ព័ត៌មានជាតិ
ក្រសួងសុខាភិបាល យកចិត្តទុកដាក់ ការងារបុគ្គលិកស្ត្រី និងសុខភាពស្ត្រីទូទៅ
សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងាររបស់ស្ត្រី និងសុខភាពស្ត្រី តាំងពីនៅក្មេង។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សាស្ត្រាចារ្យដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល Women and Girls in Digital Transformation» ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

សាស្ត្រាចារ្យ ឈាង រ៉ា ថ្លែងថា ក្នុងការអនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងាររបស់ស្ត្រី ដោយបាន ផ្តល់អាទិភាព ដល់ស្ត្រីដែលមានសមត្ថភាពឱ្យទទួលបាននូវមុខដំណែងសមស្របមួយក្នុងការងាររបស់ខ្លួន និងបានផ្តល់ឱកាសឱ្យស្ត្រីទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាល បន្តជំនាញផ្សេងៗទាំងក្នុង និងក្រៅប្រទេសទៀតផង។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា ចំពោះការផ្តល់សេវាសុខភាព ក្រសួងបានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែរក្សាសុខភាពដល់ ស្ត្រីក្នុងវ័យបន្តពូជ ជាពិសេសស្ត្រីជាមាតា ដើម្បីឈានទៅរកការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។ ជាក់ស្តែងតាមរយៈតួលេខដែលបានមកពី ការអង្កេតសុខភាព និងប្រជាសាស្រ្តបឋមនៅកម្ពុជា អត្រាពិនិត្យ និងថែទាំស្ត្រីនៅពេលមានគភ៌ និងពេលសម្រាល មានចំនួនកើនឡើង រីឯអត្រាមរណភាពមាតា ទារក និងកុមារ មានការថយចុះគួរឱ្យកត់សម្គាល់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីគាំទ្រចំពោះប្រធានបទដ៏មានសារៈសំខាន់នេះ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធអង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយ បាន និងកំពុង រៀបចំយុទ្ធនាការអបអរសាទរខួប លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ២០២៤ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចនូវសក្កានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ប្រធានបទឆ្នាំនេះ គឺចង់បង្ហាញឱ្យយើងទាំងអស់គ្នាបានដឹងពី សមត្ថភាពពិតប្រាកដរបស់ស្រ្តី និងក្មេងស្រី ហើយទទួលស្គាល់ថា ស្រ្តីជាភ្នាក់ងារដ៏សំខាន់ដែលមានតួនាទីចម្បងចូលរួមធ្វើឱ្យសង្គមមានស្ថេរភាព និង ការអភិវឌ្ឍក្នុងយុគសម័យឌីជីថលនេះ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ (អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា) និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារ បានផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើសុខភាពរបស់មាតា ទារក និងកុមារ ដោយបានចេញអនុក្រឹត្យ កំណត់យកថ្ងៃទី២១ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ជាទិវាជាតិសុខភាពមាតា ទារក និង កុមារផងដែរ។ រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ និងបានផ្សព្វផ្សាយ ពីការងារយេនឌ័រយ៉ាងទូលំទូលាយលើគ្រប់វិស័យ នៅទូទាំងប្រទេស ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ជាពិសេសគឺស្រ្តីខ្លួនឯង យល់ពី តួនាទី និងសិទ្ធិរបស់ខ្លួន និងរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិព្រមទាំងការប្រើប្រាស់សិទ្ធិនេះឱ្យបានសមស្របផងដែរ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរួមបញ្ចូលការងាររបស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្រ្តីមានតួនាទី និងមុខដំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំកំពូល។ ជាក់ស្តែង យើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំ ចាប់ពី ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួងស្ថាប័ន ជាងនេះទៅទៀត ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា។ ប្រសិនបើស្រ្តីជាមាតា មានសុខភាពល្អ នោះកូន ស្វាមី និងគ្រួសារ ទាំងមូលក៏មាន សុខភាពល្អ សុភមង្គល និងឱកាសចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍសង្គមជាតិដែរ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ