ព័ត៌មានជាតិ
ការវិនិយោគលើចម្ការឈើដាំ ផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់បរិស្ថាន និងធនធានធម្មជាតិ
ថ្លែងនៅក្នុងអំឡុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធ យុវជន និងប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ និងអ្នកសារព័ត៌មានសរុបប្រមាណជិត៣០០ នាក់ ទៅទស្សនកិច្ចសិក្សាស្វែងយល់ពីឧស្សាហកម្មចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកថា រាជរដ្ឋាភិបាលគាំទ្រកសិឧស្សាហកម្មចម្ការឈើដាំ ព្រោះវាបានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាននិងធនធានធម្មជាតិ។

បើតាមលោក នេត្រ ភក្ត្រា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែជំរុញឲ្យមានការវិនិយោគចម្ការ ឈើដាំឲ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។ លោកគូសបញ្ជាក់ថា សារៈប្រយោជន៍ នៃចម្ការឈើ គឺគេអាចយកផលមកប្រើប្រាស់ កែច្នៃចាប់តាំងពីគល់រហូតដល់ចុង ហើយវាក៏បានចូលរួមក្នុងការបង្កើតនូវគម្របបៃតង និងសម្រាប់ធនធានធម្មជាតិ ចម្ការឈើដាំនេះ គឺបានដើរតួនាទីយ៉ាងសំខាន់ណាស់ ដែលឈើទាំងអស់នេះ គឺនឹងជំនួសការប្រើប្រាស់ឈើធម្មជាតិ ហើយយើងខិតខំប្រឹងប្រែងនៅក្នុងការការពារ និងអភិរក្សឈើធម្មជាតិដែលមានឲ្យបានគង់វង្ស។

លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តការពារធនធានធម្មជាតិ។ ចម្ការឈើដាំ ដែលបាននិងកំពុងរីកដុះដាលនៅកម្ពុជានឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាព នៅក្នុងស្រុក ខណៈធនធានធម្មជាតិ ព្រៃឈើ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី សម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក។ លោកបន្តថា ការវិនិយោគទៅលើចម្ការឈើដាំ គឺជាផ្នែកមួយនៃការចូលរួមកាត់បន្ថយសម្ពាធទៅលើធម្មជាតិពីព្រោះបច្ចុប្បន្ននេះ នៅលើពិភពលោក និន្នា ការនៃការប្រើប្រាស់ឈើធម្មជាតិ គឺមានការធ្លាក់ចុះ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងអំពី ផលប៉ះពាល់ដែលពាក់ព័ន្ធជាមួយនិងបរិស្ថាននៅពេលដែលប្រើប្រាស់ឈើធម្មជាតិ។


លោក នេត្រ ភក្ត្រា លើកឡើងដែរថា នៅបណ្តាប្រទេសប៉ែកអឺរ៉ុប សហរដ្ឋអាមេរិក គឺគេបានកែច្នៃឈើដាំ ដែលងាយនឹងដាំ ងាយនឹងទទួលបានផល ហើយបានកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ។ ដោយឡែកប្រជាពលរដ្ឋពីមុនមក ដែលមានទំនៀមទម្លាប់ប្រើប្រាស់គ្រឿងសង្ហាររឹម មានឈើធម្មជាតិជាដើម គឺគាត់តែងតែ ប្រើឈើសង្ហាររឹមពីធម្មជាតិនេះ គឺជាបញ្ហាមួយដែលធ្វើឲ្យមានសម្ពាធទៅលើឈើធម្មជាតិ ពីព្រោះនៅពេលដែលមានតម្រូវការប្រើប្រាស់ គឺត្រូវមានការផ្គត់ផ្គង់ ដែលនេះគឺជាបញ្ហាប្រឈមដែលយើងត្រូវការទប់ស្កាត់ផងដែរ។ លោកបានបន្ថែមថា “ប្រសិនបើយើងមានអ្វីជំនួសដូចជាចម្ការឈើដាំន នោះការប្រើប្រាស់ឈើធម្មជាតិនេះ អាចនឹងត្រូវកាត់បន្ថយ ហើយឥឡូវនេះប្រជាពលរដ្ឋមួយចំនួននៅតាមទីប្រជុំជន យើងឃើញគ្រឿងសង្ហាររឹមដែលគាត់ប្រើសម្រាប់ការតុបតែងនៅការិយាល័យធ្វើការ ឬ នៅផ្ទះគាត់មួយចំនួន គឺគាត់បានប្រើប្រាស់ឈើកែច្នៃ”។


នៅក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការបានបង្ហាញការគាំទ្រ និងបានថ្លែងថា ការការវិនិយោគលើចម្ការឈើដាំពិត ជាពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយកាត់បន្ថយសម្ពាធ មកលើការប្រើប្រាស់ឈើធម្មជាតិហើយ ការបង្កើតឲ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។

ចំណែកលោក សាន សុខហៀង តំណាងរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក បានថ្លែងថា ផ្ទៃដីដែលក្រុមហ៊ុនបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលមានផ្ទៃដីសរុបទំហំ៣៤០០៧ ហិកតា ក្នុងនោះក្រុមហ៊ុន បានកាត់ផលប៉ះពាល់ ជាមួយនិងប្រជាពលរដ្ឋ នៅក្នុងសហគមន៍រួចមក គឺនៅសល់ប្រហាក់ប្រហែលជា២៥០០០ ហិកតា ។ បន្ទាប់ពីទទួល បានសិទ្ធិក្នុងការដាំដុះ ក្រុមហ៊ុនបានធ្វើសកម្មភាពយ៉ាង សកម្មដោយឈូស ឆាយផ្ទៃដី និងដាំដុះឈើ ហើយមានឈើមួយចំនួនបានធំអាចកាប់យកកែច្នៃបានផងដែរ។ លោកបន្តថា មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនដាំដុះឈើលើផ្ទៃដីសរុបជាង៥ ពាន់ហិកតាហើយ ហើយប្រភេទឈើ ដែលបានដាំនោះមានដូចជា ដើមប្រេងខ្យល់ ម៉ៃសាក់ និងគ្រញូងមួយចំនួន។

ទាក់ទងបញ្ហានេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវចម្រុះដ៏សម្បូរបែប។ ព្រៃឈើគ្របដណ្ដប់៤៦,៨៦ ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកបន្តថា អាស្រ័យដោយ សារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង តំបន់ការពារធម្មជាតិបានល្អប្រសើរ យើងបានលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិ សាស្ត្រខេត្តស្ទឹងត្រែង) ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខ័ណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុប១១,៦ លានដុល្លារអាមេរិក ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ សម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព៕
អត្ថបទ៖ កោះកែវ
សូមចុចអាន៖ ការដាំដុះបន្លែបង្ការត្រូវរូតរះដាំពីដើមដៃតាមតម្រូវការទីផ្សារទើបលក់បានចំណេញមិនខាតបង់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី