ព័ត៌មានជាតិ
លទ្ធផលប្រឡងចូលក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ នឹងត្រូវប្រកាសនៅល្ងាចថ្ងៃចន្ទនេះ
ការប្រកាសលទ្ធផលបឋម នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤នេះ។ ការប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងមុខងារសាធារណៈ និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង-ស្ថាប័នសាមីទាំង ៣នោះ។


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃនេះថា ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ គឺបានបញ្ចប់ហើយ។ ដូច្នេះ ការប្រកាសលទ្ធផលបឋម នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃចន្ទនេះតែម្ដង។


ក្រសួងមុខងារសាធារណៈ បានរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង-ស្ថាប័នចំនួន ៣ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៤។ ក្រសួង-ស្ថាប័នទាំង ៣នោះ រួមមាន៖ អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងថា ចំពោះលទ្ធផលនៃការប្រឡងប្រជែង ចូលក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ គឺមានបេក្ខជនជាប់ជាស្ថាពរចំនួន ៣៣នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ១៣នាក់, ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន មានបេក្ខជនជាប់ជាស្ថាពរចំនួន ៩៩នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ១៨នាក់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេក្ខជនជាប់ជាស្ថាពរចំនួន ៥២នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ១៧នាក់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ការអនុវត្តឲ្យបានម៉ត់ចត់ ស្របទៅតាមនិយាមនេះ គឺដើម្បីធានាថា បេក្ខជន-បេក្ខនារី ដែលបានខិតខំប្រឹងប្រែង ហើយសមត្ថភាពជាគោលតែម្ដង គឺលទ្ធផលចុងក្រោយដែលយើងនឹងប្រកាសជាបឋមបន្តិចទៀតនេះ ទាំងពេញសទ្ធិ និងបម្រុង គឺវាឆ្លុះបញ្ចាំងទៅលើសមត្ថភាពរបស់គាត់ម្នាក់ៗតែម្ដង ដែលក្នុងនោះ គឺដូចដែលសម្ដេចមហាបវរធិបតី បានលើកឡើង គឺអ្នកចេះគឺជាប់ ជាប់ដោយមោទនៈ ហើយនិងធ្លាក់ដោយអស់ចិត្តតែម្ដង»។
ក្រសួងមុខងារសាធារណៈ បានទុកពេលវេលាចំនួន ១សប្ដាហ៍ ឲ្យបេក្ខជនចូលរួមប្រឡងប្រជែង អាចត្រួតពិនិត្យកិច្ចការរបស់ខ្លួនបាន ប្រសិនបើមិនអស់ចំពោះលទ្ធផល ហើយបន្ទាប់ពីរយៈពេល ១សប្ដាហ៍ គឺក្រសួង នឹងប្រកាសលទ្ធផលជាផ្លូវការតែម្ដង៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ