ព័ត៌មានជាតិ
អូស្រ្តាលីគ្រោងសហការជាមួយកម្ពុជា លើវិស័យកសិកម្ម អប់រំ ពិសេសវិស័យទេសចរណ៍
លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា លោក Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកកម្ពុជា ជាប្រទេសមួយអស្ចារ្យ ដែលឆ្លងកាត់របបប្រល័យពូជសាសន៍ ហើយឥឡូវក្លាយជាប្រទេសរឹងមាំ មានសន្តិភាព និងស្ថិរភាពនយោបាយ អភិវឌ្ឍប្រកិតនឹងសមាជិកអាស៊ានដទៃទៀត។ ជាមួយគ្នានេះ អូស្រ្តាលីគ្រោងសហការជាមួយកម្ពុជា នៅលើវិស័យកសិកម្ម វិស័យអប់រំ ពិសេសវិស័យទេសចរណ៍ ជាដើម។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ដីពី លទ្ធផល នៃការអញ្ជើញចូលរួមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា នៅក្នុងឱកាសជួបពិភាក្សាទ្វេភាគី ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ លើកឡើងបន្ថែមថា កម្ពុជា-អូស្រ្តាលី មានទំនាក់ទំនងជាមួយគ្នាយូរអង្វែងជាង ៧ទសវត្ស មកហើយ ដោយអូស្រ្តាលីបានជួយកម្ពុជាជាច្រើន ជាពិសេសអំឡុងស្វែងរកសន្តិភាពជូនកម្ពុជា នៅក្នុងទសវត្ស ឆ្នាំ១៩៩០ ហើយពេលនេះអូស្រ្តាលីបន្តជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្ស និងក្នុងវិស័យគន្លឹះៗជាច្រើន ដូចជាកសិកម្ម សុខាភិបាល ការបោសសម្អាតមីន សន្តិសុខ និងការការពារសន្តិសុខជាដើម។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ មានប្រសាសន៍ថា អូស្តាលី បានដាក់ចេញនូវយុទ្ធសាស្រ្តសេដ្ឋកិច្ចអូស្ត្រាលីមួយច្បាស់លាស់សម្រាប់អាស៊ីអាគ្នេយ៍ ហើយនៅក្របខ័ណ្ឌក្នុងការអនុវត្តយុទ្ធសាស្ត្រនេះ អូស្រ្តាលីគ្រោងនឹងសហការជាមួយកម្ពុជា នៅលើវិស័យមួយចំនួនដូចជា វិស័យកសិកម្មដែលត្រូវតែលើកកម្ពស់ផលិតភាព វិស័យអប់រំតាមរយៈការលើកកម្ពស់ជំនាញវិទ្យាសាស្ត្រ ព្រមទាំងវិស័យទេសចរណ៍។ល។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ថា៖ “តាមរយៈវិស័យទេសចរណ៍នេះដែរ រដ្ឋាភិបាលកម្ពុជា-អូស្រ្តាលី តាមរយៈក្រសួងការបរទេស នៃប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងមួយ ស្តីពី សេវាកម្មដឹកអញ្ជូនតាមផ្លូវអាកាស ហើយគោលដៅគឺជំរុញទំនាក់ទំនងកម្ពុជា-អូស្រ្តាលីជាអាទិ៍ នៅលើវិស័យទេសចរណ៍នេះឯង”។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា នាយករដ្ឋមន្រ្តីអូស្រ្តាលី ចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយអស្ចារ្យ ក្នុងន័យថា ជាប្រទេសមួយមានភាពធន់ខ្លាំង គួរឱ្យស្ញប់ស្ញែង ដ្បិតកម្ពុជាដែលបានឆ្លងកាត់សោកនាដកម្ម មួយពាន់ជំពូក រួមទាំងបានឆ្លងកាត់របបប្រល័យពូជសាសន៍មួយផង ឥឡូវក្លាយជាប្រទេសរឹងមាំ ដែលមានសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីបន្តអភិវឌ្ឍ ដោយតាមប្រកិតពីក្រោយ បណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ដែរ។

គួរបញ្ជាក់ថា ក្នុងដំណើរបំពេញការងារនៅប្រទេសអូស្ត្រាលីនាពេលនេះ កម្មវិធីផ្លូវការ គឺកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន និងអូស្ត្រាលី ដើម្បីអបអរខួបអនុស្សាវរីយ៍ទំនាក់ទំនងដៃគូសន្ទនារយៈពេល ៥០ឆ្នាំ ដែលមានរយៈពេលប្រមាណពីរថ្ងៃប៉ុណ្ណោះ។ តែដោយមិនចង់ឱ្យខាតជើង នៃការធ្វើដំណើរដ៏វែងឆ្ងាយ និងដើម្បីចាប់យកឱកាសពង្រីកការទូតផ្នែកនយោបាយ និងសេដ្ឋកិច្ចផងនោះ សម្តេចធិបតី បានរៀបចំកម្មវិធីរហូតដល់ទៅ ៦ថ្ងៃ ជាមួយកម្មវិធីដ៏ច្រើនមិនសល់ពេលទំនេរ។ ក្នុងកម្មវិធីនៅប្រទេសអូស្ត្រាលីនាពេលនេះ ក្រៅតែពីការចូលរួមកម្មវិធីផ្លូវការនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអូស្ត្រាលីហើយនោះ សម្តេចធិបតី បានជួបមេដឹកនាំប្រទេសជាមិត្ត ជួបជាមួយប្រធានក្រុមហ៊ុនធំៗរបស់អូស្ត្រាលី ដែលកម្មវិធីទាំងអស់សរុបជាង ២០កម្មវិធី។

មេដឹកនាំប្រទេសជាមិត្តចំនួន ៦រូប ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ឆ្លៀតជួបទ្វេភាគីជាបន្តបន្ទាប់ ដើម្បីបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយឱ្យកាន់តែល្អប្រសើរ សម្តៅឆ្ពោះទៅពង្រីកការធ្វើធុរកិច្ចនាំប្រយោជន៍ផ្នែកសេដ្ឋកិច្ចសម្រាប់ជាតិ និងប្រជាជន។ មេដឹកនាំប្រទេសជាមិត្តដែលសម្តេចធិបតី បានជួបរួមមាន៖ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសឹង្ហបុរី, លោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី, លោក Christopher Luxon នាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីរបស់វៀតណាម៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ