ព័ត៌មានជាតិ
ឡើងត្នោតរយៈពេល១០ឆ្នាំ បុរសម្នាក់អាចរកចំណូលបាន២០ម៉ឺនរៀលក្នុងមួយថ្ងៃផ្គត់ផ្គង់ជីវភាពគ្រួសារ
ដើមត្នោតមិនត្រឹមតែជាប្រភេទដើមរុក្ខជាតិដ៏សំខាន់ដែលពិភពលោកស្គាល់ថា ជាតំណាងឲ្យប្រទេសកម្ពុជា ប៉ុណ្ណោះទេ វាក៏បានដើរតួយ៉ាងសំខាន់សម្រាប់ផ្តល់អត្ថប្រយោជន៍យ៉ាងសំបូរបែបដល់សុខភាពរបស់មនុស្សតាមរយ:ការយកទឹកវាចេញពីផ្ការដែលបានផ្តល់ឲ្យមាន២ប្រភេទ គឺទឹកត្នោតជួ និងផ្អែម ដែលពិភពលោកចាត់ទុកថា ទឹកត្នោតជាភេសជ្ជ:មួយប្រភេទពេញនិយមនៅប៉ែកអាស៊ី មានអត្ថប្រយោជន៍អាចជួយសម្រួលដល់សុខភាពយ៉ាងច្រើន នៅមិនទាន់គិតអំពីអត្ថប្រយោជន៍ផ្លែ និងដើមទាំងមូលរបស់ត្នោតផង។ តែក៏ត្រូវប្រយ័ត្នផងដែរ ចំពោះការយកទឹកត្នោតទៅកែច្នៃរស់ជាតិដើម ដោយថែមសាធាតុឬជាតិផ្អែមខុសពីធាតុដើម វានឹងបង្កឲ្យមានហានីភ័យសម្រាប់សុខភាពផងដែរ។ នេះបើតាម ការបញ្ជាក់ពីមន្ត្រីសុខាភិបាល។

បុរសវ័យជិត៤០ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាម ហើយមានមុខរបរ និងជំនាញខាងឡើងដើមត្នោតយ៉ាងស្ទាត់ជំនាញ បើទោះបីបុរសរូបនេះថា ជារបរប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ ក៏ត្រូវតែធ្វើតាមចំណូលចិត្តរបស់ខ្លួន ដើម្បីរកថវិការទ្រទ្រង់ជីវភាពគ្រួសារ តាមរយះមុខរបរដ៏គ្រោះថ្នាក់មួយនេះ។ បច្ចុប្បន្នបើគេសង្កេតមើលក្នុងខេត្តបាត់ដំបង ហាក់មិនសូវមានអ្នកប្រកបរបរឡើងត្នោតនោះទេ បើធៀបនឹងសម័យមុន ខណៈនាពេលបច្ចុប្បន្ននេះ ពលរដ្ឋរស់នៅក្នុងខេត្តនេះ សំបូរប្រកបរបរកសិកម្មភាគច្រើន ព្រោះមុខរបរឡើងត្នោតមិនមែនងាយស្រួលនោះទេ គឺទាមទាឲ្យអ្នកប្រកបរបរនេះមានសុខភាពល្អ កម្លាំងមាំមួន ព្រោះមុខរបរបែបប្រពៃណីនេះ ងាយប្រឈមគ្រោះថ្នាក់គ្រប់ពេលប្រសិនបើមិនប្រយ័ត្ននោះទេ។

ក្នុងសកម្មភាពទើបតែចុះពីលើដើមត្នោត ហើយមានអំរែកបំពង់ទឹកត្នោតនៅលើស្មា លោក ឈាន វ័យប្រមាណជិត ៤០ឆ្នាំ បានរៀបរាប់ទាំងទឹកមុខញញឹមថា លោកជាអ្នកខេត្តកំពង់ចាម បានមកប្រកបរបរឡើងត្នោតនៅឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងរយ:ពេល១០ឆ្នាំហើយ។ ហើយដើមត្នោតដែលលោកឡើងយកទឹកជាប្រចាំថ្ងៃ មានប្រមាណ៣០ដើម ដែលជួលពីអ្នកភូមិ ក្នុងមួយដើម០១ម៉ឺនរៀល ក្នុងរយៈពេលមួយឆ្នាំ លោកឡើង២ដងក្នុង១ថ្ងៃ គឺពេលព្រឹក និងល្ងាច ដើម្បីយកទឹកវាចុះនិងដាក់បន្តយកទឹកថ្មី។ លោកថា ក្នុងមួយថ្ងៃ លោកទទួលបានប្រមាណ ៣០០ទៅ ៤០០លីត្រ សម្រាប់លក់ប្រចាំថ្ងៃ តែលោកមិនផលិតជាស្ករត្នោតនោះទេ ព្រោះលោកថា ពិបាកលើបញ្ហាអុសដុត ទើបលោកលក់តែ ទឹកត្នោតផ្អែម និងជូរប៉ុណ្ណោះហើយអាចរកចំណូលបានប្រមាណ ២០ម៉ឺនរៀលក្នុងមួយថ្ងៃពីការលក់ទឹកត្នោផ្អែម និងជូរ។

អ្នកឡើងត្នោតរូបនេះបន្តថា “នៅពេលដែលខ្ញុំចុះមកដល់ដី ខ្ញុំមានអារម្មណ៍ថា ដូចរស់ម្តងទៀតចឹង ដើមត្នោតខ្ពស់ៗណាស់ ពេលយើងឡើងត្រូវប្រយ័ត្ន ប្រសិនបើធ្វេសប្រហែសតែបន្តិច ធ្លាក់នឹងមានគ្រោះថ្នាក់ដល់ជីវិត ម្យ៉ាងទៀតប្រសិនបើសុខភាពមិនល្អ ហើយនៅតែបង្ខំឡើង វាអាចវិលមុខលើចុងត្នោត ក៏ជារឿងគ្រោះថ្នាក់បំផុតដែរ តែមុខរបរនេះ ខ្ញុំចូលចិត្តតាំងពីក្មេង”។

បើទោះបីបែបណា អ្នកឡើងត្នោតរូបនេះថា ដើម្បីរកប្រាក់ចិញ្ជឹមគ្រួសារ ហើយលោកធ្លាប់តែជាអ្នកឡើងត្នោតតាំងពីក្មេង ហើយមិនដឹងធ្វើការងារអ្វីក្រៅពីនេះផង ទើបលោកបន្តជំនាញលោករហូត ខណៈអ្នកផ្សេងបោះបង់ ជាពិសេសអ្នកបាត់ដំបង ទើបលោកសម្រេចមកប្រកបរបរនេះក្នុងខេត្តបាត់ដំបងតែម្តង បើគិតត្រឹមពេលនេះរយ:ពេល១០ឆ្នាំហើយ តែការរស់នៅអាចស្ថិតក្នុងជីវភាពល្អប្រសើ ជាមួយនឹងការរកចំណូលបានគួរសម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

លោកក៏បានសំណូមពរដល់បងប្អូនជួយគ្រាំទ្រទឹកត្នោតសុទ្ធ១០០ភាគរយរបស់លោក ដែលយកពីលើដើម ដាក់លក់នៅ ក្រោមដើមត្នោតតែម្តង ដោយកន្លះលីត្រ លោកលក់តែ១០០០រៀលប៉ុណ្ណោះ ម្យ៉ាងទៀតបងប្អូនក៏អាចថតរូបទេសភាពដើមត្នោតដែលដុះជាជូរជាប់តាមដងផ្លូវដ៏ស្រស់ស្អាត ជាអនុស្សាវរីយ៍ផងដែរ។

យ៉ាងណាមិញ មន្ត្រីកសិកម្មខេត្ត បានឲ្យដឹងថា មុខរបរនេះនៅក្នុងខេត្តបាត់ដំបង ស្ទើរបាត់បង់ទាំងស្រុង ដោយអ្នកប្រកបរបរនេះ បានងាកមកប្រកបរបរកសិកម្មភាគច្រើន ព្រោះតែការចុះខ្សោយផ្នែកសុខភាពអាចប្រឈមនឹងគ្រោះថ្នាក់ បើសិនជាពួកគេនៅបន្តរបរឡើងត្នោត ទើបមានអ្នកនៅខេត្តផ្សេងមកប្រកបរបរនេះជំនួសវិញ៕
អត្ថបទ៖ សៅ សារិទ្ធ



-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច