ព័ត៌មានជាតិ
តើកត្តាអ្វីខ្លះដែលនាំឱ្យមានការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង?
ការរៀបការនៅវ័យក្មេង ការរៀបការដោយបង្ខំ និងការរស់នៅជាមួយគ្នាជាប្តីប្រពន្ធវ័យក្មេង (CEFMU) នៅតែជាបញ្ហាប្រឈមមួយសម្រាប់កម្ពុជា ជាពិសេស នៅតំបន់ភូមិភាគឥឦសាន។ តើមានកត្តាអ្វីខ្លះ ដែលនាំឱ្យមានការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងបែបនេះ?

លោក ឈឹម ផាន់ណា អ្នកឯកទេសផ្នែកកិច្ចការពារកុមារ-យុវជន និងការចូលរួម បានឱ្យដឹងថា មូលហេតុឫសគល់ និងកត្តាដែលជំរុញឱ្យមានCEFMU ត្រូវបានភ្ជាប់ជាស្ថិតិជាមួយនឹងទីតាំងភូមិសាស្រ្ត សេដ្ឋកិច្ចគ្រួសារ ជាតិពិន្ធុ សាសនា ការអប់រំ (ការអប់រំរបស់ឪពុក និងម្តាយរបស់អ្នកឆ្លើយតប) ការបោះបង់ការសិក្សា ចំណេះដឹងមានកម្រិតអំពី CEFMU។ ចំណែក លទ្ធផលនៃការសម្ភាសក៏បានបង្ហាញដែរថា វិសមភាពយេនឌ័រ ការមានផ្ទៃពោះក្នុងវ័យជំទង់ និយាមសង្គម និងវប្បធម៌ ភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ចសង្គម កង្វះការអនុវត្តច្បាប់ និងគោលនយោបាយ និងអ៊ីនធឺណិត ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ជាកត្តាពាក់ព័ន្ធរបស់ CEFMU ផងដែរ។

វិសមភាពយេនឌ័រ គឺត្រូវបានកំណត់ថាជាកត្តារចនាសម្ព័ន្ធដ៏សំខាន់ដែលរួមចំណែកដល់ CEFMU នៅក្នុងខេត្តគោលដៅនៃការសិក្សា។កត្តានេះពាក់ព័ន្ធនឹងវត្តមាននៃបទដ្ឋានសង្គមដែលរើសអើង ដែលកំណត់ពីទំនួលខុសត្រូវដែលរំពឹងទុករបស់ក្មេងស្រី និងស្ត្រីនៅក្នុងផ្ទះ សហគមន៍ និងសង្គម។
ការអប់រំ និងកង្វះការយល់ដឹងអំពី CEFMU គឺលទ្ធផលនៃការសិក្សាបង្ហាញថា កម្រិតនៃការអប់រំមានទំនាក់ទំនងជាមួយ CEFMU ហើយស្ត្រីដែលមានការសិក្សាទាបអត្រានៃ CEFMU ខ្ពស់។ ចំណែកស្ត្រីដែលមានការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ មានហានិភ័យខ្ពស់ជាងស្ត្រីដែលមានការអប់រំកម្រិតវិទ្យាល័យ ឬឧត្តមសិក្សា ២,៤ដង។ រីឯស្ត្រីដែលមានការអប់រំថ្នាក់បឋមសិក្សា ឬគ្មានការអប់រំ ប្រឈមមុខនឹងហានិភ័យនៃ CEFMUខ្ពស់ខ្លាំង គឺប្រហែល ២.៨២ដង ប្រសិនបើប្រៀបធៀបទៅនឹងស្ត្រីដែលបានបញ្ចប់វិទ្យាល័យ។
ទិន្នន័យនៃការសិក្សាបានបង្ហាញថា ស្ត្រីដែលឪពុកមានការអប់រំកម្រិតមធ្យមសិក្សាមានអត្រាប្រេវ៉ាឡង់ CEFMU ខ្ពស់ជាងស្ត្រីដែលឪពុកបានរៀននៅវិទ្យាល័យ ឬកម្រិតឧត្តមសិក្សា។ ដោយឡែក ការស្រាវជ្រាវបង្ហាញថា ស្ត្រីដែលមានឪពុកបញ្ចប់ការសិក្សាបានត្រឹមតែកម្រិតបឋមសិក្សា ឬមិនមានការអប់រំ ប្រឈមមុខនឹងហានិភ័យ CEFMU ប្រហែល ០.៧២ដង ខ្ពស់ស្ត្រីដែលឪពុកបានបញ្ចប់វិទ្យាល័យ។
ការមានផ្ទៃពោះវ័យជំទង់ គឺជាកត្តាជំរុញមួយនៃ CEFMU។ ការរកឃើញនៃការសិក្សាបង្ហាញថា ក្មេងជំទង់បានរៀបការ ឬរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ដោយសារតែការមានផ្ទៃពោះដែលមិនចង់ឱ្យកើតឡើងនៅវ័យក្មេង។ នៅពេលក្មេងស្រីមានផ្ទៃពោះ ឪពុកម្តាយរបស់នាងអាចជ្រើសរើសឱ្យនាងចូលរោងការ ព្រោះការមានផ្ទៃពោះមិនទាន់រៀបការ នឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសគ្រួសារ។ ស្ត្រីវ័យជំទង់មិនមានជម្រើសច្រើនទេ ប៉ុន្តែ អាចជ្រើសរើសចូលរោងការ បន្ទាប់ពីការរកឃើញការមានផ្ទៃពោះរបស់នាង។

និយាមសង្គម និងវប្បធម៌ គឺអាពាហ៍ពិពាហ៍វ័យក្មេងភាគច្រើនត្រូវបានជះឥទ្ធិពលដោយនិយាមសង្គម និងវប្បធម៌ កត្តាទាំងនេះ បន្តមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការកំណត់អាយុនៃអាពាហ៍ពិពាហ៍សម្រាប់ក្មេងស្រី ជាពិសេស នៅតំបន់ជនបទ។ អាពាហ៍ពិពាហ៍ គឺជាពិធីមួយដែលបម្រើដល់ការតបស្នង និងគោរពចំពោះតម្លៃគ្រួសារ និងប្រពៃណី។ ទំនៀមទម្លាប់អាពាហ៍ពិពាហ៍ មានសារសំខាន់ក្នុងការកំណត់អត្តសញ្ញាណជនជាតិភាគតិច ដែលនាំឱ្យមានទំនោរក្នុងចំណោមកូនចៅក្នុងការត្រាប់តាមអាកប្បកិរិយាដែលបង្ហាញដោយឪពុកម្តាយ ជីដូនជីតា និងសមាជិកដទៃទៀតនៃសហគមន៍របស់ពួកគេ។
ការអនុវត្តនេះ បានស្តែងចេញតាមរយៈលទ្ធផលនៃការស្ទង់មតិដែលបង្ហាញថា ខេត្តរតនគិរី បង្ហាញពីអត្រារៀបការដំបូងបំផុតក្នុងចំណោមក្មេងស្រីដែលមានអាយុក្រោម ១៨ឆ្នាំ បើធៀបនឹងខេត្តផ្សេងទៀតដែលរួមបញ្ចូលក្នុងការសិក្សា៕
អត្ថបទ៖ គេន ម៉ាលិះ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល