ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសាធារណការ ជំរុញឲ្យគ្រប់អង្គភាពបង្កើនការផ្សព្វផ្សាយព័ត៌មានដល់មហាជន
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវគោលការណ៍ ១០ ចំណុច ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព នៃការផ្សព្វផ្សាយក្នុងបណ្តាញសង្គមផ្លូវការរបស់អង្គភាពក្រោមឱវាទក្រសួង។
នៅព្រឹកមិញនេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីយន្តការផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសិក្ខាកាមសរុបប្រមាណជាង ២០០ រូប។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តយន្តការការងារជំរុញការផ្សព្វផ្សាយ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានកាន់តែទូលំទូលាយ។
លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យានិងទំនាក់ទំនងសាធារណៈបានឡើងធ្វើរបាយការណ៍អំពីបច្ចុប្បន្នភាព នៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងដែលក្នុងនោះមាន ៨ ដូចជា៖ គេហទំព័រផ្លូវការ, Telegram Channel, Facebook, TikTok, YouTube, X (Twitter), Instagram និងកម្មវិធីទូរស័ព្ទ MPWT News App។
ក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ប្រព័ន្ធបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួង ត្រូវបានចាត់ទុកថាជាប្រព័ន្ធដែលពេញនិយមជាងគេ និងមានអ្នកគាំទ្ររហូតដល់ទៅ ១,៥ លាននាក់។ នេះបើតាមលោក ហ៊ាង សុទ្ធាយុត្តិ។
ក្នុងឆ្នាំ ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមផ្លូវការរបស់ក្រសួង ដែលមាតិការជាវីដេអូមាន ១៧៧ មាតិកា និងការផ្សាយជាអត្ថបទរូបភាព ១ ៤៦៧មាតិកា ឬអាចនិយាយបានថាក្នុងមួយថ្ងៃមានការចុះផ្សាយជាមធ្យមប្រមាណ ៤ មាតិកា។
បើតាមលោក ហ៊ាង សុទ្ធាយុត្តិ បន្ថែមពីការងារផ្សព្វផ្សាយដូចបានរៀបរាប់ខាងលើ ការតាមដាន ប្រមូល និងឆ្លើយតបមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៣ សរុបមានចំនួន ៥៦ ៨១៨ ករណី រួមមាន៖ (១) ការឆ្លើយតប និងដោះស្រាយមតិយោបល់ក្នុងហ្វេសប៊ុកក្រសួងមានចំនួន ៣៣ ០០០ ករណី និង (២) សម្របសម្រួល ប្រឹក្សាយោបល់ ផ្តល់ព័ត៌មានតាមទូរសព្ទ HOTLINE 1275 និងជួបផ្ទាល់ នៅមណ្ឌល សេវាសាធារណៈ មានចំនួន ២៣ ០០០ ករណី។
ដើម្បីឱ្យយន្តការយន្តការផ្សព្វផ្សាយក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញអាចអនុវត្តទៅប្រកបដោយភាពរលូន មានប្រសិទ្ធភាព និងនិរន្តរភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកលជញ្ជូនបានដាក់ចេញនូវគោលការណ៍ចំនួន ១០ ចំណុច និងបានស្នើឱ្យគ្រប់អង្គភាពពាក់ព័ន្ធអនុវត្តតាមរួមមាន៖
១. ត្រូវបង្កើតបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការរបស់អង្គភាពនីមួយៗ (ករណីមិនទាន់មាន) ជាពិសេស Facebook និង TikTok ព្រមទាំងបណ្តាញសង្គមផ្សេងៗទៀត តាមលទ្ធភាពដែលអង្គភាពអាចគ្រប់គ្រងបាន។
២. ត្រូវធានារាល់ការចែករំលែក ផ្សព្វផ្សាយ និងឆ្លើយតបមតិយោបល់របស់ប្រជាពលរដ្ឋលើបណ្តាញសង្គមផ្លូវការត្រូវបានអនុវត្តជាប្រចាំ ប្រកបដោយស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់
៣. រៀបចំកាលវិភាគសម្រាប់ធ្វើការផ្សព្វផ្សាយប្រចាំសប្តាហ៍ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ព្រមទាំងបុណ្យជាតិ-អន្តរជាតិ សារថ្វាយព្រះពរ សារជូនពរ ប្រចាំឆ្នាំ២០២៤។
៤. រៀបចំរបាយការណ៍ផ្សព្វផ្សាយឆ្នាំ២០២៣ និងផែនការសកម្មភាពឆ្នាំ២០២៤ និង បញ្ជីឈ្មោះជនបង្គោលទទួលបន្ទុកទំនាក់ទំនងសាធារណៈរបស់អង្គភាពមកក្រសួងយ៉ាងយូរត្រឹម ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
៥. ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃអង្គភាពក្រោមឱវាទក្រសួង ត្រូវធ្វើ ការតាមដាន និងចែករំលែក (Share) ព័ត៌មានដែលបានចុះផ្សាយលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួង និងអង្គភាពរបស់ខ្លួនឱ្យបានទូលំទូលាយ។
៦. សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីមាន មូលដ្ឋានធ្វើការសំយោគខ្លឹមសារយកទៅផ្សព្វផ្សាយ និងឆ្លើយតបជាសាធារណៈ ដោយ ចម្លងជូនជាប្រចាំនូវរាល់របាយការណ៍វឌ្ឍនភាពការងារផ្តល់សេវាសាធារណៈ និងវឌ្ឍនភាពការងារគម្រោង ព្រមទាំងឯកសារបទដ្ឋានគតិយុត្ត និងបញ្ជូនតាមគ្រប់រូបភាពនូវរាល់ព័ត៌មានទាន់ហេតុការណ៍ និងព្រឹត្តិការណ៍សំខាន់ៗ ដូចជា គ្រោះមហន្តរាយ ការខូចខាតផ្លូវថ្នល់ ស្ពាន ការផ្អាកចរាចរណ៍ ជាដើម ផ្តល់ព័ត៌មាន និងរបាយការណ៍តាមការចាំបាច់។
៧. ត្រូវឆ្លើយតបបំភ្លឺភ្លាមៗ និងប្រតិកម្មរហ័សចំពោះសំណួរ មតិយោបល់ ឬព័ត៌មាន មិនពិតនានា ដោយសហការជាមួយអ្នកនាំពាក្យក្រសួង អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមការងារប្រតិកម្មរហ័ស ដើម្បីឆ្លើយតបជាមួយ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ តាមការចាំបាច់
៨. គ្រប់អង្គភាពក្រោមឱវាទ ក្រុមការងារប្រតិកម្មរហ័ស និងអគ្គនាយដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ត្រូវសហការគ្នាយកចិត្តទុកដាក់ឆ្លើយតបលើមតិយោបល់របស់ប្រជាពលរដ្ឋ ឬសកម្មភាពពាក់ព័ន្ធ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។
៩. លើកសំណើបណ្តុះបណ្តាលទៅកាន់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនង សាធារណៈ តាមការចាំបាច់ សំដៅពង្រឹងគុណភាពព័ត៌មានប្រកបដោយភាពពិត ត្រឹមត្រូវ និងលឿនរហ័ស ដើម្បីបង្កើនភាពទាក់ទាញដែលអាចស្រូបយក ប្រជាប្រិយភាព និងទំនុកចិត្តរបស់សាធារណជន។
១០.អង្គភាពក្រោមឱវាទក្រសួងទាំងអស់ត្រូវយកចិត្តទុកដាក់ ក្នុងវគ្គបណ្តុះបណ្តាលនេះ និងត្រូវអនុវត្តតាមយន្តការដូចមាននៅក្នុងសេចក្តីណែនាំ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានក្រើនរំលឹកដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំឆ្លើយតបនិងដោះស្រាយប្រកបដោយការទទួលខុសត្រូវខ្ពស់នូវកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋដោយប្រកាន់ខ្ជាប់នូវវប្បធម៌សេវាសាធារណៈ ក្រោមទិសស្លោក “មន្ត្រីរាជការជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រ” និងត្រូវរក្សាឱ្យបានជាប់ជានិច្ចនូវក្រមសីលធម៌ វិជ្ជាជីវៈ សុជីវធម៌ និងសីលធម៌ខ្ពស់ជាមួយប្រជាពលរដ្ឋ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ