ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ បំផុសឱ្យគ្រប់ភូមិសិក្សាទាំងអស់ រៀនសរសេរ និងអានភាសាខ្មែរ ដើម្បីលើកតម្កើងអក្សរសាស្ត្រជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានបំផុសគ្រប់ភូមិសិក្សាទាំងអស់ រៀនសរសេរ និងអានភាសាខ្មែរ ឱ្យបានត្រឹមត្រូវ ដើម្បីលើកតម្កើងអក្សរសាស្ត្រជាតិ និងភាសាជាតិ បានគង់វង្ស ខណៈបច្ចុប្បន្នការសរសេរ និងអានភាសាខ្មែរ នៅមិនទាន់បានត្រឹមត្រូវនៅឡើយទេ។

ថ្លែងក្នុងកម្មវិធីប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាជាតិអំណាន ១១ មីនា ២០២៤ ក្រោមប្រធានបទ“អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត” កាលពីថ្ងៃទី ៩ មីនា លោកបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យលោកស្រីអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រៀបចំដាក់សំណើការរៀនអាន និងសរសេរភាសាខ្មែរ នៅគ្រប់ភូមិសិក្សា ទៅក្នុងសន្និបាតក្រសួងអប់រំខាងមុខនេះ ដោយអាចឱ្យសាលាអនុវត្តជារៀងរាល់ខែ ឬ រៀងរាល់ត្រីមាស ដើម្បីឱ្យសិស្សគ្រប់កម្រិតសរសេរ និងអានភាសាខ្មែរ បានត្រឹមត្រូវ។
លោករដ្ឋលេខាធិការ បានបន្តថា «ការរៀនសរសេរ និងការអានភាសាខ្មែរនេះ មិនមែនតែ ធ្វើតែ ផ្តោតតែទៅលើសាលាបឋមសិក្សានោះទេ។ សព្វថ្ងៃសូម្បីតែនិស្សិតនៅថ្នាក់ឧត្ដមសិក្សា និងមជ្ឈដ្ឋានទាំងអស់ ដោយសារតែប្រព័ន្ធព័ត៌មានវិទ្យាទំនើប លែងចង់សរសេរដៃហើយ។ យើងផ្តើមចេញពីខាងអប់រំយើងទៅអានឱ្យបានត្រឹមត្រូវពាក្យណាអានមិនត្រឹមត្រូវ យើងមានវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត កែតម្រូវសរសេរឱ្យបានត្រឹមត្រូវ ហើយអក្សរក៏ត្រូវសរសេរឱ្យបានត្រឹមត្រូវដែរ រហូតដល់ខ្លះនិយាយថា សរសេរអក្សរខ្មែរលំបាក មានស្រះស្មុគស្មាញ សរសេរបរទេសស្រួលជាង»។

លោករដ្ឋលេខាធិការ បានបន្តទៀតថា «យើងក៏គួរតែមានមោទនភាពជាតិដែរ យើងមានភាសាជាតិ ទាំងភាសាសរសេរ ភាសានិយាយ កត់ត្រាឈ្មោះយើងជាភាសារបស់ខ្លួនរាប់សតវត្សមកហើយ នេះជាមោទនភាពណាស់ហើយដែលបុព្វបុរសយើងខំតស៊ូ កុំអីយើងលែងបានឃើញអក្សរខ្មែរ ដោយនិយាយខ្មែរ តែសរសេរផ្សេងៗ បាត់ទៅហើយ។ ដូចនេះយើងត្រូវនឹកឃើញដូនតារបស់យើង ត្រូវខិតខំថែរក្សាឱ្យបានគង់វង្ស»។
លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា ជំហានបន្តបន្ទាប់ទៀត ខាងក្រុមប្រឹក្សាជាតិអក្សរខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា នឹងពិនិត្យការសរសេរអក្សរនៅតាមស្លាកយីហោ តាមទីសាធារណៈនេះ ដោយកន្លែងខ្លះសរសេរភាសាបរទេស ខ្លះសរសេរខ្មែរមិនបានត្រឹមត្រូវ ពោលគឺត្រូវសរសេរភាសាខ្មែរនៅលើគេ មានទំហំប៉ុនណា ហើយភាសាគេនៅក្រោមទី ២ ឬ ទី ៣ ធ្វើបែបនេះមិនមែនតឹងតែងទេ ប្រទេសណាក៏ធ្វើដែរ វាជាវប្បធម៌របស់ប្រទេសនីមួយៗ ពិសេសស្របតាមច្បាប់រដ្ឋធម្មនុញ្ញ។

ពាក់ព័ន្ធនឹងកម្មវិធីប្រឡងប្រជែង អាន ស្មូតកំណាព្យ និងតែងនិពន្ធពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លោករដ្ឋលេខាធិការ បានលើកឡើងថា ការប្រកួតប្រជែងនេះ ជាការលើកតម្កើងវប្បធម៌ជាតិ និងផ្សារភ្ជាប់ជំនាន់មនុស្សពីជំនាន់ក្មេង និងជំនាន់ចាស់ ហើយយើងខិតខំថែរក្សាការពារផ្សព្វផ្សាយពង្រីកឈរលើស្មារតីអភិរក្ស និងអភិវឌ្ឍន៍ ស្របទៅនឹងរាជរដ្ឋាភិបាល នៃអាណត្តិទី ៧ នេះ សម្រួចខ្លាំងលើការលើកតម្កើងវប្បធម៌ជាតិ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ