NEA និងពិសេសអរគុណចំពោះបណ្តាក្រុមហ៊ុន សហគ្រាសទាំងអស់ ដែលគាំទ្រ និងជឿជាក់លើសេវារបស់ NEA ហើយតែងតែចូលរួមក្នុងព្រឹត្តិការណ៍ការងាររបស់ NEA នាពេលកន្លងមក។
សម្រាប់ យុវជន សិស្ស-និស្សិត និងសាធារណជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬ ផ្លាស់ប្ដូរការងារ កុំភ្លេចចូលរួមដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់ ហើយកុំភ្លេចរៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួន(CV)ផងដែរ៕







-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់