ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា៖ ការវិនិយោគរបស់អូស្ត្រាលីជាការសម្រេចចិត្តបែបយុទ្ធសាស្ត្រ និងអនាគតប្រទេសទាំងពីរ
សម្តេចធិបតី ហ៊ុន ម៉ាណែតបានមើលឃើញថា ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជាមិនគ្រាន់តែជាការសម្រេចចិត្តបែបយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើភាពសម្បូររុងរឿងសម្រាប់ពេលអនាគតរបស់ប្រទេសទាំងពីរ ព្រោះថាគន្លងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា រួមជាមួយទីតាំងភូមិសាស្ត្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្តល់ឱកាសជាច្រើនដល់អាជីវកម្ម និងអ្នកវិនិយោគអូស្ត្រាលី។
ជាមួយគ្នានេះ ការវិនិយោគរបស់អូស្ត្រាលី ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជាផងដែរ។
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូស្ត្រាលី រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិទ័ររៀ ដោយមានការចូលរួមពីវិនិយោគិនចំនួន ៣៥០ នាក់ មកពីក្រុមហ៊ុន ចំនួន ៣៥០ ក្រុមហ៊ុន។
មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានភាពជឿជាក់មុតមាំថា ការរីកចម្រើនខាងវិស័យឯកជនគឺមានសារៈសំខាន់សម្រាប់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់ប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិស្ថានអំណោយផលដល់អាជីវកម្ម និងការវិនិយោគ ដែលការប្តេជ្ញាចិត្តនេះប្រត្យក្សច្បាស់លាស់នៅក្នុងច្បាប់ថ្មីស្តីពីពន្ធដារ ធានាជំរុញឱ្យមានតម្លាភាព អាចព្យាករណ៍បាន និងរចនាសម្ព័ន្ធពន្ធដែលទាក់ទាញ និងច្បាប់ថ្មីស្តីពីការវិនិយោគដែលផ្តល់នូវការលើកទឹកចិត្ត និងផ្តោតលើវិស័យចម្រុះ។
ការដាក់បង្ហាញ ” សៀវភៅស្តីពីការវិនិយោគនៅកម្ពុជា ” ថ្មី ដែលរៀបចំឡើងដោយ DFAT របស់ អូស្ត្រាលី និង ក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកម្ពុជា នាខែកក្កដា ឆ្នាំ ២០២៣ គឺជាការណែនាំដ៏ទូលំទូលាយសម្រាប់អ្នកវិនិយោគទុន។ ក្រៅពីនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីធានាឱ្យអាជីវកម្ម និងការវិនិយោគនៅកម្ពុជាមានលទ្ធភាពក្នុងការចូលទៅទីផ្សារក្នុងស្រុក និងអន្តរជាតិ និងកត្តាចាំបាច់ដទៃទៀតតួយ៉ាងដូចជា សមាជិកភាពរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងសេរីភាពទ្វេភាគី និងពហុភាគីសំខាន់ៗ ផ្តល់ឱកាសអស្ចារ្យសម្រាប់ការវិនិយោគ និងអាជីវកម្មនៅកម្ពុជា ក្នុងគោលដៅនាំចេញ អាចទទួលបានភាពជោគជ័យក្នុងរយៈពេលវែង។
រាជរដ្ឋាភិបាលកម្ពុជា បន្តវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ផ្លូវ កំពង់ផែសមុទ្រជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងមជ្ឈមណ្ឌលទ្បូជីស្ទីក ក្នុងបំណងស្វះស្វែងតភ្ជាប់បណ្តាញដឹកជញ្ជូនរបស់ខ្លួនទៅនឹងមជ្ឈមណ្ឌលសេដ្ឋកិច្ច និងច្រករបៀងសំខាន់ៗទាំងនៅក្នុងប្រទេសនិងតំបន់។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជនចំនួន ១.៥ លាននាក់ មកពីគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេសក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ដែលការណ៍នេះនឹងបញ្ចូលកម្លាំងពលកម្មទៅក្នុងទីផ្សារ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងដែលនឹងជួយបង្កើនកម្លាំងពលកម្មដែលមានជំនាញក្នុងស្រុក ព្រមទាំងជួយកាត់បន្ថយការចំណាយថ្លៃដើមផលិតកម្មទៀតផង។
លើសពីនេះ ការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះថាមពលនិរន្តរភាព គឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកវិនិយោគអូស្ត្រាលី ព្រោះជាឱកាសទីផ្សារដ៏ល្អសម្រាប់ការដាក់ពង្រាយជំនាញរបស់អូស្ត្រាលីជាមួយនឹងសក្តានុពលថាមពលព្រះអាទិត្យ ថាមពលទឹកសម្បូរបែប និងគោលដៅដ៏មហិច្ឆតាដែលបានរៀបរាប់នៅក្នុងផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី 2022-2040។
ការយកចិត្តទុកដាក់របស់កម្ពុជាលើភាពជឿទុកចិត្ត, តម្លៃទាប, និងគោលដៅក្នុងការឈានទៅរកភាពអព្យាក្រឹតនៃកាបូននៅឆ្នាំ ២០៥០ បានបង្កើតបរិស្ថានវិនិយោគរយៈពេលវែងប្រកបចេរភាព។ សម្រាប់ក្រុមហ៊ុនថាមពលស្អាតអូស្ត្រាលី ឱកាសទាំងនេះមិនត្រឹមតែសម្រាប់ការចាប់ផ្តើមអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការនាំមុខនៅក្នុងទីផ្សាប្រកបដោយសក្តានុពល គាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសអូស្ត្រាលី ក្នុងនាមជាប្រតិបត្តិករសកលក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកអនាគតនៃថាមពលស្អាត។
សម្តេចធិបតីក៏បានរំឭកផងដែរដែរថា ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ អូស្ត្រាលីតែងតែជាអ្នកវិនិយោគដ៏សំខាន់មួយនៅកម្ពុជា លើវិស័យជាច្រើនរួមមានសេវាកម្មអប់រំ, អាហារ និងភេសជ្ជៈ, សេវាកម្មហិរញ្ញវត្ថុ, ការរុករករ៉ែ និងធនធាន, បដិសណ្ឋារកិច្ច និងការទិញសម្លៀកបំពាក់ជាដើម។
ការវិនិយោគរបស់អូស្ត្រាលីនៅកម្ពុជានឹងកាន់តែមានសារៈសំខាន់ថែមទៀតលើវិស័យជាច្រើនដូចជាកសិកម្ម និងឧស្សាហកម្មកសិកម្ម ការអប់រំ សេដ្ឋកិច្ច ឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលពណ៌បៃតង។ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីធ្វើឲ្យកម្ពុជាក្លាយទៅជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគ ក្នុងនេះបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន និងវិនិយោគិនក្នុងស្រុក និងអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ប្រយោជន៍ធានាបាននូវភាពជោគជ័យដល់ការធ្វើអាជីវកម្ម និងវិនិយោគក្នុងប្រទេស ជាពិសេសតាមរយៈការរៀបចំវេទិការដ្ឋាភិបាល និងវិស័យឯកជនជាប្រចាំ។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសអូស្រ្តាលី សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏អញ្ជើញជាសាក្សីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ២ ពាក់ព័ន្ធនឹងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងកម្ពុជានិងអូស្រ្តាលី៖
១. អនុស្សរណៈយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មវិទ័ររៀ ក្នុងការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និង ប្រទេសអូស្រ្តាលី ។
២. អនុស្សរណៈយោគយល់គ្នារវាងសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ជាមួយក្រុមហ៊ុន La Vie Hospitality Group ក្នុងចូលរួមទាក់ទាញការវិនិយោគលើវិស័យទេសចរណ៍៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់