Connect with us

ព័ត៌មានជាតិ

សមាគមឧកញ៉ា ព្រមានចាត់វិធានការច្បាប់លើឧកញ៉ាណាដែលប្រព្រឹត្តខុសច្បាប់ ធ្វើឱ្យប៉ះពាល់កិត្តិយសងារជាឧកញ៉ា

បានផុស

នៅ

សមាគមឧកញ៉ាកម្ពុជា ព្រមានចាត់វិធានការច្បាប់ចំពោះបុគ្គលមួយចំនួនដែលយកងារជាឧកញ៉ា ទៅប្រព្រឹត្តល្មើសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ឧកញ៉ាដទៃ។ សមាគមឧកញ៉ាកម្ពុជា ក៏បានស្នើឱ្យបណ្ដាញផ្សព្វផ្សាយសង្គមមួយចំនួនលុបចោលជាបន្ទាន់ផងដែរ រាល់ការចុះផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់គោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធលើបញ្ហាណាមួយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមកប្រតិកម្មបែបនេះរបស់សមាគមឧកញ៉ាកម្ពុជា គឺក្រោយសង្កេតឃើញថា ថ្មីៗនេះ មានការចុះផ្សាយព័ត៌មានមួយចំនួននៅតាមបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធនឹងរឿងរ៉ាវរបស់គោរមវន្តដែលមានងារជាឧកញ៉ា។ ក្រោយឃើញការផ្សព្វផ្សាយព័ត៌មានទាំងនេះ សមាគមឧកញ៉ាកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៤នេះ ដោយបានឆ្លើយតបថា ការផ្សព្វផ្សាយទាំងនោះហាក់មានភាពទូលំទូលាយ ដោយមិនផ្ដោតចំពោះគោរមវន្តរូបណាមួយ ដែលនាំឱ្យមានការវាយប្រហារ ឬយល់ច្រឡំខុស និងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ ព្រមទាំងកិត្តិយសគោរមវន្តផ្សេងទៀតដែលមិនបានជាប់ពាក់ព័ន្ធនៅក្នុងរឿងរ៉ាវទាំងនោះទាល់តែសោះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែលនេះ សមាគមឧកញ៉ាកម្ពុជា ស្នើដល់បុគ្គល ឬអង្គភាពព័ត៌មានធ្វើការផ្សព្វផ្សាយ ដោយចំពោះបុគ្គលដែលប្រព្រឹត្តខុស និងមិនគួរភ្ជាប់សាច់រឿងអាស្រូវទាំងនោះ ជាមួយនឹងគោរមងារឧកញ៉ាទូទៅឡើយ ពីព្រោះមានឧកញ៉ាច្រើនលើសលុប គឺជាអ្នកដែលបានខិតខំថែរក្សាការពារសេចក្តីថ្លៃថ្នូរបស់គោរមវន្ត ចូលរួមជួយដល់កិច្ចការមនុស្សធម៌ និងរួមចំណែកលើកកម្ពស់ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសស្រាក់សស្រាំ តាំងតែពីដើមរៀងមក។

សមាគមឧកញ៉ាកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់នៅកម្ពុជា និងការពារផលប្រយោជន៍ស្របច្បាប់ និងកិត្តិយសរបស់ឧកញ៉ា ជាសមាជិក និងមានគោលបំណង ទស្សនវិស័យ និងបេសកកម្មច្បាស់លាស់។

តែយ៉ាងណា សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា​ ខ្លួនកំពុងសិក្សាពីលទ្ធភាពក្នុងការចាត់វិធានការផ្លូវច្បាប់លើបុគ្គលមួយចំនួនដែលយកងារជាឧកញ៉ា ទៅប្រព្រឹត្តខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គោរមវន្តឧកញ៉ាដទៃ។ ដូច្នេះ សមាគមឧកញ៉ាកម្ពុជា សូមស្នើឱ្យម្ចាស់គណនីទាំងនោះលុបចោលជាបន្ទាន់ការចុះផ្សាយព័ត៌មាននោះ និងបញ្ឈប់ការចែករំលែកបន្តនូវព័ត៌មានទាំងនោះ។

សមាគមឧកញ៉ាកម្ពុជា ក៏បានបង្ហាញការស្វាគមន៍ និងលើកទឹកចិត្តរាល់ការចុះផ្សាយព័ត៌មានទាក់ទងនឹងគោរមវន្ត ប៉ុន្តែចុះផ្សាយតែព័ត៌មានណាដែលពិតប្រាកដ ត្រឹមត្រូវ ដោយចំពោះ និងប្រកបដោយសុចរិតភាព ជាពិសេសត្រូវគោរព និងប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសារព័ត៌មាន និងឯកជនភាពបុគ្គល ដោយមិនត្រូវយករឿងបុគ្គលម្នាក់ ទៅវាយតម្លៃធ្វើឱ្យប៉ះពាល់ដល់ស្ថាប័នទាំងមូលឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម