ព័ត៌មានជាតិ
អនុស្សរណៈចំនួន៤ បានចុះហត្ថលេខាក្នុងវេទិការដ្ឋាភិបាលឌីជីថល
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសបើកជាផ្លូវការវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍។ ក្នុងពិធីបើកនេះ មានការផ្លាស់ប្ដូរលើអនុស្សរណៈនៃការយោគយល់ចំនួន៤ រវាងក្រសួងប្រៃសណីយ៍កម្ពុជា និងប្រទេសជាដៃគូ។

អនុស្សរណៈនៃការយោគយល់ចំនួន៤ នេះ រួមមាន៖ ១) អនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងបច្ចេកវិទ្យា និងទូរគមនាគមន៍ឡាវ។ ២) អនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជានិងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា។ ៣) អនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខកូរ៉េខាងត្បូង។ ៤) អនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងទីភ្នាក់ងារជាតិសង្គមព័ត៌មានកូរ៉េខាងត្បូង។

អញ្ជើញជាអធិបតីពិធីបើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់ជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សានៅក្នុងវេទិកានេះ ដោយសម្ដេចបានស្នើឱ្យវេទិកាយកចិត្តទុកដាក់ចំណុចជាគន្លឹះមួយចំនួន ជាអាទិ៍ ការឆ្លើយតប និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការសម្រួចបន្ថែមលើគោលនយោបាយពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីបដិវត្តកម្មរដ្ឋបាលឌីជីថល ដោយប្រើប្រាស់អភិក្រម «រដ្ឋបាលទាំងមូល» និងសុខដុមនីយកម្មលើគោលនយោបាយ បទបញ្ញត្តិ ស្ដង់ដារ រវាងប្រទេសក្នុងតំបន់ ដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងសេវាឌីជីថល ក៏ដូចជាពង្រីកនូវការចែករំលែកចំណេះដឹង និងបទពិសោធ។

សម្ដេចធិបតី ក៏បានណែនាំឱ្យវេទិកានេះ ពិភាក្សាលើការកំណត់ចលករគន្លឹះ ជំរុញការកសាងមូលធនមនុស្ស ឌីជីថល និងវិធីសាស្រ្តជំរុញសន្ទុះនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ប្រជាពលរដ្ឋ និងការពង្រឹងយន្តការតំបន់ ដើម្បីឆ្លើយតបនឹងសន្តិសុខសាយប័រ និងបទល្មើសតាមបច្ចេកវិទ្យា ជាអាទិ៍ ឆបោកតាមប្រព័ន្ធអនឡាញ និងព័ត៌មានក្លែងក្លាយផងដែរ។
គួរជម្រាបថា វេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤នេះ បានរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នៅក្នុងវេទិកានេះ មានការរៀបចំកិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗពីវាគ្មិនជាតិ និងអន្តរជាតិ ពាក់ព័ន្ធទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនបច្ចេកវិទ្យា ឌីជីថល ការផ្លាស់ប្ដូរបទពិសោធ និងឧត្តមានុវត្តនៃការជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ រួមទាំងមានការតាំងពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និងដំណោះស្រាយបម្រើឱ្យរដ្ឋាភិបាលឌីជីថល ដែលមានការចូលរួមពីក្រសួងស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរជាតិ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត