ព័ត៌មានជាតិ
អាជ្ញាធរឃុំឈ្នួមានជ័យ ជីកប្រឡាយស្ថាបនាផ្លូវទាក់ទាញទេសចរណ៍ទស្សនាតំបន់រហាលកេះដែលសំបូរសត្វស្លាបរាប់មុឺនក្បាល
ដើម្បីទាក់ទាញអោយភ្ញៀវទេសចរទៅទស្សនាសហគមន៍តំបន់ការពារធម្មជាតិទេសចរណ៍រហាលកេះ(អាវៀង)ដែលសំបូរសត្វស្លាបរាប់មុឺនក្បាលហោះហើរលើវេហា និងចូលទ្រនំទំលើមែកឈើនាពេលរសៀលនៅរដូវវស្សាបាន ខណះបច្ចុប្បន្នតំបន់ទេសចរណ៍មួយនេះដែលនៅមិនឆ្ងាយពីទីរួមខេត្តបន្ទាយមានជ័យប្រមាណជា២៣គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំឈ្នួមានជ័យស្រុកព្រះនេត្រព្រះជាប់នឹងក្រុងសិរីសោភ័ណមិនអាចធ្វើដំណើរបាននារដូវវស្សា។ ទើបអាជ្ញាធរឃុំឈ្នួមានជ័យបានខិតខំរកដៃគូមកអភិឌ្ឍន៍ជីកប្រឡាយស្ថាបនាផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៦A ដែលជាផ្លូវទេសចរណ៍ដ៏សំខាន់ទៅកាន់តំបន់ទេសចរណ៍រហាលកេះខាងលើតាមរយៈជិះទូកកាណូតនារដូវវស្សាទឹកលិច។

តាមរយះការផ្តល់បទសម្ភាសពីលោក ខុង ប៊ុន មេឃុំឈ្នួមានជ័យដល់អ្នកយកព័ត៍មានយើងកាលពីរសៀលថ្ងៃទី៧មីនា បានអោយដឹងថា ជាកិច្ចផ្តួចផ្តើមរបស់លោកនៅដើមឆ្នាំ២០២៤នេះដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងជាប្រយោជន៍សម្រាប់កសិករបានទឹកស្រោចស្របដំំណាំកសិកម្មឃុំបានធ្វើគម្រោងចំនួន២ គឺជីកប្រឡាយប្រវែងជាង៨គីឡូម៉ែត្រ ទៅទល់នឹងបឹងអភិរក្សរហាលកេះដើម្បីអោយភ្ញៀវទេសចរអាចទៅកំសាន្តលេងនារដូវវស្សា និងមួយទៀតគឺការលើកផ្លូវប្រវែងជាង៣គីឡូម៉ែត្រតភ្ជាប់ពីផ្លូវភូមិរពាក់ដែលភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅដល់តំបន់សត្វស្លាប។

តាមការរំពឹងទុកក្រោយជីកប្រឡាយ និងស្ថាបនាផ្លូវនៅខែមេសាខាងមុខដែលជារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិនឹងមានភ្ញៀវទេសចរមកកំសាន្តច្រើន ហើយរហូតដល់ខែវស្សាក៏នៅតែមានភ្ញៀវមកកំសាន្តលេងតាមរយះការជិះទូកកាណូត ដោយបច្ចុប្បន្នចាប់ពីចុងខែមករា មកជាពិសេសរៀងរាល់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ មានភ្ញៀវមកកំសាន្តលេងចន្លោះពី២០០ទៅ៣០០នាក់ ធ្វើដំណើរតាមម៉ូតូ រថយន្តគ្រប់ប្រភេទ តាមផ្លូវគោកលើផ្លូវខ្នងប្រឡាយ រួចកាត់វាលស្រែទៅកាន់ទីនោះ។ភ្ញៀវបានអង្គុយមើលថ្ងៃលិច មើលសត្វស្វាបហើរចូលទ្រនំ រាប់ម៉ឺនសែនក្បាល នៅវេលាចាប់ពីម៉ោង ៥ ទៅម៉ោង៦ល្ងាច ។ ក្រៅពីនេះភ្ញៀវទេសចរក៏អាចជិះទូកលេងលើផ្ទៃបឹងមើលការនេសាទត្រី ជាលក្ខណៈគ្រួសារ និងអាចទស្សនាការដាំផ្លែឪឡឹក ឬទិញបរិភោគភ្លាមៗនៅនឹងចម្ការ។

តាមអាជ្ញាធរប្រវត្តិតំបន់នេះវាជាទំនប់ស្ទាក់បំបែក និងបង្វែរទឹកនៃប្រព័ន្ធធារាសាស្ត្រ ដែលកសាងឡើងក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-៧៩ ) ។ តំបន់រហាលកេះនេះមានផ្ទៃដីទឹក និងព្រៃលិចទឹក ទំហំ ២៨ ហិកតា។ មានសត្វស្លាបបានកើនចំនួនជិត ១០ ប្រភេទ។ រួមមានសត្វស្លាប ចង្គៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុម មាន់ទឹក ជាដើម។ ក្រៅពីនោះ មានសត្វកុក យ៉ាងច្រើនដែរ ៕
អត្ថបទ៖ អ ពៅ




-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?