ព័ត៌មានជាតិ
មន្ត្រីរាជការជានារី ជាង ១០០ រូប កំពុងបំពេញការងារ នៅសាលារាជធានីភ្នំពេញ
នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខណ្ឌជិត ៣០០ រូប ក្នុងនោះ នារី ចំនួនជាង ១០០ រូប ស្មើនឹង ៣៤,៧% ដែលបាននិងកំពុងបំពេញការងារក្នុងមុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី,អភិបាលរង នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព និងនៅថ្នាក់ការិយាល័យ។

នេះជាការលើកឡើងរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ ក្រោមប្រធានបទ“ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល ដែលបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ នេះ ដោយមានវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ផងដែរ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខណ្ឌសរុបចំនួន ២៩៧ រូប ក្នុងនោះ នារី ១០៣ រូប ស្មើនឹង ៣៤,៧% កំពុងកាន់មុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី អភិបាលរងរាជធានី នាយករងរដ្ឋបាល អនុប្រធានការិយាល័យប្រជាពលរដ្ឋ នាយិកា-នាយិការងទីចាត់ការ-អង្គភាព និងថ្នាក់ការិយាល័យ ដោយបានបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ មន្ត្រីរាជការក្របខណ្ឌ ជានារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ បានសហការចូលរួមជ្រោមជ្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់។

លោកបន្តថា បច្ចុប្បន្ន នារី នៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ។ ទន្ទឹមនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារ យ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្តទុកដាក់លើទុរគតជន-ក្មេងកំព្រា និងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀត។
លោកបន្តទៀតថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជានិច្ចកាល តែងគាំទ្រលើកកម្ពស់ និងជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ជាតិ មាតុភូមិ តាមរយៈការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពគ្រប់លំដាប់ថ្នាក់។

លោកបន្ថែមថា នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា បានដើរតួនាទីកាន់តែសំខាន់ សម្រួលដល់ការប្រាស្រ័យទាក់ទង និងការផ្សារភ្ជាប់រវាងមនុស្ស និងមនុស្ស សង្គម និងសង្គម ប្រទេស និងប្រទេស គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើគ្រប់វិស័យ។ ប៉ុន្តែភាពរីកចម្រើន និងភាពសម្បូរបែបក្នុងបរិវត្តកម្មឌីជីថលនេះ មនុស្សគ្រប់ប្រភេទ និងគ្រប់អាយុ ជាពិសេសស្ត្រី និងក្មេងស្រី អាចនឹងក្លាយជាជនរងគ្រោះ ប្រសិនបើពួកគេមិនបានយល់ដឹងអំពីល្បិចបច្ចេកវិទ្យា ខ្វះសមត្ថភាពវិភាគ ឬ ខ្វះការការពារពីក្រុមគ្រួសារ និងសង្គមជាតិ ដូចជា ការឆបោកតាមប្រព័ន្ធឌីជីថល ការជួញដូរស្ត្រី-ក្មេងស្រី និងការបៀតបៀនតាមរូបភាពផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ ជាដើម។
គួរបញ្ជាក់ថា នារី បម្រើការងារនៅសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ,នៅមន្ទីរបក្សរាជធានី និងនៅសាលារាជធានី សរុបចំនួន ២៦៥ នាក់ ដែលចូលរួមក្នុងកម្មវិធីនេះ ទទួលបានប្រាក់ឧបត្ថម្ភពី លោក ឃួង ស្រេង អភិបាលរាជធានី ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៤០ ម៉ឺនរៀល៕
អត្ថបទ ៖ ស្រីរ័ត្ន







-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?